ក្រុង​វ៉ាស៊ីនតោនៈ​ រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក ​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​នឹង​បន្ធូរ​បន្ថយ​​ទណ្ឌកម្ម​ប្រឆាំង​នឹង​​កូរ៉េ​ខាង​ជើង ប្រសិន​បើ​ការ​ចរចា​អំពី​ការ​​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​មាន​ការ​រីក​ចម្រើន​នោះ​។​

ពាក្យ​សម្តី​របស់​លោក ​ប៉ុមប៉េអូ ​ហាក់​ដូច​ជា​​​​បង្ហាញ​សញ្ញា​នៃ​​ភាព​បត់បែន​ខ្លះ​នៅ​ក្នុង​ជំហរ​​របស់​ក្រុង​វ៉ាស៊ីនតោន ​នៅ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុង​ព្យុងយ៉ាង ជុំវិញ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

ជំនួប​កំពូល​លើក​ទី​២ ​រវាង​ប្រធានាធិបតី​អាមេរិក ​លោក ​ដូណាល់ ​ត្រាំ​​ និង​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ​លោក ​គីម ​ជុងអ៊ុន​ កាល​ពី​ខែ​កុម្ភៈ​ បាន​បញ្ចប់​ទៅ​ដោយ​គ្មាន​ការ​ចុះ​កិច្ច​ព្រមព្រៀង​អ្វី​ឡើយ​ជុំ​វិញ​ការ​កាត់​បន្ថយ​ទណ្ឌកម្ម​ចំពោះ​​​ប្រទេស ​កូរ៉េ​ខាង​ជើង​។​

លោក ​ប៉ុមប៉េអូ​ បាន​​ថ្លែង​ទៅ​កាន់​គណៈកម្មាធិការ​ទំនាក់​ទំនង​ការ​បរទេស​នៃ​ព្រឹទ្ធសភា ​និង​ត្រូវ​បាន​ចោទ​សួរ​ដោយ​​សមាជិក​ព្រឹទ្ធសភា​ លោក ​Cory Gardner ​ថា​ តើ​លោក ​បាន​ឯកភាព​ថា ​គ្មាន​ទណ្ឌកម្ម​ណា​មួយ ​ គួរ​ត្រូវ​បាន​ដក​ចេញ ប្រសិន​បើ កូរ៉េ​ខាង​ជើង​មិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​លុប​​​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ទាំង​​ស្រុង​ និង​​អាច​ផ្ទៀង​ផ្ទាត់​បាន​។​

លោក​ ម៉ៃក៍​ ប៉ុមប៉េអូ ​ថ្លែ​ង​​នៅ​កាន់​​​គណៈ​កម្មាធិការទំនាក់​ទំនង​ព្រឹទ្ធ​សភា​អំ​ពីបញ្ហា​នុយក្លេ​អ៊ែរកូរ​៉េខាងជើ​ង។ Yonhap

លោក​បាន​ឆ្លើយ​ថា៖ «​ខ្ញុំ​ចង់​​​កាត់​បន្ថយ​ទណ្ឌកម្ម​​»។​

«​ជួន​កាល​ ​មាន​លក្ខខណ្ឌ ​ជា​ពិសេស​ខ្លះ​ ប្រសិន​បើ​យើង​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ធំធេង​ ​ដែល​មនុស្ស​ម្នាក់​គិត​ថា នោះ​​គឺ​ជា​រឿង​ត្រឹមត្រូវ​ ដែល​ចាំ​បាច់​ ត្រូវ​ធ្វើ​​ឲ្យ​សម្រេច​ជោគជ័យ​។ ​

រដ្ឋការ​របស់​​លោក​ ដូណាល់ ត្រាំ​ បាន​ទទូច​ឲ្យ​បន្ត​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ​រហូត​ដល់​ការ​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ ត្រូវ​បាន​សម្រេច​​ទាំង​ស្រុង​។ ​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​លោក ​មូន ​ជេអ៊ីន​ ដែល​ជា​អ្នក​គាំទ្រ​ដល់​ទំនាក់​ទំនង​ជាមួយ​ក្រុង​ព្យុងយ៉ាង​ បាន​ជួប​ជាមួយ​លោក ​ដូណាល់ ​ត្រាំ ​នៅ​ឯ​សេតវិមាន​ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​​ពិភាក្សា​រក​មធ្យោបាយ​ទម្លាយ​ភាព​ទាល់​ច្រក​​នុយក្លេអ៊ែរ​នេះ៕ Yonhap/SK​