ភ្នំពេញ: ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​បាន​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​តាមរយៈ​ការឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ AFF U-22 Youth Championship ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​មីយ៉ាន់ម៉ា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​ក្នុង​លទ្ធផល ២-០ ក្នុង​ការប្រកួត​ជុំ​ទី​ ២ ​នៃ​ពូល B កាលពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិលមិញ​។ ការដណ្តើម​បាន​ជ័យជម្នះ​ដ៏រំភើប​រីករាយ​ពី​មុខ​អ្នកគាំទ្រ​របស់​ខ្លួន​នា​កីឡដ្ឋាន​ជាតិ​អូឡាំពិក​នេះ​បាន​កើតឡើង​ក្រោយពី​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​បាន​ចាប់ផ្តើម​យ៉ាង​ល្អ​នៅ​តង់​ទី​ ១ តាមរយៈ​ការរក​បាន​គ្រាប់​បាល់​បើក​ឆាក​របស់​ខ្លួន​នៅ​នាទី​ទី​ ២៦ ដែល​រក​បាន​ដោយ​កីឡាករ​ យ៉ើ សាហ្វី​។

បន្ទាប់មក​កីឡាករ​ ស៊ិន សុផាណាត់ បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ក្រោយពី​ចាប់ផ្តើម​លេង​បាន​ត្រឹម​តែ​ ៥ ​នាទី​នៅ​ដើម​តង់​ទី​ ២ ដើម្បី​បំពេញ​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​សម្រាប់​ក្រុម​របស់​ខ្លួន​តែ​ម្តង​។

ជ័យជម្នះ​មួយ​នេះ​មាន​ន័យ​ថា​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២២ ​ឆ្នាំ រក​បាន​ ៦ ​ពិន្ទុ​ពេញ​ពី​ការប្រកួត​ទាំង​ ២ ​លើក​របស់​ខ្លួន​ក្រោយពី​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ១-០ ក្នុង​ការប្រកួត​បើកឆាក​របស់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ផង​ដែរ​។

ជាមួយ​នឹង​ជ័យជម្នះ​នេះ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​ក៏​នឹង​មាន​សុវត្ថិភាព​ក្នុង​ការបញ្ចប់​ដោយ​ការ​ឈរ​លេខ​​ ១ ​ក្នុង​ពូល​របស់​ខ្លួន​ផង​ដែរ ក្រោយពី​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី​បាន​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ ២-២ ក្នុង​ការប្រកួត​ ១ ​គូ​ផ្សេង​ទៀត​ក្នុង​ពូល​តែ​មួយ​នា​ថ្ងៃ​ដដែល​នោះ បើ​ទោះបី​នៅ​សល់​ ១ ​ប្រកួត​ទៀត​ក៏ដោយ​។ ក្រុម​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើសជាតិ​ឥណ្ឌូនេស៊ី​អាយុ​ក្រោម​ ២២ ​ឆ្នាំ​នៅ​ល្ងាច​នេះ​ក្នុង​ការប្រកួត​ជុំ​ចុងក្រោយ​នៃ​ពូល​របស់​ខ្លួន ខណៈ​ដែល​ឥណ្ឌូនេស៊ី​ត្រូវ​តែ​ផ្តួល​ក្រុម​គោព្រៃ​មួយ​នេះ​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ក្នុង​នាម​ជា​ក្រុម​ឈរ​លេខ​ ២ ​ក្នុង​ពូល​មិន​ថា​ការជួប​គ្នា​រវាង​ក្រុម​ម៉ាឡេស៊ី និង​មីយ៉ាន់ម៉ា​បញ្ចប់​ក្នុង​លទ្ធផល​បែប​ណា​ក៏ដោយ​។

លោក Felix Agustin Gonzalez Dalmas គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​ ២២ ​ឆ្នាំ​បាន​បញ្ជាក់​ថា​លោក​បាន​សម្រេចចិត្ត​ពន្យារពេល​នៃ​ការវះកាត់​លើ​បញ្ហា​របួស​ជើង​របស់​លោក ដើម្បី​អាច​ដឹកនាំ​ក្រុម​របស់​លោក​ក្នុង​យុទ្ធនាការ​ប្រចាំ​តំបន់​ដែល​កំពុង​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​។ បើ​យោង​ទៅ​តាម​ទំព័រ Facebbook ផ្លូវការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា គ្រូបង្វឹក​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​និយាយ​បន្ទាប់ពី​បញ្ចប់​ការប្រកួត​ថា​៖ «​អរគុណ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់​។ ទោះបី​មាន​ការលំបាក​យ៉ាងណា​ក៏ដោយ ក៏​ពួកគេ​នៅ​តែ​ព្យាយាម​ធ្វើឲ្យ​បងប្អូន​ជន​រួមជាតិ​មាន​មោទនភាព​»​។

លោក Dalmas បាន​បន្ថែម​ទៀត​ថា​៖ «​របួស​របស់​ខ្ញុំ​ពិតជា​បង្ក​ឲ្យ​មាន​បញ្ហា​ឈឺចាប់​ចំពោះ​ខ្លួន​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​សម្រេចចិត្ត​មិន​ធ្វើការ​វះកាត់​ដោយសារ​តែ​ខ្ញុំ​ចង់​ដឹកនាំ​ក្រុម​ក្នុង​ការប្រកួត AFF U22​។ ប្រសិន​បើ​ខ្ញុំ​ធ្វើការ​វះកាត់ ខ្ញុំ​នឹង​ត្រូវ​សម្រាក​រយៈពេល​យូរ ហើយ​មិន​អាច​មក​ដឹកនាំ​ក្រុម​បាន​។ នៅក្នុង​ជីវិត​តែងតែ​មាន​ឧបសគ្គ​ដែល​ទាមទារ​នូវ​ការពុះពារ ហេតុនេះ​ខ្ញុំ​មិន​ឲ្យ​របួស​របស់​ខ្ញុំ​រារាំង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ឡើយ​»​។

ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​ ២២ ​ឆ្នាំ​នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម ឬ​ក្រុម​ជម្រើសជាតិ​ថៃ​អាយុ​ក្រោម​ ២២ ​ឆ្នាំ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​អាទិត្យ​ទី​ ២៤ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។

ក្រុម​ជម្រើស​ជាតិ​ថៃ និង​វៀតណាម​បាន​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត​ដូច​គ្នា​ពី​ការប្រកួត​ពូល A របស់​ខ្លួន​ក្រោយពី​ក្រុម​ខ្លាំង​ទាំង​ ២ រក​បាន ​៦ ​ពិន្ទុ​ដូច​គ្នា​ពី​ការប្រកួត​ ២ ​លើក​ដំបូង​របស់​ពួកគេ​។

ប៉ុន្តែ​ក្រុម​ខ្លាំង​ទាំង​ ២ ​នេះ​នឹង​ត្រូវ​ជួប​ប្រកួត​គ្នា​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​នៅ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដើម្បី​កាត់សេចក្តី​ថា ក្រុម​ណា​នឹង​ត្រូវ​បញ្ចប់​ដោយ​ការឈរ​លេខ​ ១ ​ក្នុង​ពូល​៕