ក្រុមហ៊ុន YouTube បាននិយាយកាលពីថ្ងៃអង្គារ ទី ១២ មករា ថា ពួកគេបានផ្អាកដំណើរការឆាណែលវីដេអូរបស់លោកប្រធានាធិបតី Donald Trump ជុំវិញការព្រួយបារម្ភអំពី «លទ្ធភាពនៃការបង្កហិង្សា» ដែលវិធានការនេះ គឺក្នុងចំណោមវិធានការចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីដាក់កម្រិតលើសកម្មភាពប្រធានាធិបតីនៅលើអ៊ីនធឺណិត។
ក្នុងការបង្ហោះសារទៅកាន់បណ្ដាញសង្គម Twitter ក្រុមហ៊ុន YouTube បាននិយាយថា បានផ្អាកគណនីរបស់លោក Trump យ៉ាងហោចណាស់ ១ សប្ដាហ៍បន្ទាប់ពីវីដេអូមួយក្នុងចំណោមវីដេអូថ្មីៗរបស់លោកបានរំលោភគោលការណ៍ប្រើប្រាស់ ដែលប្រឆាំងការញុះញង់ឱ្យមានអំពើហិង្សា។
នោះមានន័យថាលោក Trump នឹងមិនអាចបង្ហោះវីដេអូថ្មីទៅកាន់អ្នកគាំទ្រប្រមាណ ២,៨ លាននាក់។ ក្រុមហ៊ុន Facebook បានផ្អាកដំណើរការគណនីលោក Trump រហូតដល់ លោក Joe Biden ចូលកាន់អំណាច៕