ក្រុង​ម៉ិកស៊ីកូៈ ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក​ ម៉ៃក៍ ប៉ុមប៉េអូ​ កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​អរគុណ​​សមភាគី​ម៉ិកស៊ិក​របស់​លោក ​អំពី​ការ​បង្កើន​ការ​អនុវត្ត​ច្បាប់​​ជន​អន្តោប្រវេសន៍​របស់​ប្រទេស​មួយ​នេះ​ ដែល​លោក​បាន​ថ្លែង​ថា​ កំពុង​នាំ​ឲ្យ​​ចំនួន​ជន​ចំណាក​ស្រុក​តិចតួច​ចូល​ទៅ​អាមេរិក​។​

ក្រោយ​មក​ លោក ​ប៉ុមប៉េអូ​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​អែលសាល់វ៉ាឌ័រ​ ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី​ ណាយីប​ បូគីលី​ ដោយ​ភាគី​ទាំង ​២ ​បាន​ប្តេជ្ញា​ធ្វើ​ការងារ​រួម​គ្នា​លើ​​​បញ្ហា​ជន​អន្តោប្រវេសន៍​។​

ជំនួប​​របស់​អ្នក​ការ​ទូត​កំពូល​អាមេរិក​នៅ​​ក្រុង​ម៉ិកស៊ីកូ ​បាន​បញ្ជាក់​អះអាង​ថា​ ការ​ទំនាក់​ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុង​ម៉ិកស៊ីកូ​ ​បាន​ធ្លាក់់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​​ ចាប់​តាំង​ពី​​​ដើម​ខែ​មិថុនា​ នៅ​ពេល​ប្រធានាធិបតី​អាមេរិក​ លោក ​ដូណាល់​ ត្រាំ ​បាន​គំរាម​យក​ពន្ធ​ពាណិជ្ជកម្ម​នាំចូល​ថ្មី​ប្រឆាំង​ប្រទេស​ជិត​ខាង​ភាគ​ខាង​ត្បូង​អាមេរិក ​ប្រសិន​បើ​ប្រទេស​នោះ​មិន​បាន​ជួយ​ទប់ស្កាត់​​​លំហូរ​នៃ​ជន​ចំណាក​ស្រុក​ឲ្យ​​មាន​ប្រសិទ្ធភាព​ទេ​នោះ​។​

លោក​រដ្ឋមន្ត្រី​ការ​បរទេស​ម៊ិកស៊ិក Marcelo Ebrard (ស្តាំ​) ​ពិភាក្សា​ជាមួយ​លោក​ ម៉ៃក៍ ប៉ុមប៉េអូ​។ AFP

លោក​ ប៉ុមប៉េអូ​ នៅ​ក្នុង​ទីក្រុង​ម៉ិកស៊ីកូ ​កាល​ពី​ថ្ងៃ​អាទិត្យ​ ​ បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​លោក​ ម៉ាស៊ីឡូ​ អេប្រាដ ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រចាំ​តំបន់​ ដែល​បាន​ចាប់​ផ្តើម​នៅ​ប្រទេស ​អាហ្សង់ទីន ​និង​ប្រទេស ​អេក្វាទ័រ​។​

ក្រសួង​ការ​បរទេស​នោះ​បាន​ថ្លែង​ថា​៖ «​លោក​រដ្ឋមន្ត្រី ​ប៉ុមប៉េអូ​ បាន​អរគុណ​​លោក​រដ្ឋមន្ត្រី ​អេប្រាដ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្កើន​ការ​អនុវត្ត ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស ​ម៉ិកស៊ិក​​»​។​

ដោយ​ថ្លែង​នៅ​ក្នុង​ប្រទេស អែលសាល់វ៉ាឌ័រ​ លោក ​ប៉ុមប៉េអូ​ បាន​ថ្លែង​ថា​ ប្រទេស ​ម៉ិកស៊ិក​ បាន ​«​ធ្វើ​ឲ្យ​រីក​ចម្រើន​យ៉ាង​ពិត​ប្រាកដ​» ​ទៅ​លើ​ជន​ចំណាក​ស្រុក​ទាំង​នោះ​។​

លោក ​ប៉ុមប៉េអូ ​បាន​ថ្លែង​ប្រាប់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រុង ​សាន់​សាល់វ៉ាឌ័រ​ថា​៖ «​ចំនួន​ជន​អន្តោប្រវេសន៍​ បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ ​ហើយ​មាន​ការ​ព្រួយ​បារម្ភ​តិចតួច ​ដែល​បាន​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​ នៅ​តាម​ព្រំដែន​ភាគ​ខាង​ត្បូង​ ប៉ុន្តែ​យើង​ត្រូវ​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​តទៅ​ទៀត ​ដែល​នៅ​មិន​ទាន់​ទៅ​ដល់​គោលដៅ​នៅ​ឡើយ​ គឺ​នៅ​មាន​ការងារ​ជា​ច្រើន​ដែល​​ត្រូវ​ធ្វើ​បន្ថែម​ទៀត​»​។​

លោក ​Luis Gonzalez (កណ្តាល) ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​មុខ​ក្បួន​រថយន្ត​របស់​លោក ​ម៉ៃក៍ ប៉ុមប៉េអូ​។ AFP

រដ្ឋមន្ត្រី​ការ​បរទេស​ម៉ិកស៊ិក​បាន​ថ្លែង​ថា ​ជំនួប​រវាង​លោក ​អេប្រាដ​ និង​លោក ​ប៉ុមប៉េអូ​ បាន​ផ្តោត​ជា​ពិសេស​​ទៅ​លើ​ជន​អន្តោប្រវេសន៍​ ដោយ​បាន​រាប់​បញ្ចូល​កិច្ច​ពិភាក្សា​អំពី​ការ​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​របស់​លោក ជូគីន​ អែលឆាប៉ូ ​ហ្គូម៉ាន់​ ជា​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​ខុស​ច្បាប់​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ ដែល​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត​នៅ​អាមេរិក​ និង​ស្ថានការណ៍​នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នៅ​អាមេរិក​ខាង​ជើង​ នៅ​មិន​ទាន់​បាន​អនុម័ត​នៅ​ឡើយ​ទេ​»​។​

សេចក្តី​ថ្លែង​ការណ៍​ប្រទេស ​ម៉ិកស៊ិក ​បាន​ថ្លែង​ថា​ លោក​ ប៉ុមប៉េអូ ​​ទទួល​ស្គាល់​ថា​ មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​​​​លើ​បញ្ហា​​​​​ចំណាក​ស្រុក​ ចាប់​តាំង​ពី​មាន​ជំនួប​នៅ​ក្រុង​វ៉ាស៊ីនតោន​មក៕ AFP/SK​