ក្រុងអ៊ីស្លាម៉ាបាដ៖​ មន្ត្រី​ម្នាក់​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​អង្គការ​សុខភាព​ពិភព​លោក​ (WHO) បាន​ប្រាប់​ប្រទេស​ប៉ាគីស្ថាន ​ថា ​ពួក​គេ​គួរ​តែ​អនុវត្ត​ការ​បិទ​ប្រទេស ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​កើន​ឡើង​នៃ​ការ​ឆ្លង​វីរុស​កូរ៉ូណា ដែល​​កើត​ឡើង ​ខណៈ​ប្រទេស​​នេះ​បន្ធូរ​បន្ថយ​ការ​​​បិទ​។ ​​​

ចាប់​តាំង​ពី​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​វីរុស​នេះ ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ នៅ​ក្នុង​ខែ​មីនា ​លោក​នាយក​រដ្ឋមន្ត្រី​ អ៊ីមរ៉ាន់​ ​ខាន់ ​បាន​ប្រឆាំង​ជំទាស់​នឹង​ការ​បិទ​ទូទាំង​ប្រទេស​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ធ្វើ​ដូច​គ្នា ​នៅ​កន្លែង​ផ្សេង​ទៀត ​ដោយ​បាន​​បញ្ជាក់​ថា ​ប្រទេស​ដ៏​ក្រីក្រ​នេះ ​មិន​អាច​​ទប់​ស្កាត់​ការ​ឆ្លង​នេះ​បាន​ទេ។

ជំនួស​មក​វិញ​ ខេត្ត​ចំនួន ​៤ ​របស់​ប្រទេស​ប៉ាគីស្ថាន ​បាន​បញ្ជា​​ឲ្យ​បិទ​ ប៉ុន្តែ​កាល​ពី​សប្តាហ៍​មុន​នេះ​លោក ​ខាន់ បាន​ថ្លែង​ថា​ការ​បិទ​ភាគ​ច្រើន​នោះ​ នឹង​ត្រូវ​ដក​វិញ​។ ​​

ការ​សម្រេច​នេះ ​បាន​កើត​ឡើង​ ខណៈ​អត្រា​នៃ​ការ​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​នៅ​ប៉ាគីស្ថាន​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ខណៈ​​វីរុស​នេះ​បាន​ឆ្លង​រាល​ដាល​ទូទាំង​អាស៊ី​ខាង​ត្បូង​ ដែល​រហូត​មក​ពេល​ថ្មីៗ​នេះ ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជា​ច្រើន​ស្លាប់ ​នៅ​បណ្តា​ប្រទេស​លោក​ខាង​លិច​។​

មន្ត្រី​សុខាភិបាល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួក​គេ​បាន​កត់ត្រា​ចំនួន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា ១០៨ ​៣១៧ ​នាក់ ​និង​ស្លាប់ ​២ ១៧២ ​នាក់ ​ទោះបី​ជា​ការ​ធ្វើ​តេស្ត​មាន​កំណត់​ក្តី​ ​​ថ្វី​បើ​អត្រា​ពិត​ប្រាកដ​ ត្រូវ​បាន​គេ​គិត​ថា​ខ្ពស់​ជាង​នេះ​ ច្រើន​ណាស់។​

មន្ត្រី​សុខា​ភិបាល​​ (ឆ្វេ​​​ង​) យក​​​សំណ​​ា​កឈាម​​ពីបុរស​​​ម្នាក់​ដើម្បីធ្វើ​​តេស្ត​។ AFP

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​រដ្ឋមន្ត្រី​សុខាភិបាល​ខេត្ត​ពុនចាប​ លោក ​យ៉ាសមីន រ៉ាស៊ីដ ​ WHO​ បាន​ថ្លែង​ថា​ រហូត​មក​ទល់​ពេល​នេះ​ប្រទេស​ប៉ាគីស្ថាន​មិន​ទាន់​បាន​កំណត់​​លក្ខខណ្ឌ​ណា​មួយ​ជា​មុន​ ដើម្បី​បើក​ប្រទេស​ឡើង​វិញ​នោះ​ទេ​។ ​

លិខិត​នោះ ​បាន​បញ្ជាក់​ថា ​ដោយសារ​ប្រជាជន​ភាគ​ច្រើន​​​មិន​បាន​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ដូច​ជាការ​​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​សង្គម ​និង​លាង​ដៃ​ញឹក​ញាប់​ជា​ដើម ​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ទាំង​អស់​នេះ ​នឹង​តម្រូវ​ឲ្យ​អនុវត្ត​នៅ​ក្នុង​នោះ​មាន​ការ​បិទ​នៅ​ក្នុង​តំបន់​គោលដៅ​មួយ​ចំនួន​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន។

អង្គការ​សុខភាព​ពិភព​លោក​ក៏​បាន​ណែ​នាំ​ឲ្យ​បិទ ​២ ​សប្តាហ៍ ​ហើយ​បើក ​២ ​សប្តាហ៍ ​នៅ​តាម​កន្លែង​ខ្លះ​។

លោក ​រ៉ាស៊ីដ ​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ​ ខណៈ​បញ្ជាក់​ពី​ការ​ទទួល​លិខិត​កាល​ពី​ថ្ងៃ​ទី ​៧ ​ខែ​មិថុនា ​ថា៖ ​«​លិខិត​របស់​ ​WHO ​បាន​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​តាម​នីតិវិធី​ប្រតិបត្តិការ​មាន​ស្តង់ដា ​(SOPs)​ និង​រដ្ឋាភិបាល​ខេត្ត​ពុនចាប​ក៏​ចេញ​បទ​បញ្ជា​ឲ្យ​ចាត់​វិធាន​ការ​តឹងរ៊ឹង​ប្រឆាំង​អ្នក​ដែល​បំពាន ​SOPs៕ AFP/PSA