ក្រុងវ៉ាស៊ីនតោនៈ អាមេរិក​បានប្រកាស​ដកខ្លួន​ចេញពី​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃ​អង្គារ ដោយ​បាន​ថ្កោល​ទោស​ចំពោះ​ភាព​មិន​ស្មោះត្រង់​របស់​ក្រុម​សមាជិក​អង្គការ​នេះ និង​តាម​ការ​ចោទ​ប្រកាន់ ជំរុញ​ឲ្យ​ប្រឆាំង​ជំទាស់​នឹង​អ៊ីស្រាអែល​ឥត​ឈប់​ឈរ។

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី នីកគី ហាលី បាន​មក​កាន់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ប្រកាស​សេចក្តី​សម្រេច​រួម​ជាមួយ អ្នក​ការទូត​កំពូល​របស់​លោក ប្រធានា​ធិបតី ដូណាល់ ត្រាំ គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo។

អ្នកការទូត កំពូល​ទាំង ២ រូប បាន​បញ្ជាក់ថា អាមេរិក​នឹង​នៅតែ​ជា​អ្នកគាំទ្រ​សិទ្ធិមនុស្ស​ឈាន​មុខ​គេ ប៉ុន្តែ​សម្រាប់​មនុស្ស​ជាច្រើន សេចក្តី​សម្រេច​នេះ នឹង​បង្ហាញ​ពី​ភាព​ជា​សត្រូវ​ទូទៅ​របស់​លោក​ត្រាំ ចំពោះ​អង្គការ​ពិភពលោក​មួយ​នេះ​និង​ចំពោះ​កិច្ច​ការទូត​ទ្វេភាគី​ជាទូទៅ​ដែរ។

សេចក្តីប្រកាស​នោះ បានកើត​ឡើង ក្រោយពី​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​បាន​រិះគន់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​ការ​បំបែក​កូនៗ​របស់​ជន​ចំណាក​ស្រុក​ចេញ​ពី​ឪពុក​ម្តាយ​របស់​ពួកគេ ដែល​បាន និង​កំពុង​ស្វែងរក​សិទ្ធិ​ជ្រកកោន ក្រោយ​ពី​ឆ្លង​ពី​ម៊ិកស៊ិក​ចូល​ប្រទេស​នេះ។

ប៉ុន្តែ លោកស្រី​ហា​លី និង​លោក Pompeo បាន​បញ្ជាក់ថា សេចក្តីសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពី​កិច្ច​ប្រឹង​ប្រែង​រយៈពេល ១ ឆ្នាំ ដើម្បី​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​នេះ​ធ្វើការ​កែ​ទម្រង់ និង​ដក​ចេញ​នូវ​រដ្ឋ​ជា​សមាជិក ដែល​បាន​រំលោភ​បំពាន​លក្ខខណ្ឌ​នានា​នោះ។

លោក​បាន​ថ្លែងថា៖ «កំណែ​ទម្រង់​ទាំងនោះ ត្រូវការ​ជា​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យ​ក្រុម​ប្រឹក្សា​នេះ​ក្លាយជា​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​ដ៏​ខ្លាំងក្លា​មួយ»។ «អស់​រយៈពេល​ជា​យូរ​មក​ហើយ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នេះ គឺជា​អ្នក​ការពារ​ចំពោះ​អ្នក​រំលោភ​សិទ្ធិ​មនុស្ស និង​ក្រុម​លម្អៀង​នយោបាយ។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ឥឡូវ​នេះ​វា​ពិត​ជា​បង្ហាញ​យ៉ាង​ច្បាស់​ណាស់​ថា ការ​អំពាវនាវ​របស់​យើង​ឲ្យ​មាន​ការ​កែ​ទម្រង់ មិន​ចាំ​បាច់​ទេ»៕