បុរី​ញូវយ៉ក៖ ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក ​អង់តូនីញ៉ូ​ ហ្គុយតឺរេស​ កាល​ពី​ថ្ងៃ​ចន្ទ​បាន​ថ្លែង​ដោយ​បាន​សរសើរ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​​ចិន​​ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​ ហើយ​បាន​ជឿជាក់​ទាំង​ស្រុង​ទៅ​លើ​សមត្ថភាព​របស់​ប្រទេស ​ចិន​ ដែល​បាន​គ្រប់គ្រង​ការ​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​នៅ​ក្នុង​ទីក្រុង​វូហាន​។​

នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​លោក​ជាមួយ​តំណាង​អចិន្រៃ្តយ៍​របស់​ចិន​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លោក​ ហ្សាង​ ចុន​ ជា​ប្រធាន​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា ​ចំពោះ​ពេល​វេលា​ដ៏​មាន​សារៈសំខាន់​នេះ​ អង្គការ​សហប្រជាជាតិ​បាន​សហការ​ជាមួយ​រដ្ឋាភិបាល ​និង​ប្រជាជន​ចិន​។​

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ​ លោក​ ហ្សាង​ ចុន ​បាន​ថ្លែង​ថា​ ការ​ផ្ទុះ​ឡើង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ ក្រុម​សេនានុព័ន្ធ​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ចិន បាន​ទប់ស្កាត់ ​និង​គ្រប់គ្រង​ការ​​រាលដាល​ជំងឺ​ឆ្លង​ផ្លូវ​ដង្ហើម​ ហើយ​ប្រធានាធិបតី​ចិន​លោក ​ស៊ី ​ជីនភីង​ បាន​ផ្តល់​ការ​ណែនាំ​យ៉ាង​មាន​សារៈសំខាន់​ ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​ទីក្រុង​វូហាន​។​

លោក​បាន​បន្ថែម​ថា​ ដោយ​មាន​ការ​ចាប់​អារម្មណ៍​ពី​ប្រជាជន​ចិន​ដំបូង​ ប្រទេស ​ចិន​ បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស ​និង​ខ្លាំង​ក្លា​ ដោយ​មាន​ការ​ទប់ស្កាត់​ និង​យន្តការ​គ្រប់គ្រង​នៅ​ទូទាំង​ប្រទេស​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។​

ប្រេសិត​ពិសេស​របស់​ប្រទេស ​ចិន ​បាន​ថ្លែង​ថា​ ប្រទេស ​ចិន​ បាន​កំពុង​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​ស្មារតី​បើក​ចំហ តម្លាភាព​ និង​ការ​សម្របសម្រួល​តាម​បែប​វិទ្យាសាស្ត្រ​។ ​

ដោយ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ដ៏​អស្ចារ្យ​មួយ​ ប្រទេស ​ចិន ​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រីក​រាលដាល​ជំងឺ​ផ្លូវ​ដង្ហើម​នេះ៕ Xinhua/SK