ក្រុងវ៉ាស៊ីនតោន: ក្រសួងរតនាគារអាមេរិកបានដាក់ជនជាតិអ៊ីរ៉ង់ ៥ នាក់ក្នុងបញ្ជីស្បែកខ្មៅ ក្រោមបទចោទប្រកាន់ ថាបានផ្តល់បច្ចេកវិទ្យាផលិតមីស៊ីលបាលីស្ទិក ទៅឲ្យក្រុមឧទ្ទាមហ៊ូធី នៅយេម៉ែន កាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានព្រមានក្រុងតេអេរ៉ង់ថា អ៊ីរ៉ង់ បានប្រឈមមុខជាមួយការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រវត្តិសាស្ត្រ»។
ក្រសួងរតនាគារ បានឲ្យដឹងថា អ៊ីរ៉ង់ ៥ នាក់នោះ ត្រូវបានដាក់នៅក្នុងបញ្ជីស្បែកខ្មៅរបស់ខ្លួនមានជាប់ពាក់ព័ន្ធ ជាមួយប្រតិបត្តិការមួយធ្វើឡើងដោយក្រុមកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ដើម្បីគាំទ្រដល់ការវាយប្រហារ របស់ក្រុមឧទ្ទាមហ៊ូធីទៅលើក្រុងនានា ក្នុងទឹកដីអារ៉ាប៊ី សាអ៊ូឌីត ដែលបានដឹកនាំក្រុមចម្រុះ ក្នុងតំបន់ឈូងសមុទ្រប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាមយេម៉ែន។
យោងតាមប្រភពព័ត៌មានពីក្រុងរីយ៉ាដ ក្រុមឧទ្ទាមហ៊ូធីបានបាញ់កាំជ្រួចមីស៊ីលបាលីស្ទិកជាង ១៣០ គ្រាប់ទៅលើអារ៉ាប៊ី សាអ៊ូឌីត ចាប់តាំងពីឆ្នាំ ២០១៥ ដែលមីស៊ីលភាគច្រើនត្រូវចាប់ដោយប្រព័ន្ធការពារប្រឆាំងមីស៊ីល។
នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ពួកគេបានបាញ់កាំជ្រួចមីស៊ីលមួយគ្រាប់ ដែលបានបាញ់ដល់ដែនដីទីក្រុងរីយ៉ាដ ហើយដែលការវាយប្រហារ បានកើនឡើងនាឆ្នាំនេះ។
ប្រទេសអ៊ីរ៉ង់ បានបដិសេធផ្តល់មីស៊ីលទៅឲ្យក្រុមឧទ្ទាមហ៊ូធី៕