ក្រុងវ៉ាស៊ីនតោនៈ លោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃក៍ ប៉ុមប៉េអូ កាលពីថ្ងៃអាទិត្យ បានថ្លែងថា ប្រទេសរបស់លោកកំពុង «ចាត់វិធានការ» ដែលចាំបាច់ ដើម្បីត្រៀមទប់ទល់ការគំរាមកំហែងណាមួយពីកូរ៉េខាងជើង។
លោក ប៉ុមប៉េអូ បានថ្លែងនៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន Fox News ថា៖ «ប្រជាជនអាមេរិក គួរជឿជាក់ថា អាមេរិកកំពុងចាត់វិធានការនានាដែលខ្លួនចាំបាច់ ដើម្បីធ្វើឲ្យប្រាកដប្រជាថា យើងយល់បញ្ហាគ្រោះថ្នាក់ និងការគំរាមកំហែង ដែលបង្កឡើងដោយប្រទេស កូរ៉េខាងជើង នោះ»។
ពាក្យសម្តីរបស់លោក ប៉ុមប៉េអូ បានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងសំណួរមួយអំពីការអត្ថាធិប្បាយកាលពីពេលថ្មីៗរបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អំពីពាក្យចចាមអារ៉ាមថា បងប្រុសបង្កើតម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងណាម ជាអ្នកស៊ើបការណ៍សម្ងាត់របស់ CIA រហូតដល់លោកត្រូវបានគេធ្វើឃាតនៅក្នុងប្រទេស ម៉ាឡេស៊ី កាលពីដើមឆ្នាំ ២០១៧ ជាការបញ្ជាក់យ៉ាងច្បាស់ថា ជាឃាតកម្មនយោបាយ។
នៅពេលក្រុមអ្នកកាសែតបានសួរលោក ដូណាល់ ត្រាំ អំពីបញ្ហានោះកាលពីសប្តាហ៍មុន លោក ប៉ុមប៉េអូ បានថ្លែងថា៖ «ខ្ញុំនឹងមិនចង់ឲ្យមានបញ្ហានោះកើតឡើងស្ថិតនៅក្រោមការគាំទ្ររបស់ខ្ញុំនោះទេ»។
អ្នកធ្វើអត្ថាធិប្បាយឲ្យសារព័ត៌មាន Fox News បានសួរសំណួរលោក ដូណាល់ ត្រាំ ថា ប្រសិនបើបានធ្វើអ្វីមួយខុសឆ្គងជាមួយអាមេរិក ដោយទទួលយកការស៊ើបយកការណ៍តាមរយៈសមាជិកគ្រួសារមួយដូចជាលោក គីម ជុងណាម នោះ។ លោក ប៉ុមប៉េអូ ជាអតីតប្រធាន CIA ចាប់ពីឆ្នាំ ២០១៧ ដល់ ២០១៨ ដែលបានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយស្តីអំពីបញ្ហាស៊ើបការណ៍ ដោយបានបញ្ជាក់ថា អាមេរិកកំពុងចាត់វិធានការគ្រប់បែបយ៉ាងដែលចាំបាច់។
លោក ប៉ុមប៉េអូ បានថ្លែងថា៖ «យើងកំពុងចាត់វិធានការអ្វីៗ ដែលចាំបាច់ដើម្បីធ្វើឲ្យប្រាកដថាយើងបានដឹងអ្វីដែលកំពុងបន្តកើតមានឡើងនៅជុំវិញពិភពលោក នៅក្នុងនោះមាន ប្រទេសផ្សេងៗទៀតដែរ»។
លោករដ្ឋមន្ត្រីការបរទេស ម៉ៃក៍ ប៉ុមប៉េអូ បានថ្លែងថា តួនាទីរបស់លោកបច្ចុប្បន្ននេះ គឺជាអ្នកការទូតជាន់ខ្ពស់អាមេរិក៕