ក្រុង​បាកដាដ៖ ​តំណាង​​ពិសេស​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោកស្រី​ ជីនីន​ ហីននីស-ផ្លាសស្កាអ៊ីត ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អ៊ីរ៉ាក់​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ថ្មី​ឡើង​វិញ​។​ លោកស្រី​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​របស់​លោកស្រី​ អំពី​អំពើ​ហិង្សា​នៅ​ក្នុង​ការ​បន្ត​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ ជុំវិញ​អំពើ​ពុក​រលួយ ​ការ​គ្មាន​ការងារ​ធ្វើ​ និង​សេវា​សាធារណៈ​មិន​បាន​ល្អ​នៅ​អ៊ីរ៉ាក់​។​

លោកស្រី​ ជីនីន​ ហីននីស​-ផ្លាសស្កាអ៊ីត ​ដែល​ជា​ប្រមុខ​បេសកកម្ម​ជំនួយ​ការ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អ៊ីរ៉ាក់ ​(UNAMI) បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «រយៈ​ពេល ​២ ​ខែ​ ក្រោយ​ពី​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក​ អាឌែល​ អាប់ឌុលម៉ាហ៍ឌី​ បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​ ហើយ​ក្រុម​មេ​ដឹកនាំ​នយោបាយ​នៅ​តែ​មិន​អាច​ឯកភាព​គ្នា​ឲ្យ​មាន​ការ​រីក​ចម្រើន ​និង​ទទួល​បាន​ជោគជ័យ​នៅ​ឡើយ​។​បច្ចុប្បន្ន​វា​ដល់​ពេល​ត្រូវ​ពន្យល់​ដល់​​ពួក​គេ​ ដើម្បី​បញ្ចៀស​មិន​ឲ្យ​មាន​ការ​តវ៉ា​ទាំង​នេះ​បន្ថែម​ទៀត​ តាមរយៈ​ការ​ដោះស្រាយ​ទៅ​តាម​ការ​ចង់​បាន​​របស់​ពួក​គេ​ទាំង​​នោះ​​»​។​

យោង​តាម​សេចក្តី​ថ្លែងការណ៍​បាន​ឲ្យ​ដឹង​ថា ​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អ៊ីរ៉ាក់​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​អ៊ីរ៉ាក់​ត្រូវ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ដើម្បី​ការ​ពារការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ លោកស្រី​បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នក​តវ៉ា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ ដោយ​បញ្ចៀស​ហិង្សា​ និង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​។​

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ធ្វើ​ឡើង ​នៅ​ចំ​ពេល​មាន​ភាព​តានតឹង​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​កាន់​តែ​ខ្លាំង​ឡើង​ ខណៈ​ក្រុម​បាតុករ​រាប់​រយ​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​អស់​រយៈពេល​ជាង ​៣ ខែ​ នៅ​ក្នុង​ទីក្រុង​បាកដាដ​។​

លោកស្រី​ ជីនីន ហីននីស-ផ្លាសស្កាអុីត ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅ​ទី​ក្រុ​ង​ណាចាហ្វ។ AFP

មន្ត្រី​បាន​ថ្លែង​ថា​ កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​បាន​រឹត​បន្តឹង​សន្តិសុខ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​បាតុករ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ នៅ​ក្នុង​ទីក្រុង​បាកដាដ​។​

នៅ​ក្នុង​ការ​តវ៉ា​កាន់​តែ​ខ្លាំង​ឡើង​ចុង​ក្រោយ​បំផុត ​បាន​ចាប់​ផ្តើម​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅ​មុន​បញ្ចប់​ឱសានវាទ ​១ ​សប្តាហ៍​ ដែល​បាន​ដាក់​កំហិត​ដោយ​ក្រុម​បាតុករ​កាល​ពី​ពេល​កន្លង​ទៅ​ ដើម្បី​ឲ្យ​ក្រុម​អ្នក​នយោបាយ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ឡើង​វិញ​។​

កាល​ពី​ថ្ងៃទី ​១៣​ ខែ​មករា​ ក្រុម​បាតុករ​នៅ​ក្នុង​ទីក្រុង​ណាស្រ៊ីយ៉ាហ៍​ ​និង​នៅ​តាម​បណ្តា​ទីក្រុង​អ៊ីរ៉ាក់​ផ្សេង​ទៀត​បាន​ប្រកាស​ដាក់​ឱសានវាទ​រយៈពេល ​១ ​សប្តាហ៍​ ដើម្បី​ឲ្យ​ក្រុម​អ្នក​នយោបាយ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ ដើម្បី​ជំនួស​ឲ្យ​រដ្ឋាភិបាល​នាយក​រដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​ លោក​ អាឌែល​ អាប់ឌុល​ ម៉ាហ៍ឌី​ ម៉្យាង​វិញ​ទៀត ​ក្រុម​អ្នក​តវ៉ា​អាច​នឹង​បិទ​ផ្លូវ​សំខាន់​មួយ​ចំនួន​ទាំង​ស្រុង​នៅ​ទូទាំង​ប្រទេស ​អ៊ីរ៉ាក់ ​និង​បិទ​ស្ថាប័ន​រដ្ឋាភិបាល​ខ្លះ​ថែម​ទៀត​ផង​។ ​ ​

ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​ បាន​បន្ត​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​បាកដាដ​ និង​នៅ​តាម​បណ្តា​ទីក្រុង​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​ភូមិ​ភាគ​កណ្តាល​ និង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស ​អ៊ីរ៉ាក់​ ចាប់​តាំង​ពី​ដើម​ខែ​តុលា​ ដោយ​បាន​ទាមទារ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ទូលំទូលាយ​ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​ សេវា​សាធារណៈ​បាន​ល្អ​ប្រសើរ​ឡើង​វិញ​ និង​បង្កើន​ឱកាស​ការងារ៕ Xinhua/SK

ក្រុម​​អ្នកតវ៉ា​អុី​រ៉ាក់​ និង​អ្នក​បើកបរ​​ម៉ូតូ​កង់៣​​ ប្រមូល​ផ្តុំ​គ្នា​ ចំពេលមានការ​​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ប៉ូលិស​បង្ក្រាបកុបកម្ម​។ AFP