បុរីញូវយ៉ក៖ លោកអគ្គលេខាធិការ UN អង់តូនីញ៉ូ ហ្គុយតឺរេស កាលពីថ្ងៃពុធបានលើកឡើងពីតម្រូវការការងារសមរម្យ ដើម្បីជួយការស្តារឡើងវិញ ក្រោយពីជំងឺកូវីដ ១៩ រាតត្បាត។
នៅក្នុងសារតាមវីដេអូមួយ លោកអគ្គលេខាធិការបានថ្លែងប្រាប់ក្រុមប្រមុខរដ្ឋ និងរដ្ឋាភិបាល និងអ្នកដទៃទៀត ដែលចូលរួមជំនួបជាក់ស្តែងមួយ ដែលពួកគេមានសារៈសំខាន់ណាស់ចំពោះកិច្ចប្រឹងប្រែងសកល ដើម្បីធ្វើឲ្យល្អប្រសើរឡើង ក្រោយពីការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «រួបរួមគ្នា ទើបយើងអាចងើបចេញផុតពីវិបត្តិដ៏ធ្ងន់ធ្ងរនេះ ដោយមានការងារសមរម្យមានការរីកចម្រើនស្មើគ្នា និងមានអនាគតភ្លឺស្វាងទាំងអស់គ្នា»។
ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ៥០ រួមជាមួយមេដឹកនាំនិយោជក និងសហជីពសកលជាច្រើនរូបទៀត បានចូលរួមកិច្ចពិភាក្សាពីចម្ងាយកាលពីថ្ងៃពុធ ដោយសម្លឹងមើលការប៉ះពាល់ពីជំងឺកូវីដ ១៩ ទៅលើពិភពការងារ។
ជំនួបនេះ គឺជាផ្នែកនៃព្រឹត្តិការណ៍ ៥ ថ្ងៃ ត្រូវបានរៀបចំនៅក្នុងខែនេះដោយអង្គការពលកម្មអន្តរជាតិ (ILO) ដើម្បីតាមដានបញ្ហានានា ដែលរួមមានការប្រឈមនឹងផលប៉ះពាល់ទៅលើសេដ្ឋកិច្ច និងសង្គមពីវិបត្តិនេះ។
យោងតាមទិន្នន័យពីអង្គការ ILO បានឲ្យដឹងថា ជំងឺកូវីដ ១៩ បានបង្ហាញឲ្យកម្មករ និងអាជីវកម្មរាប់លានងាយរងប៉ះពាល់នៅទូទាំងពិភពលោក។ វាបាននាំឲ្យធ្លាក់ចុះម៉ោងការងារ ១៤ ភាគរយនៅក្នុងអំឡុងត្រីមាសទី២ នៃឆ្នាំនេះ ស្មើនឹងការបាត់បង់ការងារពេញម៉ោងចំនួន ៤០០ លានការងារ។
លើសពីនេះទៅទៀតនោះ ភាគច្រើននៃកម្មករនៅក្នុងពិភពលោក គឺ ៩៣ ភាគរយបន្តរស់នៅក្នុងប្រទេស ដែលបានអនុវត្តទម្រង់ខ្លះនៃការបិទកន្លែងការងារ។
គិតត្រឹមថ្ងៃពុធ WHO បានរាយការណ៍ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ជាង ១១,៦ លាននាក់ និងស្លាប់ជិត ៥៤ ម៊ឺននាក់នៅក្នុងពិភពលោក។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា ខណៈប្រទេសខ្លះកំពុងឈានចូលដល់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដ៏អាក្រក់ជាច្រើនថ្ងៃនោះ ប្រទេសដទៃទៀតកំពុងប្រឹងប្រែងបើកសេដ្ឋកិច្ចឡើងវិញស្របពេលមានការគំរាមកំហែងអំពីការកើនឡើងករណីឆ្លងជាថ្មីទៀត។
លោកបានថ្លែងបន្ថែមថា៖ «ប៉ុន្តែសូមបញ្ជាក់ឲ្យច្បាស់ថា វាមិនមែនជាជម្រើសមួយរវាងសុខភាព ឬការងារ និងសេដ្ឋកិច្ចទេ»។ «ពួកគេផ្សារភ្ជាប់គ្នា។ យើងនឹងទទួលបានជោគជ័យលើការងារដែលកំពុងប្រឈមនេះ ហើយក៏អាចបរាជ័យដែរ»។
លោកបានបង្ហាញពីសារៈសំខាន់នៃសាមគ្គីភាពសកល ខណៈគ្មានប្រទេសណា ១ អាចដោះស្រាយវិបត្តិនេះ តែម្នាក់ឯងបាននោះទេ៕ Xinhua/PSA