ក្រុង​​រីយោដឺហ្សេនេរ៉ូ៖​ ដោយ​មនុស្ស​ជិត ​៣ ម៊ឺន​នាក់​ស្លាប់ ​នៅ​ប្រទេស​ប្រេស៊ីល​ និង​ជាង ​១ ម៊ឺន​នាក់​ស្លាប់ ​នៅ​ក្នុង​ម៊ិកស៊ិក​វីរុស​រាត​ត្បាត​កូរ៉ូណា​ប្រភេទ​ថ្មី​ គំរាម​បំផ្លាញ​ប្រព័ន្ធ​មន្ទីរ​ពេទ្យ​នៅ​ទូទាំង​អាមេរិក​ឡាទីន ​ខណៈ​ប្រទេស​បារាំង ​ដែល​កំពុង​ចាកចេញ​ពី​ស្ថានភាព​​អាក្រក់​​កាល​ពី​ថ្ងៃ​អង្គារ បាន​ចាប់​ផ្តើម​វិល​ត្រឡប់​ទៅ​រក​ភាព​ធម្មតា​ឡើង​វិញ​ហើយ​។

លោក​ប្រធាន​គ្រប់គ្រង​ស្ថានភាព​គ្រាអាសន្ន​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) ​មីឆែល​ រីអាន បាន​ថ្លែង​ថា​ ប្រទេស ​៤ ​ក្នុង​ចំណោម ​១០ ​ដែល​បាន​បង្ហាញ​ចំនួន​ករណី​ឆ្លង​កូវីដ ​១៩ ​ថ្មី​ច្រើន​ជាង​គេ​បំផុត​ក្នុង​រយៈពេល ​២៤ ​ម៉ោង​ចុង​ក្រោយ​នេះ ​គឺ​នៅ​ក្នុង​អាមេរិក​ឡាទីន​។ ​

ជំងឺ​រាត​ត្បាត​នៅ​ពេល​បច្ចុប្បន្ន​នេះ​បាន​បង្ក​​ឲ្យ​មនុស្ស​ជាង ​៣៧៧ ០០០ នាក់​ស្លាប់ ​និង​បាន​ឆ្លង​ទៅ​មនុស្ស​យ៉ាង​តិច​ ​៦,៣ លាន​នាក់​ ចាប់​តាំង​ពី​ផ្ទុះ​ឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន ​កាល​ចុង​ឆ្នាំ ​២០១៩។ ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ច្រើន​ ដើម្បី​បញ្ឈប់​ជំងឺ​រាត​ត្បាត​នេះ​ដោយ​បាន​ការ​រឹត​បន្តឹង​ទៅ​លើ​ជីវិត​ប្រចាំ​ថ្ងៃ ​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។​​​

ទោះបី​ជា​យ៉ាង​ណា ​ក៏​នៅ​អឺរ៉ុប​សាលារៀន​ អាង​ហែល​ទឹក​ រង្គសាល និង​កន្លែង​ទេសចរណ៍​ជា​ច្រើន ​បាន​ចាប់​ផ្តើម​បើក​ឡើង​វិញ ​ដោយ​ផ្គើន​នឹង​ការ​ព្រមាន​ដែល​ថា ​ការ​ធ្វើ​បែប​នេះ​អាច​បង្ក​ឲ្យ​មាន​រលក​ឆ្លង​រាល​ដាល​ទី ២។

អាមេរិក​ជា​ទី​ដែល​ជំងឺ​រាត​ត្បាត​នេះ​ត្រូវ​គ្រប​ដណ្តប់​ដោយ​ភាព​ចលាចល​បន្ទាប់​ពី​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់​នៅ​ក្នុង​កណ្តាប់​របស់​ដៃ​ប៉ូលិស​ស្បែក​ស​ម្នាក់ ​នៅ​តែ​ជា​ប្រទេស​ដែល​រង​ការ​ប៉ះ​ពាល់​អាក្រក់​បំផុត។​

ប៉ុន្តែ​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ​កំពុង​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នៅ​អាមេរិក​ឡាទីន។ ​ប្រទេស​ប្រេស៊ីល ​ប៉េរូ ស៊ីលី​ និង​ម៊ិកស៊ិក ​កំពុង​ជួប​ប្រទះ​ការ​កើន​ឡើង​ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​ ខណៈ​ចំនួន​ឆ្លង​នោះ ​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន ​បូលីវី​ កូឡុំប៊ី ​និង​ប្រទេស​ហៃទី​។

លោក ​រីអាន​ បាន​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន​ពី​ក្រុង​ហ្សឺណែវ​ថា​៖ ​«ប្រទេស​ជា​ច្រើន​កំពុង​ប្រឹងប្រែង​ធ្វើ​ការ​ ដើម្បី​ដឹង​ពី​ទំហំ​នៃ​ការ​ឆ្លង​ហើយ​ប្រព័ន្ធ​សុខាភិបាល​ចាប់​ផ្តើម​ប៉ះពាល់​​នៅ​ទូទាំង​តំបន់​នេះ​»។

អាមេរិក​ឡាទីន ​បាន​ធ្វើ​តេស្ត​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង ​១ ​លាន​នាក់​ និង​បាន​កត់​ត្រា​អ្នក​ស្លាប់​ជាង ​៥ ម៊ឺន​នាក់​។ ​ប្រទេស​ប្រេស៊ីល​ បាន​រាយ​ការណ៍​ថា​ មាន​អ្នក​ឆ្លង​ជាង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​នោះ​ និង ​៦០​ ភាគរយ​នៃ​ចំនួន​អ្នក​ស្លាប់​នោះ​ដែរ។ ​

ទោះបី​​ជា​យ៉ាង​​ណា​ក៏​ដោយ ក៏​អភិបាល​ក្រុង​រីយោដឺហ្សេនេរ៉ូ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​ក្រុង​ទេសចរណ៍​ដ៏​ពេញ​និយម​នេះ ​នឹង​ចាប់​ផ្តើម​បន្ធូរ​បន្ថយ​វិធាន​ការ​បិទ​ជា​បណ្តើរៗ​ដោយ​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អង្គារ គឺ​ចាប់​ផ្តើម​បើក​កន្លែង​គោរព​បូជា ​និង​កន្លែង​​ហែល​ទឹក​ឡើង​វិញ​។

ប្រទេស​ម៊ិកស៊ិក ​ក៏​បាន​ចាប់​ផ្តើម​បើក​ឡើង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ ​ដោយ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​រថយន្ត ​វ៉ែ​ និង​សំណង់​ដំណើរការ​ឡើង​វិញ ​ថ្វី​បើ​ប្រទេស​នេះ ​បាន​កត់ត្រា​ថា​ មាន​អ្នក​ស្លាប់​ជាង​ ១ ​ម៊ឺន​នាក់​ក្តី​៕ AFP/PSA​​​​