ភ្នំពេញ៖ ​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) ​សហការ​ជាមួយ​នឹង​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ​ ដើម្បី​​ផ្តល់​ការ​អប់រំ​ផ្សព្វផ្សាយ ​និង​បញ្ជ្រាប​ពី​តម្លៃ​នៃ​អូឡាំពិក ជូន​​ដល់​មហាជន ​យុវសិស្ស​ នៅ​ក្នុង​​ខេត្ត​កំពង់ស្ពឺ​ នា​​ថ្ងៃ​ព្រហស្បតិ៍ ​ទី ​១៩​ ខែ ​វិច្ឆិកា ​ឆ្នាំ ​២០២០​ ក្នុង​គោល​បំណង​ធ្វើ​សកម្មភាព​ឆ្ពោះ​ទៅ​កាន់​​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២ ​ឆ្នាំ ​២០២៣​ នៅ​​កម្ពុជា​ហើយ​​វាគ្មិន​ជា​អ្នក​ជំនាញ​ទ្រឹស្តី​កីឡា​ចំនួន​ ៣ ​នាក់ ​នឹង​ចូល​​ខ្លួន​មក​បំពេញ​បេសកម្ម​នេះ​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ភូមិ​ចំការដូង ​សង្កាត់​ច្បារមន ​ក្រុងច្បារមន​ ​​ខេត្ត​កំពង់ស្ពឺ​។​

លោក​ វ៉ាត់​ ចំរើន ​អគ្គលេខាធិការ​ NOCC បាន​ប្រាប់​​ថា​៖ ​«តាម​គម្រោង​នៃ​កម្មវិធី​ប្រចាំ​ឆ្នាំ​នេះ ​យើង​មាន​ច្រើន​ ប៉ុន្តែ​ដោយសារ​បញ្ហា​កូវីដ ​១៩​ យើង​បាន​កាត់​បន្ថយ​កម្មវិធី​ខ្លះ ​ដើម្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ហើយ​កម្ម​វិធី​នៅ​​​សប្តាហ៍​នេះ​ បាន​លើក​ទៅ​ខេត្ត​កំពង់ស្ពឺ ​វិញ»​។​

លោក​​បាន​បន្ត​ថា​ ​​កម្មវិធី​អប់រំ​គុណតម្លៃ​អូឡាំពិក​ ឆ្នាំ ​២០២០​ ដែល​រៀបចំ​ដោយ​ NOCC​ បាន​ធ្វើ​ឡើង​ក្រោម​ប្រធានបទ​សំខាន់ៗ​ចំនួន ៣​ ​ទី១ ការ​ចែក​រំលែក​នូវ​បទពិសោធ​ជោគជ័យ​ក្នុង​អាជីព​កីឡា​ក្នុង​នាម​ជា​អត្តពលិក​អូឡាំពិក​​ ទី២ ផ្សព្វផ្សាយ​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​នូវ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ ២០២៣​ និង​ទី៣​ ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល ​និង​អប់រំ​ស្ដីពី​ការ​ការពារ​ជំងឺ​កូវីដ ១៩​ និង​ការ​អប់រំ​ជាច្រើន​ទៀត​ ដោយ​អ្នក​ជំនាញ​មាន​បទពិសោធ​ក្នុង​កីឡា ​ជា​វាគ្មិន​ ​ហើយ​តាម​គម្រោង​កម្មវិធី​នេះ​ជា​លើក​ទី​៣​ បន្ទាប់​ពី​បាន​ធ្វើ​រួច​ហើយ​នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​កំពង់ធំ​។ ​

ចំណែក​លោក ​ប៊ុយ ​សុភ័ណ្ឌ​ អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​ខាង​លើ​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ ថា​ កម្មវិធី​នេះ​ មាន​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​អូឡាំពិក, ការ​ផ្សព្វផ្សាយ​ពី​ចលនា​អូឡាំពិក ​និង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ​ឆ្នាំ ​២០២៣​ នៅ​កម្ពុជា ព្រម​ទាំង​​​​អប់រំ​បណ្តុះបណ្តាល​គំនិត​ផ្សេងៗ ​អំពី​ការ​ធ្វើ​ចរាចរណ៍​ និង​ការ​ការពារ​ជំងឺ​​កូវីដ ​១៩​ ផង​ដែរ​។​

លោក​បាន​ប្រាប់​បន្ត​ថា៖ ​«សកម្មភាព​នេះ​ នឹង​បាន​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញ​ពី​ការ​យល់​ដឹង​របស់​យុវជន​ក្នុង​កីឡា​ ពិសេស​ការ​យល់​ដឹង​ពី​ការ​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ឆ្នាំ ​២០២៣​ ហើយ​តាមរយៈ​ការ​ផ្សព្វផ្សាយ​នោះ​ មាន​យុទ្ធនាការ​ផ្តល់​ជូន​ពលរដ្ឋ​ម្នាក់​លេង​កីឡា​មួយ​មុខ,​​ កម្ពុជា​ស្អាត ​និង​បដិសណ្ឋារកិច្ច​ល្អ​ រួម​ទាំង​​យុទ្ធនាការ​លុប​បំបាត់​គ្រោះថ្នាក់​ចរាចរណ៍​ និង​បញ្ហា​បង្ការ​គ្រឿង​ញៀន​ជា​ដើម»​។

បន្ថែម​លើ​នេះ លោក ​តុប ​បញ្ញា​ ប្រធាន​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​នេះ បាន​​​ប្រាប់​ថា​ ​តាម​កម្ម​វិធី​នឹង​មាន​វាគ្មិន​សំខាន់​ចំនួន ​៣ ​នាក់ ដើម្បី​​ផ្សព្វផ្សាយ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ ឆ្នាំ ​២០២៣​ ​ជាមួយ​អ្នក​ចូលរួម ​ដែល​យើង​ផ្តល់​ជូន​ភាគ​ច្រើន​សម្រាប់​​សិស្សានុសិស្ស​ នៅ​សាលា​អនុវិទ្យាល័យ​ឆាយឆុប ​​មាន​ទីតាំង​នៅ​ចំណុច​ភូមិ​ចំការដូង ​សង្កាក់​ច្បារមន ​ខេត្ត​កំពង់ស្ពឺ​។

លោក តុប បញ្ញា ​បញ្ជាក់​​ថា៖ ​«​គម្រោង​ពី​ដំបូង​ យើង​ត្រៀម​ផ្តល់​ជូន​សម្រាប់​ខេត្ត​កណ្តាល​ ប៉ុន្តែ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ ក្នុង​ការ​រក្សា​បាន​នូវ​សុវត្តិភាព​ រក្សា​នូវ​គម្លាត​ ព្រម​ទាំង​រក​ទីតាំង​មាន​បរិស្ថាន​ល្អ​ ធានា​រក្សា​បាន​ល្អ ​នូវ​សុវត្ថិភាព ​ស្រប​តាម​ការ​ណែនាំ​នោះ ​យើង​បាន​សម្រេច​ដាក់​កម្មវិធី​គម្រោង​ទី​៣ ​មួយ​នេះ ​ជូន​ទៅ​ដល់​​ខេត្ត​កំពង់ស្ពឺ​វិញ»​៕