ភ្នំពេញ: សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា និង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​លោក Felix Augustin រួមទាំង​ក្រុម​ការងារ​បាន​សម្រេច​ប្រមូលផ្តុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​ ២២ ​ឆ្នាំ (U22) រហូត​ដល់​ ៥៤ ​នាក់ ដើម្បី​អាច​សម្រិត​សម្រាំង​រក​អ្នកមាន​សមត្ថភាព​ល្អ​ពី ​២៣ ​ទៅ​ ២៥ ​នាក់​ត្រៀម​ការប្រកួត​ពាន AFF U22 Championship 2019 ក្នុង​នាម​ជា​ម្ចាស់ផ្ទះ តែ​ក្រុម​តំណាង​ឲ្យ​ប្រទេស​ ៣ បាន​ដកខ្លួន​ចេញ​ហើយ​។

ជុំវិញ​ការប្រមូលផ្តុំ​ដែល​មាន​កីឡាករ​ច្រើន​នេះ​លោក ឈូក ពិសិដ្ឋ អ្នក​ចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ប្រាប់​កាលពី​ថ្ងៃ​អាទិត្យ​ថា​៖ «​ការប្រមូលផ្តុំ​ក្រុម​ U22 វា​ខុសពី​ការប្រមូលផ្តុំ​ក្រុម​ធំ​ជម្រើស​ជាតិ​។ ក្រុម​ធំ​ជម្រើសជាតិ យើង​អាច​មើល​ឃើញ​សមត្ថភាព​កីឡាករ​តាមរយៈ​ការប្រកួត​លីក​កំពូល ចំណែក​ក្រុម​ក្រុម​យុវជន​ខ្លះ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​នៅ​លីក​កំពូល​ទេ អ៊ីចឹង​បើ​យើង​ជ្រើសរើស​យក​កីឡាករ​ទៅ​តាម​អ្វី​ដែល​យើង​មើលឃើញ​យើង​អាច​នឹង​មាន​ចន្លោះ​ខ្វះខាត​ច្រើន​ក្នុង​ការមើល​កីឡាករ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​»​។

លោក​បន្ថែម​ថា​៖ «​ការប្រមូលផ្តុំ​កីឡាករ​ច្រើន​នេះ​ក៏ដោយ​សារ​យើង​បាន​ទទួល​យក​មតិយោបល់​ពី​គ្រូបង្វឹក​នៅ​តាម​ក្លិប​មួយ​ចំនួន​ផងដែរ ដើម្បី​ចៀសវាង​ការជ្រើសរើស​កីឡាករ​មិន​បាន​ត្រឹមត្រូវ និង​មាន​ភាព​ច្បាស់លាស់ ហើយ​ផល​ចំណេញ​មួយ​ទៀត​អាច​ធ្វើឲ្យ​យើង​ស្គាល់​កីឡាករ​បាន​ច្រើន ដោយសារ​គ្រូបង្វឹក​បរទេស​របស់​យើង​ទើប​បាន​មក​រយៈពេល​ខ្លី​ពី​ ៣ ​ទៅ​ ៤ ​ខែ អ៊ីចឹង​បើ​គាត់​ស្គាល់​កីឡាករ​កម្ពុជា​បាន​ច្រើន វា​ជា​រឿង​ដ៏ល្អ​សម្រាប់​ការប្រមូលផ្តុំ​ត្រៀម​ការប្រកួត​លើក​ក្រោយៗ​ទៀត​»​។

យ៉ាងណា​ក៏ដោយ​លោក ឈូក ពិសិដ្ឋ ថា​ចំនួន​កីឡាករ​ទាំង​ ៥៤ ​នាក់​ដែល​បាន​ប្រមូលផ្តុំ​នៅ​ពហុកីឡដ្ឋាន​ជាតិ​តាំងពី​ថ្ងៃ​សៅរ៍​មក​នោះ​នឹង​ត្រូវ​ជម្រុះ​ចោល​ជាង​ ២០ ​នាក់​ក្រោយ​ការហាត់​រួម​គ្នា​បាន​មួយ​សប្តាហ៍ ហើយ​អ្នក​នៅ​សល់​នឹង​បន្ត​ហាត់​ដើម្បី​ត្រៀម​ពាន AFF U22 Championship ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១៧ នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ២៦ ខែ​កុម្ភៈ​។

លោក ពិសិដ្ឋ បាន​បន្ថែម​ថា​៖ «​ជាធម្មតា​ការជ្រើសរើស​កីឡាករ​សម្រាប់​ប្រកួត​គេ​ឲ្យ​មាន​តែ​ ២៣ ​នាក់​ទេ ប៉ុន្តែ​កម្ពុជា​យើង​អាច​នឹង​ទុក​​ ២៥ ​នាក់​ដោយសារ​យើង​អាច​នឹង​មាន​បញ្ហា​របួស​កីឡាករ ចំណែក​ការ​ជម្រុះ​កីឡាករ​យើង​អាច​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ១ ឬ​ទី​ ២ ខែ​កុម្ភៈ​គឺ​បន្ទាប់ពី​យើង​ផ្តល់​ឱកាស​ឲ្យ​ពួកគេ​បាន​ហ្វឹកហាត់​ជុំ​គ្នា​ ១ ​សប្តាហ៍ ហើយ​បន្ទាប់​មក​យើង​នឹង​ធ្វើការ​ប្រមូលផ្តុំ​ម្តង​ទៀត សម្រាប់​អ្នក​ដែល​យើង​បានជ្រើសរើស ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​តែម្តង​»​។

គួរ​បញ្ជាក់​ថា​កីឡាករ​ U22 ​ទាំង​ ៥៤ ​នាក់​ដែល​ប្រមូលផ្តុំ​លើក​នេះ​គឺ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ក្លិប​វិសាខា​ ១១ ​នាក់​ភ្នំពេញ​ក្រោន​ ១០ ​នាក់ បឹងកេត​ ៨ ​នាក់ ណាហ្គាវើល​ ៧ ​នាក់ ព្រះខ័នរាជ​ស្វាយរៀង​ ៥ ​នាក់​ក្រសួង​ការពារជាតិ​ ៤ ​នាក់​អគ្គិសនី​កម្ពុជា​ ៣ ​នាក់ អង្គរថាយហ្គឺរ​ ២ ​នាក់​សាលា​បាល់ទាត់​ជាតិ​បាទី​ ២ ​នាក់ អាស៊ី​អឺរ៉ុប​ ១ ​នាក់ និង​ក្លិប​សូល​ទីឡូ​អង្គរ​ ១ ​នាក់​។

យ៉ាងណា​ក៏ដោយ​លោក ឈូក ពិសិដ្ឋ ​បាន​បង្ហើប​ថា​នៅក្នុង​អំឡុងពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​នេះ ក្រុម ​U22 ​កម្ពុជា​ប្រហែល​ជា​គ្មាន​ការប្រកួត​មិត្តភាព​ដកស្រង់​បច្ចេកទេស​នោះ​ទេ​។ ចំណែក​ក្រុម​សិង្ហបុរី ប្រ៊ុយណេ និង​ឡាវ​បាន​ដកខ្លួន​ពី​ការប្រកួត​នេះ​ហើយ​ដែល​ធ្វើឲ្យ​ពាន AFF U22 Championship 2019 នៅ​សល់​ត្រឹម​ ៨ ​ក្រុម​ទេ​ក្នុង​នោះ​ពូល​ A មាន​វៀតណាម ថៃ ទីម័រ​ខាង​កើត និង​ហ្វីលីពីន ហើយ​ពូល​ B រួមមាន កម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ឥណ្ឌូណេស៊ី​៕