ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​​កង់​ភ្នំ Cambodia MTB Series 2019 បាន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ទី ​៤ ​ហើយ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី ​៣ ខែ វិច្ឆិកា ហើយ​ជុំ​នេះ​គឺ​មាន​ការ​​ប្រកួត​ស្វិតស្វាញ​កាន់​តែ​ខ្លាំង និង​ជក់​ចិត្ត ព្រោះ​ត្រូវ​ធ្វើ​នៅ​បរិវេណ​ភ្នំ​ប្រសិទ្ធិ៍ ក្នុង​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ផ្លូវ​បត់​បែន ឡើង​ទួល ​ចុះ​ទួល​ពោរ​ពេញ​ដោយ​ឧបសគ្គ ជាង​ការ​ប្រកួត ​៣ ​ជុំ​កន្លង​មក។

លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ ​«​ការ​ប្រកួត​ជុំ​ទី ​១​ នៅ​ទីលាន​ព្រែក​លៀប ជុំ​ទី ​២ នៅ​ខេត្ត​កែប និងជុំ​ទី ​៣ នៅ​ភ្នំ​ជាល ក្នុង​ខេត្ត​កំពង់ស្ពឺ កន្លង​មក​នេះ វា​មិន​សូវ​ជា​មាន​ឧបសគ្គ​ប៉ុន្មាន​ទេ ប៉ុន្តែ​ការ​ប្រកួត​ជុំ​ទី ​៤ នៅ​ភ្នំ​ប្រសិទ្ធិ៍​នេះ គឺ​មាន​ឧបសគ្គ​ខ្លាំង​ជាង ដោយសារ​ជម្រាល និង​ទួល ដែល​ត្រូវ​ឡើង គឺ​ខ្ពស់ៗ និង​អាច​មាន​ភាព​រអិល​ផង​ដែរ អ៊ីចឹង​ការ​ប្រកួត​ជុំ​ទី ​៤ ​នេះ នឹង​មាន​ភាព​ស្វិតស្វាញ​ខ្លាំង ជាង​ការ​ប្រកួត ​៣ ​ជុំ​កន្លង​មក»។

តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កង់​ភ្នំ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ការ​ចុះ​ឈ្មោះ​ចូលរួម​របស់​ក្រុម​អត្តពលិក ត្រូវ​បាន​បិទ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយ​មាន​អត្តពលិក​ប្រមាណ ​១៥០ នាក់​ ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត គឺ​​​ប្រហាក់​ប្រហែល​គ្នា ទៅ​នឹង​ការ​ប្រកួត​ ជុំ​ទី ​៤ កាល​ពី​ឆ្នាំ ​២០១៨ ​ដែរ ហើយ​អ្នក​ទាំង​នេះ ត្រូវ​បាន​បែង​ចែក​ការ​ប្រកួត​ទៅ​តាម​ប្រភេទ​អាយុ និង​​វិញ្ញាសា​ប្រកួត​ផ្សេងៗ​ទៅ​តាម​ការ​កំណត់​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន។

ជាមួយ​គ្នា​នេះ ការ​​ប្រកួត​នៅ​លើ​ទីលាន ដែល​មាន​ឧសគ្គ​ច្រើន ក្នុង​ជុំ​ទី ​៤ នេះ ត្រូវ​បាន​លោក នូ ចំរើន ចាត់​ទុក​ថា​ជា​ការ​ប្រកួត​សាកល្បង និង​ដក​ស្រង់​បច្ចេកទេស​យ៉ាង​សំខាន់​ទៅ​ដល់​ក្រុម​អត្តពលិក​កង់​ភ្នំ​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាព​បន្ថែម ពិសេស​កីឡាករ ហួត លយរស្មី និង​តាំង សីហា ដែល​នឹង​ត្រូវ​ចូល​រួម​ការ​ប្រកួត​កង់​ភ្នំ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ពី​ថ្ងៃទី ​៣០ ខែ ​វិច្ឆិកា ដល់​ថ្ងៃទី ​១១ ខែ ធ្នូ ឆ្នាំ ​២០១៩ ខាង​មុខ​នេះ។

អគ្គលេខាធិការ​ថ្មីថ្មោង លោក នូ ចំរើន បាន​បន្ថែម​ថា៖ ​«​​តាមរយៈ​ការ​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​បែប​នេះ វា​នឹង​ជួយ​ឲ្យ​កីឡាករ​របស់​យើង​ទាំង ២ ​នាក់ ទទួល​បាន​បទពិសោធ​កាន់​តែ​ច្រើន និង​មាន​ភាព​សម​កាន់​តែ​ខ្លាំង​ទៅ នឹង​ការ​ប្រកួត ដែល​មាន​ស្ថានភាព​ផ្លូវ​លំបាក​បែប​នេះ ព្រោះ​ការ​ប្រកួត​កង់​ភ្នំ​នៅ​ស៊ីហ្គេម ក៏​មាន​ស្ថាន​ភាព​ផ្លូវ​លំបាក​បែប​នេះ​ដែរ»។

លោក​​បាន​បញ្ជាក់​ថា៖ ​«​​ការ​ប្រកួត​នេះ វា​ជា​ពេល​ដែល​ពួក​គាត់​ បាន​វាស់​ស្ទង់​នូវ​​កម្រិត​បច្ចេកទេស ចំពោះ​ការ​ខិតខំ​ហ្វឹកហាត់​ប៉ុន្មាន​ខែ​មក​នេះ ដើម្បី​​​យើង​អាច​ដឹង​ថា​ តើ​ពួក​គាត់​នៅ​ខ្វះខាត​ចំណុច​ណា​ទៀត ដែល​យើង​ត្រូវ​បំពេញ​បន្ថែម មុន​នឹង​ពួក​គាត់​ទៅ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន៕​