ប្រធានក្រុមប្រឹក្សាយោបល់មួយរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ ទី ៣១ មីនា ថា ក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm និង Sinovac បានផ្ដល់ទិន្នន័យវ៉ាក់សាំងកូវីដ ១៩ របស់ពួកគេទៅកាន់ WHO ដែលបង្ហាញថា វ៉ាក់សាំងទាំង ២ នេះ បានបំពេញតម្រូវការកម្រិតប្រសិទ្ធភាព។
លោក Alejandro Cravioto ប្រធានក្រុមអ្នកជំនាញប្រឹក្សាយុទ្ធសាស្ត្រ (SAGE) របស់ WHO បាននិយាយថា៖ «ទិន្នន័យដែលក្រុមហ៊ុនបានចែករំលែកជាសាធារណៈនៅក្នុងកិច្ចប្រជុំ SAGE កាលពីសប្ដាហ៍មុនបានបង្ហាញយ៉ាងច្បាស់ថា វ៉ាក់សាំងទាំងនេះ មានកម្រិតប្រសិទ្ធភាពដែលអាចបំពេញនឹងតម្រូវការដែលអង្គការសុខភាពពិភពលោកបានចែង»។
លោកបានបន្តទៀតថា៖ «នោះមានន័យថា ប្រសិទ្ធភាពប្រហែល ៥០% បើសិនអាចធ្វើរួច ជិតឬលើស ៧០% ហើយពួកគេមានទិន្នន័យសុវត្ថិភាពទាំងអស់ ដើម្បីបង្ហាញថា វ៉ាក់សាំងនេះនឹងមិនបង្កគ្រោះថ្នាក់អ្វីដល់មនុស្សទេនៅពេលប្រើ»៕