ឡូសអេនជឺលេស៖ ការជួបគ្នារវាងអតីតម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ Mike Tyson និង Roy Jones Jr. ក្នុងកម្មវិធីប្រកួតប្រដាល់សប្បុរសធម៌ ដែលដំបូងឡើយគ្រោងរៀបចំនៅខែក្រោយនេះ ឥឡូវត្រូវបានលើកទៅធ្វើនៅខែវិច្ឆិកា វិញហើយ។ នេះបើតាមការឲ្យដឹងពីក្រុមអ្នករៀបចំកាលពីថ្ងៃអង្គារ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនផ្គូផ្គង Triller បានឲ្យដឹងថា ការប្រកួតនៅក្រុងឡូសអេនជឺលេសឥឡូវនេះ នឹងកើតឡើងនៅថ្ងៃទី ២៨ ខែវិច្ឆិកា ដែលចំថ្ងៃចុងសប្ដាហ៍នៃពិធីបុណ្យប្រពៃណីរបស់អាមេរិក «Thanksgiving» (ពិធីបុណ្យរំឭកគុណ)។
លោក Jones វ័យ ៥១ ឆ្នាំ អតីតស្ដេចប្រដាល់ប្រភេទទម្ងន់មធ្យម ដែលធ្លាប់បានឈ្នះខ្សែក្រវាត់ពិភពលោក ក្នុង ៤ ប្រភេទទម្ងន់ផ្សេងៗគ្នា បានស្វាគមន៍ការផ្លាស់ប្ដូរកាលបរិច្ឆេទនេះ ដោយបាននិយាយថា៖ «ខ្ញុំត្រៀម និងខ្ញុំនៅតែត្រៀមសម្រាប់ថ្ងៃទី ២៨ ខែវិច្ឆិកា ដែលវានឹងកា្លយជាប្រដាល់ប្រវត្តិសាស្ត្រ»។
សម្រាប់លោក Tyson បានចូលនិវត្តន៍ពីកីឡាប្រដាល់ ក្នុងឆ្នាំ ២០០៥ ក្រោយពីចំណាយពេលក្នុងអាជីព ១ នេះ ដល់ទៅ ២ ទសវត្សរ៍ និងក្រោយពីបានបង្ហាញឥទ្ធិពលដ៏ខ្លាំងរបស់ខ្លួននៅលើសង្វៀនកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្នុងនាមជាម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់របស់ស្ថាប័ន ៤ ខុសៗគ្នានាពេលនោះ។
បើទោះជាការប្រកួតរវាងអតីតអ្នកប្រដាល់ឆ្នើមទាំង ២ ត្រូវបានមនុស្សក្នុងរង្វង់អ្នកប្រដាល់ជាច្រើនរិះគន់ក៏ដោយ ក៏លោក Tyson ដែលបច្ចុប្បន្នមានវ័យ ៥៤ ឆ្នាំ និយាយច្រំដែលថា ការប្រកួតនោះ គឺជាកម្មវិធីប្រកួតដ៏ខ្លាំងក្លាមួយ។
លោក Tyson ប្រាប់ថា៖ «ព្រោះខ្ញុំអាចធ្វើបាន ហើយខ្ញុំមានជំនឿជាក់ថា អ្នកដទៃ ក៏ជឿថា ពួកគេអាចធ្វើបាន។ យើងមិនមែនកំពុងលាងចានលាងឆ្នាំងទេ។ អ្នកខ្លះថា ចាស់ហើយត្រូវសម្រាក តែពួកគេមិនដឹងទេថា យើងមានអ្នកគាំទ្រច្រើនជាងអ្នកកំពុងហាត់ពេលនេះ»៕ AFP/VN