ភ្នំពេញ៖ ប្រតិភូកីឡាករកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន នៅក្នុងការប្រកួតស៊ីហ្គេម លើកទី ៣០ នៅប្រទេស ហ្វីលីពីន ហើយដោយឈ្នះបានត្រឹមមេដាយមាស ៤ ប៉ុណ្ណោះ ខណៈក្រុមចំបាប់មិនអាចបង្ហាញភាពខ្លាំងក្នុងការរកឲ្យបានមេដាយមាសបន្ថែម ដូចការបង្ហាញខ្លួនលើកចុងក្រោយរបស់ពួកគេក្នុងស៊ីហ្គេម នៅប្រទេស មីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣ នោះ។
សម្រាប់ការប្រកួតថ្ងៃចុងក្រោយកាលពីម្សិលមិញនេះ ទាំងម្ចាស់មេដាយមាស ៣ ជំនាន់ ឌន សៅ ដែលប្រកួតក្នុងទម្ងន់ ១២៥ គ.ក្រ រួមទាំងកីឡាករទម្ងន់ ៦១ គីឡូក្រាម យ៉ុន បូណា កីឡាករទម្ងន់ ៦៥ គីឡូក្រាម ជន់ ធួន និងកីឡាករ សឿន សំភាស់ ដែលប្រកួតក្នុងទម្ងន់ ៥៧ គីឡូក្រាម សុទ្ធតែបានចាញ់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានឈ្នះត្រឹមមេដាយសំរឹទ្ធដូចគ្នានោះ។ ចំណែកកីឡាករ ឆាំង ពិសិដ្ឋ និងកីឡាការិនី ឌន ស្រស់ និង ជា កញ្ញា មិនដណ្តើមបានមេដាយទេ។
តាមរយៈលទ្ធផលដែលទទួលបានកាលពីថ្ងៃអង្គារនេះ គឺក្រុមចំបាប់កម្ពុជាបានឈ្នះមេដាយសំរឹទ្ធសរុបចំនួន ៥ សម្រាប់ការប្រកួតស៊ីហ្គេមលើកនេះ ហើយលទ្ធផលនេះ វាបានបង្ហាញពីការថមថយនូវគុណភាពរបស់ចំបាប់កម្ពុជា បើប្រៀបធៀបទៅនឹងការបង្ហាញខ្លួនលើកចុងក្រោយរបស់ពួកគេក្នុងស៊ីហ្គេម នៅមីយ៉ាន់ម៉ា កាលពីឆ្នាំ ២០១៣ ដោយកាលនោះក្រុមចំបាប់កម្ពុជាឈ្នះបានមេដាយមាស ៤ ប្រាក់ ២ និងសំរឹទ្ធ ៤។
ជុំវិញបញ្ហានេះ លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមហ្វេសប៊ុកពីប្រទេស ហ្វីលីពីន មកថា៖ «សម្រាប់យើង ការចូលរួមស៊ីហ្គេមលើកនេះ យើងរៀបចំបានល្អ ប៉ុន្តែយើងបានខកខានចូលរួមប្រកួតស៊ីហ្គេមនេះ ២ លើកមកហើយ គឺនៅសិង្ហបុរី ឆ្នាំ ២០១៥ និងម៉ាឡេស៊ី ឆ្នាំ ២០១៧ អ៊ីចឹងធ្វើឲ្យកម្រិតបច្ចេកទេសរបស់យើងរាងធ្លាក់ជាងមុន ស្របពេលដែលចំបាប់របស់សិង្ហបុរី និងថៃ នៅពេលនេះគេមានការឡើងខ្លាំង គឺសូម្បីតែឡាវ ក៏គេប្លែកជាងមុនច្រើនដែរ»។
យ៉ាងណាក៏ដោយ លោក វិចិត្រ បានបន្ថែមថា៖ «បើទោះបីជាយើងមិនបានចំណាត់ថ្នាក់ទៅដល់មេដាយមាស ឬប្រាក់ ប៉ុន្តែការដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥ នេះ ក៏ជារឿងគាប់ប្រសើរដែរ ព្រោះមេដាយទាំងនេះ យើងមិនទទួលបានដោយការចាប់ឆ្នោតនោះទេ គឺយើងបានដោយការប្រកួតឈ្នះ ហើយជាមួយគ្នានេះ ខ្ញុំសូមអរគុណដល់ NOCC ក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំឲ្យក្រុមចំបាប់មានការប្រមូលផ្តុំហ្វឹកហាត់ និងអរគុណដល់លោក Gordon Tang ដែលបានបញ្ជូនកីឡាការិនីរបស់យើងទៅហ្វឹកហាត់នៅចិន កន្លងមកនេះ»។
តាមរយៈការមិនដណ្តើមបានមេដាយមាស របស់ក្រុមចំបាប់កម្ពុជានេះ ក្នុងការប្រកួតថ្ងៃចុងក្រោយពីម្សិលមិញនោះ ធ្វើឲ្យប្រតិភូកីឡាកម្ពុជាបានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតស៊ីហ្គេម លើកទី ៣០ នៅប្រទេស ហ្វីលីពីន លើកនេះ ជាមួយការឈ្នះបានមេដាយមាសចំនួន ៤ រួមជាមួយមេដាយប្រាក់ ៦ និងសំរឹទ្ធចំនួន ៣៦ ហើយមេដាយមាសទាំង ៤ នេះ រកបានដោយកីឡាករល្បុក្កតោ យ៉ង់ ម៉េងលី ក្រុមប៉េតង់នារី វីរកីឡាការិនី ស៊ន សៀវម៉ី និងវីរកីឡាការិនីជឺជិតស៊ី ខាន់ ចេសា។
យ៉ាងណាក៏ដោយ ការឈ្នះបានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធ ៣៦ នេះ គឺវាស្របទៅតាមការដាក់សម្ទុះរបស់កម្ពុជា ក្នុងការដណ្តើមមេដាយមាសឲ្យបានច្រើនជាងការប្រកួតស៊ីហ្គេមលើកទី ២៩ នៅប្រទេស ម៉ាឡេស៊ី កាលពីឆ្នាំ ២០១៧ ដោយសារកាលនោះកម្ពុជា ដណ្តើមបានត្រឹមមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធ ១២ ប៉ុណ្ណោះ គឺតិចជាងស៊ីហ្គេមលើកនេះ៕