ក្រុងប៊ឺនលី​: លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​និយាយ​ថា កា​រធ្វើដំណើររបស់​ក្រុម​លោក ទៅ​ទឹក​ដី​ក្រុម​ការ​ពារ​តំណែង​ជើងឯក Liverpool នៅ​ថ្ងៃ​អាទិត្យ​នេះ មិន​អាច​កើត​ឡើង​នៅ​ពេល​ណា ដែល​ប្រសើរ​ជាង​នេះ​ទេ ក្រោយ​​ក្រុម​របស់​ខ្លួន បាន​ឡើង​ទៅ​ឈរទី​​កំពូល​តារាងក្រប​ខ័ណ្ឌ Premier League ជា​លើក​ដំបូង ក្នុង​រយៈ​ពេល ៣ ឆ្នាំ​។

ការ​ស៊ុត​របស់​ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Paul Pogb ដែល​ប៉ះ​កីឡាករ​របស់​ក្រុម​គូប្រជែង​ ហើយ​ចូល​ទី បាន​ជួយ​ឱ្យ​ក្រុម​ Man United ឈ្នះ​ក្រុម Burnley ប្រផិត​ប្រផើយ ១-០ កាល​ពី​ថ្ងៃ​អង្គារ ដើម្បី​បាន​ឡើង​ទៅ​លេខ ១ ជាមួយ​នឹង​ការ​​នាំ​មុខ​ដាច់ ៣​ពិន្ទុ​លើ​ក្រុម​គូប្រជែង​ស្លាប់​រស់ Liverpool ដែល​​មិន​ឈ្នះ​សោះ ក្នុង​ចំណោម​ការ​ប្រកួត​នៅ​លីគ ៣​លើក​ចុង​ក្រោយ​របស់​ខ្លួន​។

«​វា​ជា​រឿង​អស្ចារ្យ​មែន​ទែន ដែល​ឡើង​ដល់​ទីតាំង​នេះ​»​។ នេះ​ជា​សម្ដី​ប្រកប​ដោយ​ភាពរីក​រាយ​របស់​លោក Solskjaer ដែល​អនាគត​របស់​ខ្លួន​ជា​អ្នក​ចាត់​ការ ត្រូវ​ស្ថិត​ក្រោម​សម្ពាធ​ នា​​ពេល​​​ប៉ុន្មាន​ខែកន្លង​ទៅ ក្រោយ​ពី​ដឹក​នាំ​ក្រុម​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ នៅ​ពេល​ចាប់​ផ្ដើម​រដូវកាល និង​ក្រោយ​ពី​ធ្លាក់​ចេញ​ពី​ក្រប​ខ័ណ្ឌ​​ Champions League ត្រឹម​វគ្គ​សន្សំពិន្ទុ​តាម​ពូល​។

គ្រូ​បង្វឹក​សញ្ជាតិ​ន័រវែសបាន​បន្ត​ថា​៖ «​យើង​ដឹង​ថា យើង​នឹង​ត្រូវ​ទៅ​ជួប​ក្រុម​ជើង​ឯក​។ ពួក​គេ​មាន​នូវរយៈ​ពេល​ដ៏​អស្ចារ្យ ប្រមាណ​ជា​ ៣ រដូវកាលកន្លះ ហើយ​យើង​ដឹង​ថា នោះ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ តែ​យើង​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​»​។​​

លោក​ Solskjaer បន្ថែម​ទៀត​ថា​៖ «​យើង​មិន​អាច​ធ្វើ​ដំណើរទៅ​ប្រកួត​នៅ​ទីនោះ​ឱ្យ​ល្អ​ជាង​ពេល​នេះ​ទៀត ព្រោះ​យើង​កំពុង​មាន​ទម្រង់​លេង​ល្អ ពោល​គឺ​កំពុង​លេង​ស៊ី​ចង្វាក់​គ្នា និង​ពេញ​ដោយ​ថាម​ពល ដែល​កូន​ក្រុម​ទាំង​អស់​ចង់​ឱ្យ​ល្អ​ប្រសើរ​ជាង​នេះ ហើយ​ប្រកួត​នេះ គឺ​ជា​តេស្ត​សាក​ល្បង​ម្ដង​ទៀត​សម្រាប់​ពួក​គេ​»​ មុន​ប៉ះ​​គ្នា ​នៅ​ថ្ងៃ​អាទិត្យ​នេះ ក្រុម​ Man United និង Liverpool ឈរ​នៅ​លេខ ១ និង​លេខ ២ បន្ត​បន្ទាប់​គ្នា ដោយមាន ៣៦​ ពិន្ទុ និង ៣៣ ពិន្ទុ ក្រោយ​ប្រកួត​បាន ១៧​ សប្ដាហ៍​ដូច​គ្នា​៕ AFP/VN