ក្រុង​ហ្សឺ​ណែវៈ ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ​ បាន​សម្តែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខកខាន​របស់​ប្រទេស​​មូស្លីម​ទាំង​អស់ ដែល​មិន​បាន​ចាត់​វិធាន​ប្រឆាំង​​នឹង​​ទង្វើ​រំលោភ​បំពាន​របស់​ចិន​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​អ៊ូហ្គ័រ​​ ​និង​​ជន​ភាគ​តិច​មូស្លីម​​ដទៃ​ទៀត​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង​​។​

ឯកអគ្គ​រដ្ឋទូត​អាមេរិក លោកស្រី​ Kelley Currie ​ដែល​ដឹក​នាំ​ការិយាល័យ​យុត្តិធម៌​ឧក្រិដ្ឋកម្ម​សកល​របស់​ក្រសួង​ការ​បរទេស​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​​អាច​និយាយ​បាន​ថា ​ខ្ញុំ​បាន​ខក​ចិត្ត​ចំពោះ​​ការ​ខ្វះ​​ការ​ឆ្លើយ​តប​ពី​សមាជិក​របស់​អង្គការ​សហ​ប្រតិបត្តិការ​អ៊ិស្លាម​ (OIC)​ និង​កង្វះ​ការ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ជា​ចំហ​។

លោកស្រី​ Currie​ កំពុង​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​នៅ​មុន​ព្រឹត្តិការណ៍​គាំទ្រ​ដោយ អាមេរិក​នៅ​ស្នាក់ការ​​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្រុង​ហ្សឺណែវ ​ដែល​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​បទ​ចាប់​​ឃុំ​ខ្លួន​ជនជាតិ​ភាគ​តិច​​អ៊ុយហ្គ័រ​យ៉ាង​ច្រើន​​នៅ​ខេត្ត​ស៊ីនជាំង ​ដែល​កំពុង​មាន​ស្ថានភាព​យ៉ាង​ជ្រួល​ច្របល់​នោះ។​

ខណៈ​​លោក​ស្រី​ឯកអគ្គ​រដ្ឋទូត​បាន​​កោត​សរសើរ​តួកគី​ចំពោះ​​ការ​រិះគន់​យ៉ាង​ខ្លាំង​កាល​ពី​ពេល​ថ្មីៗ​របស់​ខ្លួន​ចំពោះ​ការ​ប្រព្រឹត្ត​របស់​ប្រទេស​ ​ចិន ​ទៅ​លើ​ជនជាតិ​ភាគ​តិច​មូស្លីម​ លោកស្រី​​ បាន​ថ្លែង​ថា ​ក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា​ អង្គការ​ IOC​ នឹង​ថ្កោល​ទោស​រួម​គ្នា​​ចំពោះ​ស្ថានការណ៍​នៅ​ខេត្ត​ស៊ីនជាំង​ ដូច​នឹង​​​ទង្វើ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ទាក់ទង​នឹង​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រឆាំង​ជន​មូស្លីម​នៅ​មីយ៉ាន់ម៉ា​និង​ស៊ីរី​ដែរ​៕ AFP/SK​