ភ្នំពេញ: អ្នកជំនាញ​ខាង​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លោក Sheik Kok Chi បាន​ធ្វើការ​វាយតម្លៃ​ទៅ​តាម​បទពិសោធ​របស់​លោក​ថា ការធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ខាង​មុខ​កម្ពុជា​អាច​ចំណាយ​ជាង​ ២០០ ​លាន​ដុល្លារ​ទៅ​លើ​ការបណ្តុះ​ធនធាន​មនុស្ស និង​សម្រាប់​រៀបចំ​ការប្រកួត​។

ដោយ​មាន​ការបកប្រែ​សម្រួល​ពី​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC លោក Sheik Kok Chi បាន​ថ្លែង​បែប​នេះ​ថា​៖ «CAMSOC ត្រូវ​មាន​តម្រូវការ​ចាំបាច់​មួយ​ដែល​ខ្ញុំ​គិត​ថា កម្ពុជា​អាច​នឹង​ចំណាយ​ថវិកា​ជាង​ ២០០ ​លាន​ដុល្លារ​សម្រាប់​ការធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ឆ្នាំ​ ២០២៣ ដោយ​ក្នុង​នោះ​អាច​ថា​ចំណាយ​ ១០០ ​លាន​ដុល្លារ​ទៅ​លើ​ការអភិវឌ្ឍ​ការហ្វឹកហាត់​ក្នុង​ការពង្រឹង​សមត្ថភាព​របស់​អត្តពលិក​ក្នុង​វិស័យ​កីឡា​របស់​កម្ពុជា​ហើយ​ ១០០ ​លាន​ដុល្លារ​ទៀត​សម្រាប់​រៀបចំ​ការប្រកួត​ស៊ីហ្គេម​»​។

លោក​បន្ថែម​ថា​៖ «​ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការប៉ាន់ប្រមាណ​ទៅ​តាម​បទពិសោធ​របស់​ខ្ញុំ​តែ​ប៉ុណ្ណោះ ចំណែក​ការចំណាយ​ជាក់ស្តែង​វា​អាច​មាន​ការប្រែប្រួល​ទៅ​តាម​ការរៀបចំ​ព្រោះ​បើ​យើង​កាត់បន្ថយ​ចំនួន​ប្រភេទ​កីឡា វា​ក៏​បាន​ជួយ​សម្រួល​ទៅ​ដល់​ការចំណាយ​របស់​ប្រទេស​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ផង​ដែរ​»​។

ការលើក​ឡើង​របស់​លោក Sheik Kok Chi ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ហៅ​កាត់​ថា CAMSOC នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក្រោម​អធិបតី​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ជា​ប្រធាន CAMSOC លោក ថោង ខុន ប្រធាន NOCC និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​។

អង្គប្រជុំ CAMSOC ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់​។ ស្រេង ម៉េងស្រ៊ុន

ជុំវិញ​ការវាយតម្លៃ​ទៅ​លើ​ការចំណាយ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ របស់​លោក Sheik Kok Chi នេះ​លោក វ៉ាត់ ចំរើន បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្រោយ​កិច្ចប្រជុំ​ថា​៖ «​លោក​សាស្ត្រាចារ្យ Sheik Kok Chi គ្រាន់តែ​បង្ហាញ​នូវ​បទពិសោធ និង​ជំនាញ​របស់​គាត់​ដែល​គាត់​ប៉ាន់ប្រមាណ​ថា ការធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ​របស់​យើង​អាច​ចំណាយ​ក្នុង​រង្វង់​ ២០០ ​លាន​ដុល្លារ ប៉ុន្តែ​សំខាន់​វា​អាស្រ័យ​ទៅ​លើ​យើង​ព្រោះ​យើង​អាច​រៀបចំ​ទៅ​តាម​តម្រូវការ​របស់​យើង​ជា​ម្ចាស់ផ្ទះ​ប៉ុណ្ណោះ ហើយ​វា​ក៏​តម្រូវ​ទៅ​តាម​ប្រភេទ​កីឡា​ផង​ដែរ​»​។

ទោះបី​ជា​យ៉ាង​ណា​តាម​តួលេខ​ចំណាយ​នៃ​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​របស់​ប្រទេស​ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និង​ប្រទេស​សិង្ហបុរី​ដែល​បង្ហាញ​ដោយ​លោក Sheik Kok Chi គឺ​ប្រទេស​ជា​ម្ចាស់ផ្ទះ​ទាំងនេះ​សុទ្ធ​តែ​បាន​ចំណាយ​ថវិកា​អស់​លើស​ពី​ ២០០ ​លាន​ដុល្លារ​អាមេរិក ខណៈ​ម៉ាឡេស៊ី​ក៏​បាន​ចំណាយ​ច្រើន​ដូច​គ្នា​។

តាម​ការរៀបរាប់​របស់​លោក Sheik Kok Chi គឺ​ការប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ២៦ ឆ្នាំ​ ២០១១ ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី​បាន​ចំណាយ​អស់​ប្រមាណ​ ៣៤០ ​លាន​ដុល្លារ ឯ​ស៊ីហ្គេម​លើក​ទី​ ២៧ នៅ​ឆ្នាំ​ ២០១៣ ប្រទេស​មីយ៉ាន់ម៉ា​ចំណាយ​អស់​ប្រមាណ​ ៣៥៣ ​លាន​ដុល្លារ ហើយ​ស៊ីហ្គេម​លើក​ទី​ ២៨ ឆ្នាំ​ ២០១៥ ម្ចាស់ផ្ទះ​សិង្ហបុរី​បាន​ចំណាយ​អស់​ប្រមាណ ២៣៣ ​លាន​ដុល្លារ ខណៈ​ស៊ីហ្គេម​លើក​ទី​ ២៩ ឆ្នាំ​ ២០១៧ គឺ​នៅ​ម៉ាឡេស៊ី​ជា​ម្ចាស់ផ្ទះ​បាន​ចំណាយ​អស់​ប្រមាណ​ ១០៥ ​លាន​ដុល្លារ ប៉ុន្តែ​ចំនួន​នេះ​ម៉ាឡេស៊ី​មិន​ទាន់​បូក​បញ្ចូល​ការអភិវឌ្ឍ​ធនធាន​មនុស្ស​អស់​ខ្ទង់​ជាង​ ១០០ ​លាន​ដុល្លារ​នៅ​ឡើយ​។

យ៉ាងណា​ក៏ដោយ​លោក Sheik Kok Chi បាន​ធ្វើការ​អះអាង​ថា​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​នូវ​សារប្រយោជន៍​ជាច្រើន​ពី​ការធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ជា​លើក​ដំបូង​នៅ​ឆ្នាំ​ ២០២៣ ខាងមុខ​។ លោក​បាន​ថ្លែង​ថា​៖ «​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​មកវិញ​ច្រើន​ពី​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​នេះ​គឺ​ទី​ ១ យើង​នឹង​ទទួល​បាន​នូវ​ហេដ្ឋាន​រចនាសម្ព័ន្ធ​កីឡា​រឹងមាំ​ដែល​ជា​មរតក​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ហើយ​ទី​ ២ ទទួល​បាន​ភាពរឹងមាំ និង​ភាពប្រសើរ​ឡើង​ក្នុង​ការគ្រប់គ្រង​ដឹកនាំ​របស់​ចលនា​អូឡាំពិក​នៅ​កម្ពុជា​»​។

អ្នក​ជំនាញការ​កីឡា​ស៊ីហ្គេម​ដ៏​មាន​បទពិសោធ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ចំណែក​ទី​ ៣ កម្ពុជា​នឹង​ទទួល​បាន​នូវ​ការ​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​នៃ​ចលនា​អូឡាំពិក និង​រដ្ឋាភិបាល​កម្ពុជា​បាន​រឹងមាំ​ល្អ​ទី​ ៤ យើង​នឹង​ទទួល​បាន​នូវ​ភាពរឹងមាំ​ទៅ​លើ​កត្តា​ដឹកនាំ​ក៏​ដូចជា​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ជាតិ​ទី​ ៥ ធ្វើឲ្យ​មាន​ភាព​ស្តង់ដា​លើ​បច្ចេកទេស​នៃ​កីឡា​របស់​កម្ពុជា​កាន់តែ​ឡើង​ខ្ពស់​ទៀត​ទី​ ៦ យើង​ទទួល​បាន​នូវ​ភាព​ជា​ដៃគូ​ក្នុង​ការពង្រឹង​ការស្ម័គ្រចិត្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ការជួយ​ការងារ​កីឡា និង​ការងារ​សង្គម​ហើយ​ទី​ ៧ យើង​បាន​បង្កើត​នូវ​មូលដ្ឋាន​នៃ​ធនធាន​ថវិកា​រឹងមាំ​សម្រាប់​គាំទ្រ​ដល់​ចលនា​អូឡាំពិក​នៅ​កម្ពុជា​»​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​ ២៧ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នោះ​ដែរ​លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បាន​ជំរុញ​ឲ្យ​ក្រុម​ការងារ​របស់ CAMSOC ពន្លឿន​ការអនុវត្ត​ផែនការ​មេ​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ និង​បន្ត​រៀបចំ​ការពិគ្រោះ​យោបល់​នៃ​គម្រោង​ថវិកា​មួយ​ចំនួន​ទៀត​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​លោក ទៀ បាញ់ ជំរុញ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ពិនិត្យ​លទ្ធភាព​ក្នុង​ការផ្តល់​ថវិកា​ដើម្បី​បើក​អគ្គលេខាធិការដ្ឋាន ឬ​ការិយាល័យ CAMSOC ឲ្យ​បាន​លឿន ដើម្បី​ដំណើរការ​អនុវត្ត​ផែនការ​មេ​ស៊ីហ្គេម​ទៅ​មុខ​បាន​លឿន​៕