ក្រុងប៉េកាំង៖ ​ប្រទេស​ចិន ​កាល​ពី​ថ្ងៃ​អង្គារ​បាន​រាយការណ៍​អំពី​​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​តំបន់​ចំនួន ​២៧ ​នាក់ ​នៅ​ក្នុង​ក្រុង​ប៉េកាំង​ ជា​ទី​ដែល​ក្រុម​ឆ្លង​ថ្មី​នេះ​ មាន​ទំនាក់ទំនង​ជាមួយ​នឹង​ផ្សារ​លក់​ម្អូប​អាហារ​បោះ​ដុំមួយ​ ​បាន​ធ្វើ​ឲ្យ​អង្គការ​សុខភាព​ពិភព​លោក ​(WHO) ព្រួយ​បារម្ភ​ និង​ជំរុញ​ឲ្យ​មាន​កម្មវិធី​តាមដាន​ និង​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​។

ករណី​​ឆ្លង​​ថ្មី​នេះ ​បាន​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ដែល​ត្រូវ​បាន​បញ្ជាក់​អះអាង​នៅ​ក្នុង​រដ្ឋធានី​រយៈពេល ​៥ ​ថ្ងៃ​កន្លង​ទៅ​នេះ​កើន​ឡើង​ដល់ ​១០៦ ​នាក់​ ខណៈ​មន្ត្រី​ក្រុង​នេះ​បាន​បិទ​សហគមន៍​ជិត ​៣០ ​នៅ​ក្នុង​ក្រុង​នេះ ​និង​បាន​ធ្វើ​តេស្ត​មនុស្ស​រាប់​ម៊ឺន​នាក់​។

ទូរទស្សន៍​របស់​រដ្ឋ​បាន​រាយការណ៍​ថា ​អាជ្ញាធរ​បាន​បិទ​ផ្សារ ​១ ទៀត​កាល​ពី​ថ្ងៃ​អង្គារ​គឺ​ផ្សារ ​Tiantaohonglian ​នៅ​ក្នុង​សង្កាត់ ​Xicheng​ ភាគ​កណ្តាល​ ក្រោយ​ពី​បុគ្គលិក​ម្នាក់​នៅ​ទីនោះ​ ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា​ បាន​ឆ្លង​ជំងឺ​កូវីដ ​១៩​។

ផ្ទះ​ជា​ច្រើន​នៅ​ជុំវិញ​ផ្សារ​នោះ ​ក៏​ត្រូវ​បាន​បិទ​ដែរ​។

អង្គការ​សុខភាព​ពិភព​លោក​បាន​ថ្លែង​ថា​ ក្រុម​ឆ្លង​ថ្មី​នេះ ​គឺ​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំហំ​ និង​សកម្មភាព​ទំនាក់ទំនង​នៅ​ក្នុង​ក្រុង​ប៉េកាំង​។

លោក​ប្រធាន​គ្រប់គ្រង​គ្រាអាសន្ន​របស់ ​WHO ​មីឆែល ​ រីអាន​ បាន​ថ្លែង​ថា៖ ​«​ក្រុម​មួយ​ឆ្លង​បែប​នេះ គឺ​ជា​កង្វល់​មួយ ​និង​ការ​ឆ្លង​នេះ​ ត្រូវ​ការ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ និង​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​ និង​នោះ ​គឺ​ជា​អ្វី​ដែល​​អាជ្ញាធរ​ចិន​កំពុង​ធ្វើ​យ៉ាង​ពិត​ប្រាកដ​»។

មន្ត្រី​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ​ពួក​គេ​នឹង​ធ្វើ​តេស្ត​ម្ចាស់ និង​អ្នក​គ្រប់គ្រង​ហាង​នៅ​តាម​ផ្សារ​ម្ហូប​អាហារ​ នៅ​ក្នុង​ក្រុង​នេះ ​និង​កង់ទីន​របស់​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល។

កន្លែង​លេង​កីឡា​ និង​កន្លែង​កម្សាន្ត​នានា​នៅ​ក្នុង​ក្រុង​នេះ​ដែរ ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​កាល​ពី​ថ្ងៃ​ចន្ទ​ និង​ក្រុង​ខ្លះ​ទៀត​​នៅ​ទូទាំង​ប្រទេស​ចិន ​បាន​ព្រមាន​ថា​ ពួក​គេ​នឹង​ដាក់​អ្នក​មក​​ពី​ក្រុង​ប៉េកាំង ​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។

គណៈកម្មការ​សុខភាព​ជាតិ​ក៏​បាន​រាយការណ៍​ករណី​ឆ្លង​នៅ​ក្នុង​ស្រុក​ថ្មី​ចំនួន ​៤ ​នាក់ ​នៅ​ក្នុង​ខេត្ត​ហឺប៊ី​​ ដែល​នៅ​ជុំវិញ​ក្រុង​ប៉េកាំង​។

មន្ត្រី​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ​ទាក់ទង​ទៅ​នឹង​ផ្សារ​ Xinfadi ​ដែល​មនុស្ស ​២០ ​ម៊ឺន​នាក់ ​បាន​ទៅ​លេង​ផ្សារ​នេះ​ចាប់​តាំង​ថ្ងៃទី ​៣០ ​​ឧសភា ​មក​។

អ្នក​ធ្វើ​ការ ​៨ ពាន់​នាក់ ​មក​ពី​ផ្សារ​នេះ​ ត្រូវ​បាន​ធ្វើ​តេស្ត​ហើយ​ត្រូវ​​បញ្ជូន​ទៅ​កាន់​អគារ​ដាក់​ឲ្យ​ដាច់​ដោយ​ឡែក​។

រហូត​មក​ទល់​មាន​ការ​ផ្ទុះ​ឆ្លង​ថ្មីៗ​នេះ ​ភាគ​ច្រើន​នៃ​​ករណី​ឆ្លង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​គឺ​ជា​ជនជាតិ​ចិន ​ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ​ខណៈ​វីរុស​រាត​ត្បាត​នេះ​ បាន​​រាល​ដាល​ទៅ​ដល់​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភព​លោក៕ AFP/PSA