ម៉ា្រឌីដ៖ ពេលនេះស្ទើរតែគ្មានអ្នកចងចាំ Lionel Messi ទៅហើយ ហើយគួបផ្សំនឹងការរងបរាជ័យដ៏កម្រនឹងកើតមានរបស់ក្រុម Barcelona ក្រោមថ្វីជើងរបស់ Atletico Madrid កាលពីថ្ងៃសៅរ៍ទៀតនោះ វាធ្វើឱ្យកើតមានចម្ងល់រឹតតែច្រើនឡើងចំពោះទិសដៅនៃគម្រោងផែនការរបស់លោក Ronald Koeman។
ក្រុម Atletico មិនធ្លាប់ឈ្នះក្រុម Barca ឡើយ សម្រាប់ប្រកួតក្នុងលីគតាំងតែពីឆ្នាំ ២០១០ តែជ័យជម្នះ ១-០ នៅកីឡដ្ឋាន Wanda Metropolitano វាជាការអះអាងដ៏សមហេតុផលថា ពួកគេ គឺជាក្រុមប្រជែងពានដ៏ពិតប្រាកដ និងជាក្រុម ដែលមានសិទ្ធិឈ្នះពានក្របខ័ណ្ឌ La Liga ដោយឥតសង្ស័យនាពេលនេះ។
សម្រាប់ក្រុម Barca ដែលឈរនៅលេខ ១២ ជាមួយនឹង ១១ ពិន្ទុ បើទោះនៅសល់ ១ ឬ ២ ប្រកួត នៅក្នុងដៃ ប្រៀបជាមួយនឹងក្រុមនៅពីលើក៏ដោយ ក៏លទ្ធផលដ៏អាក្រក់ថ្មីៗ ពោលគឺការចាញ់ជាលើកទី៣ ក្នុងចំណោមការប្រកួត ៨ លើក ក្នុងលីគបានរុញក្រុមឱ្យធ្លាក់ទៅក្នុងវិបត្តិកាន់តែជ្រៅ អមមកជាមួយនឹងការមានរបួសធ្ងន់ធ្ងររបស់ Gerard Pique ដែលនាំឱ្យលោកគ្រូបង្វឹក Koeman សល់តែខ្សែការពារកណ្ដាល ដែលមានសុខភាពល្អម្នាក់ប៉ុណ្ណោះ។
តែអ្វីដែលជាការបារម្ភបន្ថែមទៀត គឺការដឹងថា Barca របស់លោក Koeman នាពេលនេះ ហាក់ដូចជាបាត់បង់វិញ្ញាណបាត់ទៅហើយ ពោលគឺអត់មានទាំងភាពពិសេសរបស់ក្រុមឱ្យបានច្បាស់លាស់ ឬក៏ការបង្កើតនូវមហិច្ឆតាឡើងវិញ ដោយរឿងទាំង ២ ហ្នឹង គេយល់ថា កើតឡើងក្រោយការតែងតាំងគ្រូបង្វឹកថ្មី។
«ដូចគ្រូបង្វឹកដទៃដែរ ខ្ញុំជាអ្នកទទួលខុសត្រូវទាំងស្រុង។ យើងត្រូវតែធ្វើឱ្យបានលទ្ធផលប្រសើរជាងនេះ។ យើងត្រូវតែធ្វើឱ្យប្រសើរទាំងតំបន់ការពារ និងប្រយុទ្ធ ហើយក្រោយពីនោះ ខ្ញុំមិនអាចធ្វើអ្វីលើសពីហ្នឹងឡើយ»។ នេះជាសម្ដីរបស់លោក Koeman កាលពីថ្ងៃសៅរ៍។
Koeman អាចកំពុងកែលម្អក្រុម តែក្រុមណាមួយក្នុងលោកនឹងអាចលៃចន្លោះទុកឱ្យកីឡាករដូចជា Messi, Antoine Griezmann, Ousmane Dembele, Frenkie de Jong, Jordi Alba, Pique និង Marc-Andre ter Stegen។
យ៉ាងណា ការកែប្រែ គឺត្រូវការការប្ដេជ្ញាចិត្ត និងមានភាពជាអ្នកដឹកនាំខ្ពស់ ហើយបញ្ហាដ៏ធំបំផុត ដែលត្រូវបានគេចាប់អារម្មណ៍នោះ គឺការមិនចុះសម្រុងគ្នា រវាងលោក Koeman និងកីឡាករប្រធានក្រុម Messi ដែលហាក់អស់មនោសញ្ចេតនាជាមួយក្រុមខ្លាំងទៅ ព្រោះបានសុំក្លិបចាកចេញនៅដើមរដូវកាល។
បើបុរសហូឡង់ Koeman វ័យ ៥៧ ឆ្នាំ មិនអាចមានទំនាក់ទំនងប្រសើរវិញជាមួយ Messi ដែលចូលលេងម្ដងៗ ហាក់ដូចគ្មានកម្លាំងកំហែង នោះប្រហែលជាការបោះឆ្នោតជ្រើសរើសប្រធានក្លិបថ្មីក៏មានន័យថា អាចមានអ្នកចាត់ការក្រុមថ្មីផងដែរ ដោយកិច្ចការទាំងនោះនឹងកើតមានភ្លាមៗនៅរដូវក្ដៅឆ្នាំក្រោយ ជាពេលដែល Messi អាចដើរចេញពីក្រុមដោយឥតតម្លៃខ្លួនដែរ។
រាល់ការផ្លាស់ប្ដូរនឹងនាំឱ្យមានការវឹកវរជានិច្ច ហើយការកែប្រែរបស់លោក Koeman អាចជា ១ ក្នុងចំណោមបញ្ហាវឹកវរទាំងនោះ៕ AFP/VN