ភ្នំពេញ: សម្រាប់ការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ជាប្រវត្តិសាស្ត្ររបស់កម្ពុជានៅឆ្នាំ ២០២៣ ខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រសួងអប់រំ យុវជន និងកីឡាព្រមទាំងមន្ត្រីជាន់ខ្ពស់ដឹកនាំស្ថាប័នកីឡាជាតិបានដាក់គោលដៅដណ្តើមយកមេដាយឲ្យបានច្រើន ដើម្បីឈរនៅចំណាត់ថ្នាក់ត្រឹមលេខ ៥ ក្នុងចំណោមប្រទេសចូលរួមទាំង ១១ ព្រោះក្នុងនាមជាម្ចាស់ផ្ទះ គប្បីមានប្រភេទកីឡាមានសក្តានុពលអាចដណ្តើមបានភាពខ្លាំងមិនអាចមានចំណាត់ថ្នាក់ក្រោមមធ្យមនោះទេ គឺបើមិនបានលំដាប់ជួរមុខទេ ក៏ត្រូវតែឈរក្នុងលំដាប់ពាក់កណ្តាលដែរ។
យ៉ាងណាក៏ដោយសម្រាប់ផែនការឆ្ពោះទៅស៊ីហ្គេមឆ្នាំ ២០២៣ ដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍តាំងពីឆ្នាំ ២០១៦ នោះ NOCC បានរៀបចំផែនការអនុវត្តចំនួន ៤ ដំណាក់កាល ខណៈដែលក្រុមមន្ត្រីដឹកនាំជាន់ខ្ពស់ និងមន្ត្រីជំនាញកីឡាបានសម្រេចដាក់គោលដៅគឺក្នុងឋានៈប្រទេសជាម្ចាស់ផ្ទះយ៉ាងហោចណាស់ក៏ដណ្តើមបានមេដាយមាសយ៉ាងតិចបំផុតឲ្យបាន ៣០ ភាគរយនៃវិញ្ញាសាទាំងអស់ក្នុងកម្មវិធីប្រកួតដែរ។
ទាក់ទឹងនឹងផែនការទាំង ៤ ដំណាក់កាលនោះលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ (CAMSOC) បានឲ្យដឹងថា ដំណាក់កាលទី ១ រៀបចំមូលដ្ឋានដែលត្រូវចាយពេលវេលាពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៧ ដោយសម្រេចបាននូវផែនការមេ និងបង្កើតបានរចនាសម្ព័ន្ធ CAMSOC។
ចំណែកដំណាក់ការទី ២ គឺអនុវត្ត និងពង្រឹងប្រសិទ្ធភាពដោយប្រើប្រាស់ពេលពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១ ក្នុងនោះរៀបចំស្ថាប័នជំនាញចំនួន ៣ ឲ្យដំណើរការគឺអគ្គលេខាធិការដ្ឋានរបស់ CAMSOC ដើម្បីដំណើរការគណៈកម្មការជំនាញ បង្កើតគុណវឌ្ឍិកីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រម ពិនិត្យកែលម្អជួសជុលទីលានប្រកួតឲ្យមានលក្ខណៈស្តង់ដា។
ចំពោះដំណាក់កាលទី ៣ ត្រូវត្រៀមឲ្យបានរួចរាល់នូវប្រភេទកីឡាដែលត្រូវដាក់ឲ្យប្រកួតនៅស៊ីហ្គេមឆ្នាំ ២០២៣ និងត្រូវប្រកួតធ្វើតេស្តនៅគ្រប់ព្រឹត្តិការណ៍កីឡាដោយត្រូវចំណាយពេលដល់ឆ្នាំ ២០២២ ហើយដំណាក់កាលទី ៤ គឺប្រតិបត្តិការព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ ២០២៣ និងការដោះស្រាយបញ្ហាផ្សេងៗនៅក្រោយការប្រកួតក្នុងឆ្នាំ ២០២៤ ដើម្បីចងក្រងជាឯកសារសម្រាប់ជាស្នាដៃ និងកេរ្តិ៍ឈ្មោះក្នុងនាមជាម្ចាស់ផ្ទះ មុនពេលប្រគល់ទង់ស៊ីហ្គេមឲ្យទៅប្រទេសដែលត្រូវធ្វើជាម្ចាស់ផ្ទះបន្ត។
សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដ៏ធំនៅប្រទេសកម្ពុជានាពេលខាងមុខនេះគឺតាមការព្យាករ និងតាមគម្រោងរបស់គណៈកម្មការរៀបចំនឹងមានអ្នកចូលរួមប្រមាណ ១០ ម៉ឺននាក់ក្នុងនោះអត្តពលិកជាង ៧០០០ នាក់រួមជាមួយមន្ត្រីអមប្រតិភូ ភ្ញៀវ អង្គការកីឡាអន្តរជាតិនានាប្រមាណ ៣០០០ នាក់ទៀត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC បានថ្លែងថា ដើម្បីឲ្យព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះទទួលបានលទ្ធផលល្អគឺ CAMSOC ត្រូវបង្កើតឲ្យបាននូវអង្គភាពជំនាញចំនួន ១៥ ស្ថាប័នជាស្ថាពរទី ១ គណៈកម្មករបើក និងបិទកម្មវិធីទី ២ មជ្ឈមណ្ឌលព័ត៌មានទី ៣ ទីផ្សារកីឡា និងចលនាឧបត្ថម្ភ ទី ៤ Games IT និងការធ្វើបណ្ណសម្គាល់ខ្លួន (AD Card)។
ចំណែកទី ៥ ត្រូវមានសន្តិសុខសណ្តាប់ធ្នាប់ទី ៦ ស្នាក់នៅ និងហូបចុកទី ៧ ទំនាក់ទំនង និងសេវាកម្មកីឡាទី ៨ ពិធីការ ទី ៩ កីឡា និងបទបញ្ញាតិ ទី ១០ ដឹកជញ្ជូន និងភ័ស្តុភារទី ១១ ទីលានប្រកួត ទី ១២ វប្បធម៌បរិស្ថាន និងអប់រំកីឡា ទី ១៣ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ទី ១៤ ក្រុមអ្នកស្ម័គ្រចិត្ត និងទី ១៥ វេជ្ជសាស្ត្រកីឡា។
លោក ថោង ខុន បានបន្ថែមថា៖ «ក្នុងមានជាម្ចាស់ផ្ទះរៀបចំប្រកួតគឺយើងត្រូវមានប្រៀបខ្ពស់ក្នុងការជ្រើសយកប្រភេទកីឡាណាដែលយើងមានសក្តានុពលជាងដើម្បីឈ្នះមេដាយ ព្រោះច្បាប់នៅក្នុងការជ្រើសរើសប្រភេទកីឡាសម្រាប់ដាក់ក្នុងស៊ីហ្គេមកំណត់ថាក្នុងចំនួនប្រភេទកីឡាថ្នាក់តំបន់ ឬកម្រិតទ្វីបចំនួន ៣៧ គឺយ៉ាងហោចណាស់យើងត្រូវជ្រើសរើសឲ្យបាន ១៤ ប្រភេទហើយក្នុងប្រភេទកីឡាអូឡាំពិកចំនួន ១៦ យ៉ាងហោចណាស់ក៏ត្រូវជ្រើសឲ្យបាន ៨ ប្រភេទដែរ ខណៈដែលកីឡាអត្តពលកម្ម និងហែលទឹកជាអាទិភាពដំបូងបំផុតដែលជ្រើសយកដោយខានមិនបាន»។
ជាមួយគ្នានេះដើម្បីសម្រេចឲ្យបានតាមគោលដៅ និងទទួលបានលទ្ធផលល្អ ក្នុងនាមម្ចាស់ផ្ទះត្រូវផ្តល់អាទិភាពធ្វើការបង្វឹក និងប្រមូលផ្តុំនូវកីឡាករកីឡាការិនីថ្នាលដែលមានវ័យចាប់ពី ១៣ ទៅ ១៥ ឆ្នាំ ព្រោះទម្រាំដល់ឆ្នាំ ២០២៣ ពួកគេមានអាយុពេញដើម្បីប្រកួត ឯថាមពល និងសមត្ថភាពរបស់ពួកគេក៏ល្អហើយអ្វីដែលសំខាន់ត្រូវបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
តាមការវាយតម្លៃសន្និដ្ឋានរបស់ CAMSOC កត្តាជោគជ័យទៅបានគឺត្រូវមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធមានប្រជាពលរដ្ឋ សិស្ស កម្លាំងប្រដាប់អាវុធ អង្គភាពកីឡាអ្នកជំនាញ និងត្រូវមាននូវឧបករណ៍សម្ភារហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់គ្រាន់តាមស្តង់ដាបច្ចេកទេស និងថវិកាទ្រទ្រង់សកម្មភាព តម្លាភាព គណនេយ្យភាព សុចរិតភាព ដើម្បីក្លាយខ្លួនក្លាយជាឧស្សាហកម្មកីឡា។
ចំពោះសកម្មភាពទាំងអស់នេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីឆ្ពោះទៅមហាកិត្តិយសស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះដែលរំពឹងមិនឲ្យធ្លាក់ក្រោមចំណាត់ថ្នាក់លេខ ៥ នោះឡើយ៕