ក្រុង​ហ្ស៊ឺណែវ៖ អង្គការ​សិទ្ធិ​មនុស្ស​កំពូល​របស់ ​UN ​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ព្រមព្រៀង​តាម​សំណើ​មួយ​ពី​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ ដើម្បី​រៀបចំ​កិច្ច​ពិភាក្សា​​ដេញ​ដោល​ជា​បន្ទាន់​មួយ​អំពី​ការ​រើស​អើង​ពូជ​សាសន៍ ​និង​អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ប៉ូលិស​នៅ​សប្តាហ៍​នេះ​ បន្ទាប់​ពី​មាន​​ចលាចល​នៅ​អាមេរិក ​និង​ហួស​ពី​ប្រទេស​នេះ​ជុំវិញ​ការ​ស្លាប់​របស់​លោក​ George Floyd។

ខណៈ​កិច្ច​ប្រជុំ​លើក​ទី ៤៣​ នៃ​ក្រុម​បឹ្រក្សា​សិទ្ធិ​មនុស្ស ​UN​ បាន​បន្ត​ក្រោយ​ពី​ផ្អាក​កាល​ពី​ខែ​មីនា ​ដោយ​សារ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩​ ប្រធាន​ក្រុម​ប្រឹក្សា​នេះ​​ លោកស្រី​ Elisabeth Tichy-Fisslberger​ បាន​ស្នើ​សុំ​ធ្វើ​កិច្ច​ពិភាក្សា​ដេញ​ដោល​ នៅ​ម៉ោង ៣ ​រសៀល​ថ្ងៃ​ពុធ​នេះ​​។

លោកស្រី​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​​អាច​នឹង​ឃើញ​គ្មាន​ការ​ជំទាស់​។​ ដូច្នេះ​កិច្ច​ពិភាក្សា​នេះ​ត្រូវ​តែ​សម្រេច»។

នេះ ​គឺ​ជា​លើក​ទី៥ ​ហើយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​១៤ ​ឆ្នាំ ​របស់​ក្រុម​ប្រឹក្សា​នេះ ​ដែល​ខ្លួន​បាន​ព្រមព្រៀង​រៀបចំ​ការ​កិច្ច​ពិភាក្សា​​ដេញ​ដោល​ជា​បន្ទាន់​មួយ ​ដែល​ជា​កិច្ច​ពិភាក្សា​ពិសេស​ត្រូវ​បាន​ព្រមព្រៀង​នៅ​ក្នុង​កិច្ច​ប្រជុំ​ធម្មតា​របស់​ក្រុម​ប្រឹក្សា​នេះ​។

ឯកអគ្គ​រដ្ឋទូត​បួគីណា​ហ្វាសូ​ ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ក្រុង​ហ្ស៊ឺណែវ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ​បាន​ផ្ញើ​លិខិត ​១ ច្បាប់​ជូន​លោក​ស្រី​ Tichy-Fisslberger តំណាង​ឲ្យ​ប្រទេស​ចំនួន ​៥៤ ​នៅ​អាហ្រ្វិក​​ ដោយ​បាន​អំពាវនាវ​សុំ​ឲ្យ​មាន​​កិច្ច​ពិភាក្សា​ដេញ​ដោល​បន្ទាន់​មួយ​អំពី​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ អំពើ​សាហាវ​ព្រៃផ្សៃ​របស់​ប៉ូលិស​ប្រឆាំង​ប្រជាជន​អាហ្រ្វិក​ ​និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​ការ​តវ៉ា​ដោយ​សន្តិវិធី​ និង​​អំពាវនាវ​ឲ្យ​​អំពើ​អយុត្តិធម៌​ទាំង​នេះ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​។

ការ​អំពាវនាវ​នេះ ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​គ្រួសារ​របស់​លោក​ Floyd​ រួម​ជាមួយ​ក្រុម​គ្រួសាររង​គ្រោះ​នៃ​អំពើ​ហិង្សា​របស់​ប៉ូលិស​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​ ៦០០ ​​នៅ​ក្នុង​សប្តាហ៍​នេះ បាន​អំពាវនាវ​ឲ្យ​ក្រុម​ប្រឹក្សា​នេះ​ដោះ​ស្រាយ​ការ​រើសអើង​ជា​ប្រព័ន្ធ​ និង​ភាព​គ្មាន​ទោស​ទណ្ឌ​របស់​ប៉ូលិស​នៅ​អាមេរិក៕ AFP/PSA