ក្រុង​ហ្សឺណែវ៖ ​ទីភ្នាក់ងារ​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​ជំងឺ​កូវីដ ​១៩​ នឹង​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​​ឡើង​ពី​​​អ្វី​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ ជា​​ការ​បំបែក​ឯតទគ្គកម្ម​នៅ​ក្នុង​​រដូវ​ក្តៅ​នៃ​​អឌ្ឍគោល​ខាង​ជើង​។​

អង្គការ​ឧត្តុនិយម​វិទ្យា​ពិភព​លោក​ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទាំង​អស់​នៅ​ក្នុង​​ពិភព​លោក​ បង្កើត​គម្រោង​នានា​ ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាជន​របស់​ខ្លួន​​នៅ​ក្នុង​ អំឡុង​ពេល​មាន​រលក​កម្តៅ​​ ដោយ​មិន​ឲ្យ​មាន​​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​​ថ្មី​ដ៏​​ចម្លែក​នេះ​។​

អ្នក​នាំពាក្យ​អង្គការ​ឧតុនិយមវិទ្យា​ពិភព​លោក ​(WMO)​ គឺ​លោកស្រី ក្លែរ ណូលលីស​ ខេប​ បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា​ នៅ​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ជា​​​កំណត់ត្រា​​​នៃ​​រដូវ​ក្តៅ​មួយ​ទៀត​ នៅ​ក្នុង​អឌ្ឍគោល​ភាគ​ខាង​ជើង​»​។​

«បច្ចុប្បន្ន​នេះ ​យើង ​កំពុង​ជួប​ប្រទះ​រលក​កម្តៅ​មួយ​ នៅ​ក្នុង​ចំណោម​រលក​កម្តៅ​ក្តៅ​ខ្លាំង​​បំផុត​អស់​ជា​ច្រើន​ឆ្នាំ​ ត្រូវ​បាន​ធ្វើ​កំណត់ត្រា​​។​

«ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ បាន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព​ ដោយសារ​អាកាសធាតុ​ក្តៅ​ សម្រាប់​មនុស្ស​ជា​ច្រើន​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​វា​បាន​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ការងារ​គ្រប់គ្រង​ជំងឺ​​រាត​ត្បាត​នេះ​​»​។​

ទីភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ថ្ងៃ​អង្គារ ​បាន​ចូល​រួម​ជាមួយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដើម្បី​អំពាវ​នាវ​ឲ្យ​ត្រៀម​រៀបចំ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​បន្ថែម​ទៀត​ ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាជន​របស់​ខ្លួន​នៅ​ក្នុង​អាកាសធាតុ​ក្តៅ​ ក្នុង​ការ​គ្រប់គ្រង​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ ​១៩​។​

លោក​ អង់​តូ​នី​ញ៉ូ​ ហ្គុយ​តឺរេស ធ្វើ​សន្និសី​ទ​សារ​ព័​ត៌មាន​មួយ​​ នៅ​ទីស្នាក់​ការ​ UN។ AFP

លោកស្រី ​ណូលលីស​ ខេប ​បាន​ថ្លែង​ថា ​ព័ត៌មាន​បន្ត​បន្ទាប់​ដែល​បាន​គ្រប​ដណ្តប់​ប្រធានបទ​ជា​ច្រើន​ ដូចជា​ការ​បញ្ចូល​ខ្យល់​ក្រុម​មនុស្ស​ដែល​រង​ការ​ឈឺ​ចាប់​ និង​សម្ភារ​ការពារ​របស់​បុគ្គលិក​ ត្រូវ​បាន​កំពុង​ប្រើប្រាស់ ​«ដើម្បី​ប្រកាស​អាសន្ន​ដល់​ក្រុម​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ ក្នុង​ការ​ព្យាយាម​ជួយ​ពួក​គេ​រៀបចំ​ប្រយុទ្ធ​ប្រឆាំង​រលក​កម្តៅ​ និង​ជំងឺ​កូវីដ ​១៩​»​។​

នៅ​តាម​កន្លែង​ខ្លះ​ អ្វី​ក្លាយ​ជា​យោបល់​ល្អ​ នៅ​អំឡុង​ពេល​មាន​រលក​កម្តៅ ដូច​ជា​ការ​ធ្វើ​ដំណើរ​ទៅ​កន្លែង​សាធារណៈ​​មាន​ម៉ាស៊ីន​ត្រជាក់​ និង​កន្លែង​ណែ​នាំ​អំពី​សុខភាព​សាធារណៈ ដោយសារ​វិបត្តិ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ជា​ដើម​។​

បច្ចុប្បន្ន​នេះ ប្រទេស​ឥណ្ឌា​ កំពុង​ជួប​ប្រទះ​រលក​កម្តៅ​សកល​មួយ​ ដោយ​មាន​សីតុណ្ហភាព​កើន​ឡើង​ដល់ ​៤៧,៥ ​អង្សា​ នៅ​ក្នុង​ទីក្រុង​ឈូរូ​នៅ​រដ្ឋរ៉ាចាសថាន់​ភាគ​ពាយព្យ​។​

លោកស្រី​ ក្លែរ ណូលលីស​ ខេប បាន​ថ្លែង​ថា​៖ «​ប្រទេស​ឥណ្ឌា ​កំពុង​ជួប​ប្រទះ​រលក​កម្តៅ​ ហើយ​ស្រប​ពេល​នេះ​ដែរ ​ប្រទេស​ឥណ្ឌា ​កំពុង​បន្ធូរបន្ថយ​វិធានការ​បិទ​ប្រទេស​មិន​ឲ្យ​ធ្វើ​ដំណើរ​ចេញ​ចូល​»​។​

ឥឡូវ​នេះ​​ ប្រទេស​ឥណ្ឌា ​មាន​ចំនួន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ខ្ពស់​បំផុត​ទី​១០ ​នៅ​ក្នុង​សកល​លោក​ ដោយ​អ្នក​ឆ្លង​កើន​ឡើង​ដល់​ជាង ​១៥ ​ម៊ឺន​នាក់ ​កាល​ពី​ថ្ងៃ​ពុធ ​និង​​ស្លាប់​ជិត ​៤ ៥០០ ​នាក់​។

លោកស្រី ​ក្លែរ ណូល​លីស​ ខេប បាន​ថ្លែង​ថា៖ ​«​រលក​កម្តៅ​ កើត​ឡើង​ជា​រឿយៗ ​ហើយ​កាន់​តែ​ខ្លាំង​ឡើង​ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។ រលក​កម្តៅ​នេះ ​កំពុង​បង្កើន​ការ​ប៉ះពាល់​​យ៉ាង​ខ្លាំង​ដល់​សុខភាព​មនុស្ស​ និង​ប្រព័ន្ធ​សុខភាព​របស់​មនុស្ស​»៕ AFP/SK