ក្រុងហ្ស៊ឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) ថ្លែងពីថ្ងៃពុធថា ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមកូរ៉ូណាជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័សដោយចំនួននៃករណីឆ្លងប្រចាំថ្ងៃលើសពី ១៦ ម៊ឺននាក់ជារៀងរាល់ថ្ងៃកាលពីសប្តាហ៍មុន។
លោកប្រធានអង្គការសុខភាពពិភពលោក (WHO) តេ្រដូស អេដហាណូម ហ្គឺប្រីយេស៊ុស ក៏បានថ្លែងប្រាប់សន្និសីទសារព័ត៌មានជាក់ស្តែងថា ជាងពាក់កណ្តាលនៃករណីឆ្លង ដែលត្រូវបានកត់ត្រាចាប់តាំងពីវីរុសកូរ៉ូណាផ្ទុះដំបូងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ត្រូវបានកត់ត្រាក្នុងបញ្ជីនៅខែមិថុនា។
លោក តេ្រដូស អេដហាណូម ហ្គីប្រីយេស៊ុស បានថ្លែងថា៖ «សម្រាប់សប្តាហ៍មុន ចំនួននៃករណីឆ្លងថ្មី បានកើនឡើងជាង ១៦ ម៊ឺន ជារៀងរាល់ថ្ងៃ» ដោយបានបន្ថែមថា រហូតមកទល់ពេលនេះ ៦០ ភាគរយនៃករណីឆ្លងទាំងអស់ ត្រូវបានគេរាយការណ៍នៅក្នុងខែមិថុនា»។
ទិន្នន័យដែលត្រូវបានទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិបានបង្ហាញថា ចំនួនច្រើនបំផុតនៃករណីឆ្លងជំងឺកូវីដ ១៩ ថ្មី បានកើតឡើងកាលពីថ្ងៃទី ២៨ ខែមិថុនា នៅពេលករណីឆ្លងថ្មីជាង ១៨៩ ៥០០ នាក់ ត្រូវបានគេកត់ត្រានៅទូទាំងពិភពលោក។
ទិន្នន័យនោះបានបង្ហាញថា នៅមុនថ្ងៃទី ២៥ ខែមិថុនា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងជាង ១៦ ម៊ឺននាក់ចំនួន ២ លើក ទាំងនៅដើមសប្តាហ៍នេះ ខណៈករណីឆ្លងប្រចាំថ្ងៃមិនបានលើស ១០ ម៊ឺននាក់ រហូតដល់ថ្ងៃទី ១៨ ខែឧសភា។
WHO បានព្រមាននៅដើមសប្តាហ៍នេះថា ដោយមានអ្នកស្លាប់ជាង ៥១១ ០០០ នាក់ និងអ្នកឆ្លងជាង ១០, ៥ លាននាក់នៅទូទាំងពិភពលោក ការឆ្លងរាលដាលនៃវីរុសកូរ៉ូណាមិនទាន់ចប់ទេ។
លោក តេ្រដូស អេដហាណូម ហ្គឺប្រីយេស៊ុស បានបញ្ជាក់ម្តងហើយម្តងទៀតថា ការ «ចាត់វិធានការឲ្យបានទូលំទូលាយ» មួយ គឺជាមធ្យោបាយល្អបំផុត ដើម្បីទប់ស្កាត់វីរុសផ្លូវដង្ហើមកូរ៉ូណា ប្រភេទថ្មីដ៏ចម្លែកមួយនេះ៕ AFP/PSA