ភ្នំពេញ៖ សហព័ន្ធ​កីឡា​កាយ​វប្បកម្មកម្ពុជា (កីឡា​បង្ហាញ​​សាច់​ដុំ)​ ដែល​មាន​ស្ថានភាព​លេច​ធ្លោ ​និង​ធ្លាក់​ចុះ ​មិន​ទៀង​ទាត់​នោះ គឺ​​បច្ចុប្បន្ន​បាន​ និង​កំពុង​ពង្រឹង​សមត្ថភាព​ឡើង​វិញ ​ជាមួយ​រចនា​សម្ព័ន្ធ​ដឹកនាំ​ថ្មី ដើម្បី​អាច​មាន​លទ្ធភាព​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ស៊ីហ្គេម​ជា​ថ្មី ខណៈ​កីឡា​​នេះ ​មាន​សក្តានុពល​ល្អ​ អាច​សង្ឃឹម​​ប្រជែង​បាន​មេដាយ​ផង​ដែរ នៅ​ពេល​ម្ចាស់ផ្ទះ​វៀតណាម​បាន​សម្រេច​ដាក់​ឲ្យ​មាន​ប្រភេទ​កីឡា​នេះ ​នៅ​ស៊ីហ្គេម​លើក​ទី​៣១​ ឆ្នាំ ​២០២១​​។

ជុំវិញ​ការងារ​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​ថ្ងៃ​ចន្ទ​ថា ​កម្ពុជា​បច្ចុប្បន្ន​មាន​គោលដៅ​ចង់​ឈាន​ជើង​ចូល​ចំណាត់​ថ្នាក់​លេខ ​៧ ​ឬ​លេខ ​៦​ ក្នុង​ចំណោម ​១១ ​ប្រទេស​ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម ​នៅ​ប្រទេស​វៀតណាម​។

ជាមួយ​គ្នា​នេះ ​​វៀតណាម​បាន​សម្រេច​ដាក់​បញ្ចូល​កីឡា​កាយវប្បកម្ម​ និង​កីឡា​វ៉ូវីណាម​​ជា​ផ្លូវ​ការ​ហើយ ​ហើយ​​កីឡា​ទាំង ​២ នេះ​ ​កម្ពុជា​យើង​សុទ្ធ​តែ​មាន​ធនធាន​ល្អ​ៗ អាច​ដណ្ដើម​បាន​មេដាយ​គួរ​ឲ្យ​រំពឹង​ទុក​។

លោក​បន្ត​ថា៖ «​កីឡា​កាយវប្បកម្ម​ ក៏​កម្ពុជា​មាន​ធនធាន​ល្អ​សម្រាប់​ការ​ដណ្ដើម​បាន​មេដាយ​ផង​ដែរ​ ព្រោះ​​ផ្អែក​តាម​លទ្ធផល​កន្លង​មក​ គឺ​កីឡា​កាយវប្បកម្ម​របស់​កម្ពុជា ​មាន​ឱកាស​ដណ្ដើម​បាន​មេដាយ​ល្អ ​ក្នុង​ព្រឹត្តិការណ៍​ពិភព​លោក​ ចំនួន ​៣ ​លើក​​។ ហេតុ នេះ​​ការ​ដាក់​បញ្ចូល​កាយវប្បកម្ម ​ចូល​ក្នុង​ស៊ីហ្គេម ​នៅ​វៀតណាម​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កីឡា​មួយ​នេះ ​មាន​ក្តី​សង្ឃឹម​ល្អ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​ចំណេញ​មេដាយ​ជាង​មុន​នៅ​ស៊ីហ្គេម ឆ្នាំ​ក្រោយ​ផង​ដែរ»​។​

គួរ​រំឭក​ថា ក្រុម​អ្នក​លេង​សាច់​ដុំ​កម្ពុជា​ធ្លាប់​បាន​បង្ហាញ​សមត្ថភាព​ម្តង​គត់ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ ​២០១៣ ហើយ​ក៏​​បាន​ឡើង​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ផង​ដែរ ប៉ុន្តែ​មិន​ដណ្តើម​បាន​មេដាយ​ទេ ដោយ​ក្នុង​នោះ​កីឡាករ សុខ សុភ័ក្តិ ទទួល​បាន​លេខ ​៤ ក្នុង​ការ​បង្ហាញ​សាច់ដុំ ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម ហើយ តឹក ប៊ុនវី បាន​លេខ ​៥ ក្នុង​ប្រភេទ ៧០ ​គីឡូក្រាម។

ក្រោយ​មក​ទៀត ក្រុម​លេង សាច់ដុំ​កម្ពុជា បាន​ឈ្នះ​​មេដាយ​មាស​ពិភព​លោក​ចំនួន ​២ ​លើក ព្រម​ទាំង​មេដាយ​ជា​ច្រើន​ទៀត ពី​ការ​ប្រកួត​ថ្នាក់​តំបន់​ នៅ​មុន​ពេល​សហព័ន្ធ​កីឡា​កាយវប្បកម្ម​កម្ពុជា ​បាន​បែក​បាក់​ផ្ទៃ​ក្នុង​នៅ​ដើម​ឆ្នាំ ​២០១៩ ប៉ុន្តែ​បច្ចុប្បន្ន កាយវប្បកម្ម​បាន​​ និង​កំពុង​រៀបចំ​ឲ្យ​មាន​ការ​ប្រមូល​ផ្តុំ ជា​លក្ខណៈ​ឯកជន ក្រោម​ការ​ដឹកនាំ​របស់​ប្រធាន​ថ្មី គឺ​អតីត​ម្ចាស់​មេដាយ​ប្រាក់​ពិភព​លោក តឹក ប៊ុនវី។

លោក វ៉ាត់​ ចំរើន បាន​​បញ្ជាក់​ថា៖ ​​«​យើង​កំពុង​ទាក់ទង​ឲ្យ​សហព័ន្ធ ​ដែល​មាន​កំណែ​ទម្រង់​ថ្មី​មាន​ថ្នាក់​ដឹកនាំ​ថ្មី​នេះ ​រៀបចំ​ប្រមូល​ផ្តុំ​បង្វឹក​កីឡាករ​ឲ្យ​បាន​ល្អ​ ដើម្បី​ចេញ​ទៅ​ប្រកួត ខណៈ​​​​វៀតណាម​ បាន​ដាក់ ​៣៦ ​ប្រភេទ​កីឡា​ នៅ​​ស៊ីហ្គេម ឆ្នាំ ​២០២១​ ចំណែក​កម្ពុជា ​នឹង​ត្រៀម​បញ្ជូន ​៣១ ​ប្រភេទ​កីឡា ​ឲ្យ​​ចូលរួម​ ​ហើយ​ក្នុង​ប្រភេទ​កីឡា​មាន​សក្ដានុពល​ដណ្ដើម​មេដាយ​បាន ​១១ ​ប្រភេទ​នោះ​ គឺ​បើ​មាន​កីឡា​កាយវប្បកម្ម​មួយ​ទៀត​ យើង​នឹង​សង្ឃឹម​កើន​ឡើង​ផង​ដែរ»​។

ចំណែក​លោក​ តឹក ​ប៊ុនវី ​ប្រធាន​សហព័ន្ធ​ ដែល​មាន​ប្រភព​ចេញ​ពី​កីឡាករ​ផ្ទាល់​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​ថា​៖ «​យើង​ទើប​ទទួល​បាន​ដំណឹង ឲ្យ​​ត្រៀម​ទៅ​ចូលរួម​ប្រកួត​ ហេតុ​នេះ​យើង​មាន​ក្លិប​ជា​លក្ខណៈ​ក្លិប​ឯកជន​ហាត់​ជា​បណ្តើរៗ​ ហើយ​​តាម​ខ្ញុំ​ដឹង​ វិញ្ញាសា​ប្រកួត​មាន​​ចំនួន ​២ ​គឺ​​ប្រកួត​​តាម​ប្រភេទ​ទម្ងន់​ និង​ប្រកួត​​តាម​​ប្រភេទ​ទម្ងន់ ​បូក​នឹង​កម្ពស់ ​ហើយ​យើង​បាន​សម្រិត​សម្រាំង​កីឡាករ​ចំនួន ​៥ ​នាក់​រួច​ហើយ»​។

ជាមួយ​គ្នា​នេះ លោក​ សុខ​ វណ្ណៈ​ ដែល​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា៖ ​«​យើង​កំពុង​រៀបចំ​ប្រមូល​កីឡាករ ​ដើម្បី​មក​ហ្វឹកហាត់​ត្រៀម ​ទៅ​ចូល​រួម​ប្រកួត ​ខណៈ​ដែល​កន្លង​មក​កីឡា​កាយវប្បកម្ម​ មិន​ធ្លាប់​ប្រមូល​ផ្តុំ​ ដែល​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នោះ​ទេ»៕