ក្រុង​ហ្សឺណែវ៖ ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​​សុំ​ជំនួយ​មនុស្ស​ធម៌​ជិត ​២៩ ​ពាន់​លាន​ដុល្លារ ​កាល​ពី​ថ្ងៃ​ពុធ​ ខណៈ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ជម្លោះ​អូស​បន្លាយ​ពេល​កាន់​តែ​យូរ​ បាន​ធ្វើ​ឲ្យ​មនុស្ស​​​រាប់​លាន​នាក់​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​។​

ក្រុម​អ្នក​ត្រួត​ពិនិត្យ​ជំនួយ​មនុស្ស​ធម៌​សកល​របស់​អង្គការ​ពិភព​លោក​នេះ​បាន​វាយ​តម្លៃ​ថា ​មនុស្ស​ចំនួន ​១៦៨ ​លាន​នាក់ ​នៅ​ទូទាំង​សកល​លោក​ នឹង​ត្រូវ​ការ​បង្កើត​ជំនួយ​​ជា​បន្ទាន់​នៅ​ក្នុង​ឆ្នាំ ​២០២០​ នៅ​ក្នុង​នោះ​មាន​ស្បៀង​អាហារ​ ទី​ជម្រក​ និង​ការ​ថែទាំ​សុខភាព​ជា​ដើម​។​

អ្នក​សម្របសម្រួល​ជំនួយ​បន្ទាន់​របស់​អង្គការ​សហប្រជាជាតិ​លោក ម៉ាក​ ឡូវ​​កុក​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ តួ​លេខ​នោះ​ ​គឺ​ជា ​«កំណត់ត្រា​នៅ​ក្នុង​យុគសម័យ​ទំនើប​»​ ​ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លោក​កំពុង​និយាយ​សំដៅ​ទៅ​លើ​​​រយៈពេល​​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី ​២ មក​​។​

លោក​ ឡូវ​កុ​ក​ បាន​ថ្លែង​ថា​ តម្រូវ​ការ​ទាំង​នោះ ​បាន​បន្ត​កើន​ឡើង​​មួយ​ផ្នែក​ ដោយសារ ​«​ជម្លោះ​កំពុង​កើត​ឡើង​​កាន់​តែ​ខ្លាំង​ឡើង​ និង​​អូស​បន្លាយ​ពេល​យូរ​កាន់​តែ​យូរ​។

​អ្នកសម្រប​សម្រួលជំនួយបន្ទា​ន់ UNលោក ម៉ាក ​ឡូវកុក​ (ឆ្វេង​) ចូល​រួម​សន្និ​សីទ​សារ​ព័ត៌មាន​​នៅក្រុង​ហ្សឺ​ណែវ​។ AFP

លោក​បាន​ថ្លែង​ថា​៖ «​ការ​ប្រយុទ្ធ​គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ការ​មិន​គោរព​ច្បាប់​មនុស្ស​ធម៌​ទាំង​ស្រុង​»​ ដោយ​ហេតុផល​ថា​ ក្រុម​ជន​ស៊ីវិល​បាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​កាន់​តែ​ខ្លាំង​​ឡើង​ ហើយ​ទំនង​ជា​ធ្វើ​ឲ្យ​ពួក​គេ​​អ្នក​រត់​ភៀស​ខ្លួន​ ឬ​ធ្វើ​ឲ្យ​បាត់បង់​អារម្មណ៍​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​បាន​បន្ថែម​ថា​ ចំនួន​វាយ​ប្រហារ​ទៅ​លើ​សាលា​រៀន ​និង​មន្ទីរ​ពេទ្យ​នៅ​បន្ត​កើន​ឡើង​។​

លោក​បាន​ថ្លែង​ថា ​បន្ថែម​​លើ​​​​ជម្លោះ​នេះ​ ការ​ប្រែប្រួល​អាកាសធាតុ​បាន​បង្ក​ឲ្យ​មាន​ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏​អាក្រក់​បំផុត​ ជា​ពិសេស​ធ្វើ​ឲ្យ​មាន​គ្រោះ​រាំង​ស្ងួត​ និង​ទឹក​ជំនន់​ ដែល​ត្រូវ​ការ​ជំនួយ​មនុស្ស​ធម៌​ជា​បន្ទាន់​។​

លោក ​ឡូវកុក​បាន​ថ្លែង​ថា​៖ «​ការ​ជឿជាក់​យ៉ាង​មុតមាំ ​គឺ​ថា​នៅ​ឆ្នាំ ​២០២០ ​នឹង​ផ្តល់​ការ​លំបាក​ដល់​មនុស្ស​រាប់​លាន​នាក់​»​។​

មនុស្ស​ចំនួន ​១៦៨ ​លាន​នាក់ ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ត្រូវ​ការ​ជំនួយ​នៅ​ឆ្នាំ​ ២០២០​ ទឹក​ប្រាក់ ​២៨,៨ ពាន់​លាន​ដុល្លារ​ ដែល​អង្គការ​សហប្រជាជាតិ​ដាក់​គោលដៅ​ទៅ​លើ​មនុស្ស​​ ​១០៩ ​លាន​​នាក់​​ ដែល​ភាគ​ច្រើន​ត្រូវ​ការ​ជំនួយ ​ហើយ​​​​​ទីភ្នាក់ងារ​នេះ​​ ​​ក៏​​ត្រូវ​ជួយ​ពួក​គេ​ដែរ។ ​

កូន​សិ​ស្ស​​ចូល​រៀន​​ថ្នាក់​​នៅ​ក្រ​ោម​ដើ​ម​ឈើ​ ​នៅក្នុង​​ភូមិ​មួយ​​​នៅប្រទេស​​​​ភាគនិរតី​​​​។ AFP

អង្គការ​សហប្រជាជាតិ​កំពុង​ស្វះស្វែង​រក​ជំនួយ​ជាង ​៣ ​ពាន់​លាន​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្ស​ធម៌​នៅ​​ក្នុង​ប្រទេស ​យេម៉ែន និង​ស៊ីរី ​ជា​ប្រទេស​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ច្រើន​បំផុត​។

ប្រទេស ​វ៉េណេស៊ុយអេឡា ​ជា​ទី​ដែល​តម្រូវ​ការ​កើន​ឡើង​ច្រើន​បំផុត​កាល​ពី​ឆ្នាំ ​២០១៨​។

អង្គការ​សហប្រជាជាតិ​បាន​ស្វះស្វែង​រក​ជិត​ ៧៤០ ​លាន​ដុល្លារ ​សម្រាប់​ឆ្លើយ​តប​ក្នុង​តំបន់​ចំពោះ​វិបត្តិ​វ៉េណេស៊ុយអេឡា​ក្នុង​ឆ្នាំ ​២០១៩ ​ប៉ុន្តែ​ដោយសារ​តែ​វិបត្តិ​សេដ្ឋកិច្ច ​និង​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ ​កាន់​តែ​កើន​ឡើង​ខ្លាំង​ដែរ​ តួ​លេខ​នោះ​ក៏​បាន​កើន​ឡើង​រហូត​ដល់ ​១,៣៥ ​ពាន់​លាន​ដុល្លារ​៕ AFP/SK ​