បុរី​ញូវយ៉កៈ របាយការណ៍​របស់​​​អង្គការ​​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អង្គការ​សហប្រជាជាតិ​ បាន​ជួប​ប្រទះ ​«​ការ​បរាជ័យ​ជា​ប្រព័ន្ធ​» ​នៅ​ក្នុង​ការ​ដោះស្រាយ​ស្ថានការណ៍​នៅ​ក្នុង​ប្រទេស ​មីយ៉ាន់ម៉ា​ ដែល​បាន​កើត​ឡើង​កាល​ពី​ឆ្នាំ ​២០១៧​ មាន​ក្រុម​ជន​រ៉ូហ៊ីងយ៉ា​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ ​បាន​រត់​ភៀស​ខ្លួន​ទៅ​បង់ក្លាដែស​។​

ការ​រក​ឃើញ​នោះ​ បាន​កើត​ឡើង​ក្រោយ​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ​Antonio​ Guterres ​កាល​ពី​ខែ​កុម្ភៈ​ បាន​បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​មើល​កិច្ច​ការ​ផ្ទៃក្នុង​នៃ​ប្រតិបត្តិការ​របស់​អង្គការ​​ពិភព​លោក​នេះ នៅ​ប្រទេស ​មីយ៉ាន់ម៉ា​ ក្រោយ​ពី​ក្រុម​មន្ត្រី​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​នោះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មិន​យក​ចិត្ត​ទុក​ដាក់​អំពី​សញ្ញា​ព្រមាន​នៃ​ការ​វាយ​ប្រហារ​នានា​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា​ ដែល​ជា​ជន​មូស្លីម​ភាគ​តិច​នោះ​។​

បច្ចុប្បន្ន ​ជន​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៤ ម៉ឺន​នាក់ ​កំពុង​រស់នៅ​ក្នុង​ជំរំ​នៅ​បង់ក្លាដែស​ ក្រោយ​ពី​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​ជើង​ប្រទេស ​មីយ៉ាន់ម៉ា​ នៅ​អំឡុង​យុទ្ធនាការ​បង្ក្រាប​យោធា​កាល​ពី​ឆ្នាំ ​២០១៧​ អង្គការ​សហប្រជាជាតិ ​បាន​ពិពណ៌នា​ថា​ ជា​យុទ្ធនាការ​បោស​សម្អាត​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ទាំង​នោះ​។​

របាយការណ៍​នោះ​​និយាយ​ថា ​ខណៈ​មាន​ការ​លំបាក​ក្នុង​ការ​កំណត់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខកខាន​ជា​ប្រព័ន្ធ​នោះ​មាន​ការ​ទទួល​ខុស​ត្រូវ​រួម​ទៅ​លើ​ផ្នែក​នៃ​​គ្រប់​ភាគី​ដែល​ពាក់ព័ន្ធ​ មិនមែន​​​​​​​គ្រាន់​តែ​ពាំនាំ​កង្វល់​របស់​អង្គការ​សហប្រជាជាតិ​ ដែល​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​​នោះ​ទេ​។

ការ​រិះគន់​ខ្លះ​របស់​អង្គការ​សហប្រជាជាតិ ​បាន​ផ្តោត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ថា ​អតីត​អ្នក​សម្របសម្រួល​នៅ​ក្នុង​ស្រុក​លោក Renata Lok-Dessallien ​បាន​និយាយ​សម្រាល​អំពី​ស្ថានភាព​​នៃ​ការ​ធ្វើ​បាប​ជន​រ៉ូហ៊ីងយ៉ា​​យ៉ាង​ធ្ងន់ធ្ងរ​នោះ​៕​ AFP/SK