ភ្នំពេញៈ អ្នកជំនាញ​កីឡា​លោក វ៉ាត់ ចំរើន ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ីហ្គេម​លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ បានចាត់ទុក​ការទទួល​បាន​គោរមងារ ជា «​ជំទាវ​» របស់​វីរកីឡាការិនី ស៊ន សៀវម៉ី បាន​ក្លាយជា​គំរូ​ដ៏ល្អ និង​ជា​មោទនភាព​ក្នុង​វិស័យ​កីឡា​ដែល​នឹង​ជួយ​ជំរុញ​ផ្នែក​ចិត្តសាស្ត្រ​ដល់​ក្រុម​កីឡាករ កីឡាការិនី​របស់​កម្ពុជា​ឱ្យ​កាន់តែ​មាន​ការខិតខំ​ប្រឹងប្រែង ពង្រឹង​សមត្ថភាព ដើម្បី​ឈានទៅ​ដណ្តើមបាន​មេដាយមាស​នៅ​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ ពិសេស​ការប្រកួត​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

លោក វ៉ាត់ ចំរើន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ការផ្តល់​នូវ​គោរមងារ​ដល់​វីរកីឡាការិនី ស៊ន សៀវម៉ី នេះ ជាការ​លើកទឹកចិត្ត​មួយ និង​ជា​គំរូ​ល្អ​សម្រាប់​កីឡាករ កីឡាការិនី​ជាតិ​របស់​យើង ហើយ​ក៏​ជា​មោទនភាព​របស់​វិស័យ​កីឡា​ជំនាញ អ៊ីចឹង​នេះ​ជា​ការគាំទ្រ​ផ្នែក​ចិត្តសាស្ត្រ​កីឡា​ដ៏ល្អ​មួយ សម្រាប់​ជំរុញ និង​លើកទឹកចិត្ត​បន្ថែម​ដល់​អត្តពលិក​ទាំងអស់​នៅ​កម្ពុជា ដោយ​ពួកគាត់​ត្រូវ​ដឹងថា នៅពេល​ដែល​ខ្លួន​ទទួលបាន​ជោគជ័យ​លើ​ឆាក​អន្តរជាតិ ដើម្បី​កិត្តិយស មុខមាត់​ជាតិ គឺ​ជាតិ​នឹង​ផ្តល់​កិត្តិយស​ជូន​វិញ​»​។

គួរ​បញ្ជាក់ថា វីរកីឡាការិនី​តេក្វាន់ដូ ស៊ន សៀវម៉ី បាន​ទទួល​ងារ​ជា «​លោកជំទាវ​» ​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់​តែងតាំង និង​ផ្តល់​ឋានៈ​ជា​ជំនួយការ​សម្ដេច​វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នីតិកាល​ទី​ ៤ មាន​ឋានៈ​ស្មើ អគ្គនាយក​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ដោយ​ពុំ​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​។

ការត្រាស់បង្គាប់​តែងតាំង​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២ ខែកុម្ភៈ​ឆ្នាំ​ ២០២១ ​នេះ ក៏​ព្រោះ​វីរកីឡាការិនី ស៊ន សៀវម៉ី បាន​សាង​ស្នាដៃ​ច្រើន​ជូន​ជាតិ តាមរយៈ​ការដណ្តើម​បាន​មេដាយមាស​នៅលើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់​។ ស្នាដៃ​សំខាន់​របស់​ សៀវម៉ី គឺ​កញ្ញា​ជា​បេក្ខភាព​ដំបូង​គេ​ដែល​បាន​ឈ្នះ​មេដាយមាស​ពី​ការប្រកួត​កីឡា​អាស៊ី ឆ្នាំ​ ២០១៤ ឱ្យ​កម្ពុជា​បាន​មុនគេ​។

បន្ថែម​លើ​នេះ ស៊ន សៀវម៉ី ក៏​ជា​អត្តពលិក​ដំបូង​គេ​ដែល​ដណ្តើមបាន​កៅអី​ទៅ​ប្រកួត​អូឡាំពិក ដោយ​ពេញសិទ្ធិ​ឱ្យ​កម្ពុជា​ផងដែរ ហើយ​កីឡាការិនី​មាន​កម្ពស់​ ១,៨៣ ​ម៉ែត្រ​រូបនេះ​ក៏​ជា​ម្ចាស់​មេដាយមាស​ស៊ីហ្គេម ៣ ​សម័យកាល ផងដែរ ដោយ​ការ​ឈ្នះ​មេដាយមាស​ស៊ីហ្គេម​លើក​ទី​ ១ នៅ​មីយ៉ាន់ម៉ា ឆ្នាំ​ ២០១៣ លើក​ទី​ ២ នៅ​ម៉ាឡេស៊ី ឆ្នាំ​ ២០១៧ និង​លើក​ទី​ ៣ នៅ​ហ្វីលីពីន ឆ្នាំ​ ២០១៩ ខណៈ​ការចូល​ប្រកួត​ស៊ីហ្គេម​លើកដំបូង ឆ្នាំ​ ២០១១ នៅ​ឥណ្ឌូនេស៊ី សៀវម៉ី បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ ១​។

លោក វ៉ាត់ ចំរើន បន្តថា​៖ «​នៅក្នុង​កីឡា​ការផ្តល់​តម្លៃ​កិត្តិយស គឺ​វា​ថ្លៃ​ជាង​ទ្រព្យសម្បត្តិ ឬ​ថវិកា​ទៅទៀត ព្រោះ​ស្មារតី​កីឡា គេ​ឱ្យ​តម្លៃ​ទៅលើ​កិត្តិយស និង គុណតម្លៃ​របស់​មនុស្ស​នៃ​ការខិតខំ​ប្រឹងប្រែង​របស់​មនុស្ស ដែល​ស្គាល់​ខ្លួនឯង​ច្បាស់លាស់ អ៊ីចឹង​សូមឱ្យ​ចាត់ទុក​ការផ្តល់​គោរមងារ​នេះ​ជា​គំរូ​ដ៏​ល្អ ដល់​ក្រុម​អត្តពលិក​យើង ពិសេស​កីឡាការិនី​ជម្រើសជាតិ​របស់​យើង​ទាំងអស់​ដែល​ត្រៀម​ស៊ីហ្គេម សូម​ឱ្យ​យក​គំរូ​តាម​វីរភាព​របស់ ស៊ន សៀវម៉ី គឺ​បើទោះបី​ជា​កម្រិត​មេដាយ​របស់​កីឡាករ​យើង​នៅ​ទាប ប៉ុន្តែ​កុំ​ទាន់​អស់សង្ឃឹម គឺ​ត្រូវ​តស៊ូ​រក​មេដាយ​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ​ឱ្យបាន នោះ​កិត្តិយស​នឹង​ប្រសើរឡើង​»​។

អគ្គលេខាធិការ NOCC រូបនេះ​បន្ថែម​ថា​៖ «​ក្នុងនាម​ជា​អ្នកកីឡា ជា​អតីត​កីឡាករ និង​ជា​ថ្នាក់ដឹកនាំ​កីឡា​ម្នាក់ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​លោកជំទាវ ស៊ន សៀវម៉ី ដែល​ត្រូវបាន​ត្រាស់បង្គាប់​តែងតាំង​នេះ ហើយ​សូម​ឱ្យ​ការលើក​ទឹកចិត្ត​នេះ​ក្លាយ​ជា​ការជំរុញ​ចិត្តសាស្ត្រ​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត​ក្នុង​ការបន្ត​លើកកម្ពស់​វិស័យ​កីឡា​នៅ​កម្ពុជា​»៕