ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​ត្រូវ​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់ក្លាដែស​នៅ​ពហុកីឡដ្ឋាន​ជាតិ​នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សៅរ៍​ហើយ​នេះ​ក៏​ជា​ពេលវេលា​ដ៏ល្អ​មួយ​ដែល​កម្ពុជា​ត្រូវ​ប្រើប្រាស់​ភាព​មាន​ប្រៀប​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី ដើម្បី​កែប្រែ​កំណត់ត្រា​មិន​ធ្លាប់​ឈ្នះ​ក្រុម​បង់ក្លាដែស​កាលពី​អតីតកាល​ផង​ដែរ​។

សម្រាប់​ជំនួប​ ៣ ​លើក​កន្លង​មក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ចាញ់​ក្រុម​ជម្រើសជាតិ​បង់ក្លាដែស ២-១ ក្នុង​ការប្រកួត​ពាន AFC Challeng Cup 2006 មុន​ពេល​ក្រុម​ទាំង​ ២ ​ស្មើ​គ្នា ១-១ ក្នុង​ការប្រកួត​ពាន Nehru Cup 2007 ប៉ុន្តែ​ក្រុម​កម្ពុជា​បាន​បន្ត​ចាញ់​ក្រុម​បង់ក្លាដែស ១-០ នា​ជំនួប​ចុងក្រោយ​ក្នុង​ការប្រកួត​មិត្តភាព​កាលពី​ថ្ងៃទី​ ២៦ ខែ​មេសា ឆ្នាំ​ ២០០៩​។

យ៉ាងណា​មិញ​សម្រាប់​ការជួប​ក្រុម​ជម្រើសជាតិ​បង់ក្លាដែស​លើក​នេះ​គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លោក Felix Dalmas បាន​សម្រេច​ដាក់​ក្រុម​ U22 ​កម្ពុជា​ឲ្យ​លេង​វិញ​ម្តង​ដោយ​មិន​បាន​ដាក់​កីឡាករ​ធ្លាប់​មាន​បទពិសោធ​ច្រើន មាន​អាយុ​លើស​ពី​ ២៣ ​ឆ្នាំ​ឲ្យ​ចូលរួម​សូម្បីតែ​ម្នាក់​។

អ្នកចាំទី ហ៊ុល គឹមហ៊ុយ​, កែវ សុខសិលា​, សាវ៉ែង សំណាង កីឡាករ ស៊ិន សុផាណាត់​, អ៊ិន សូដាវីដ​, ស៊ិន កក្កដា​, កែន ច័ន្ទសុភ័ក្ត្រ​, អ៊ុក សុវណ្ណ​, សឿត បារាំង​, យ៉ើ មូស្លីម​, ឆេង ម៉េង​, យ៉ើ សាហ្វី​, អ៊ន ចាន់ប៉ូលីន​, ប្រាក់ ធីវ៉ា​, ទៀត គឹមហេង​, ទេស សម្បត្តិ​, សេត រ៉ស៊ីប, លី វ៉ាហេទ, ឈង់ ប៊ុនណាត​, ណារ៉ុង កក្កដា​, សៀង ចន្ធា និង ឈៀង ប៉េងហ៊ួ ដែល​ធ្លាប់​បាន​បង្ហាញ​ខ្លួន​នៅក្នុង​ការប្រកួត​ពាន AFF U22 Championship កន្លង​មក​សុទ្ធតែ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​លើក​នេះ ខណៈ សាន គឹមហេង និង កាន់ ពិសាល ក៏​ត្រូវ​បាន​កោះហៅ​ឲ្យ​ចូលរួម​ផង​ដែរ​។

ទោះបី​ជា​យ៉ាងណា​ការសម្រេច​ដាក់​ក្រុម​ U22 ​កម្ពុជា​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ​បង់ក្លាដែស​លើក​នេះ​ទទួល​បាន​ការស្វាគមន៍​ច្រើន​ពី​អ្នកគាំទ្រ ព្រោះ​អ្នក​ទាំងនេះ​ធ្លាប់​បាន​ផ្តល់​ភាព​ពេញចិត្ត​ដល់​អ្នកគាំទ្រ​នៅក្នុង​ការប្រកួត​ពាន​រង្វាន់ AFF U22 Championship 2019 កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ការសម្រេច​របស់​លោក Felix Dalmas នេះ​ក៏​អាច​ថា​ជា​រឿង​ថ្មី​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ផងដែរ ព្រោះ​កន្លង​មក​ក្រុម​យុវជន​កម្រ​បាន​បង្ហាញ​សមត្ថភាព​ក្នុង​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា​ណាស់​។

យ៉ាងណា​ក៏ដោយ​ការដាក់​ឲ្យ​ក្រុម​ U22 ​កម្ពុជា​ប្រកួត​មិត្តភាព​លើក​នេះ​គឺ​ក្រោម​ការពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​របស់​គ្រូបង្វឹក​ជនជាតិ​អាហ្សង់ទីន​លោក Felix Dalmas ហើយ​ការធ្វើ​បែប​នេះ​គឺ​លោក​ចង់​ឲ្យ​ក្រុម​យុវជន​ទាំងនេះ​ទទួល​បាន​បទពិសោធ​ថ្មីៗ​បន្ថែម​ទៀត ដើម្បី​ត្រៀម​ការប្រកួត AFC U23 Championship ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ប្រចាំ​ពូល​ H ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២២ ខែ​មីនា​ខាង​មុខ​នេះ​។

ដោយឡែក​ក្រុម​ជម្រើស​ជាតិ​បង់ក្លាដែស​ដែល​ដឹកនាំ​ដោយ​គ្រូ​ជនជាតិ​អង់គ្លេស​លោក Jamie Day បាន​នាំ​យក​កីឡាករ​ ២៣ ​នាក់​មក​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា​លើក​នេះ ហើយ​ពួកគេ​ភាគច្រើន​ជា​យុវជន​គឺ​នៅក្នុង​ចំណោម​អ្នក​ទាំង​ ២៣ ​នាក់​នោះ​មាន​កីឡាករ​លើស​អាយុ​ ២៣ ​ឆ្នាំ​តែ​ ៩​ នាក់​ទេ ក្រៅពី​នោះ​សុទ្ធតែ​ជា​យុវជន​មាន​អាយុ​ក្រោម​ ២៣ ​ឆ្នាំ​។ ហេតុនេះ​ជំនួប​របស់​ក្រុម​ទាំង​ ២ នៅ​ថ្ងៃ​សៅរ៍​នេះ​វា​នឹង​ក្លាយ​ជា​ការប្រកួត​ដែល​ផ្តោត​ខ្លាំង​ទៅ​លើ​ការពង្រឹង​សមត្ថភាព​ដល់​ក្រុម​យុវជន​ដូច​គ្នា​៕