ក្រុង​គួឡាឡាំពួ: សហ​ព័ន្ធ​បាល់​ទាត់​ពិភព​លោក (FIFA) និង​សហ​ព័ន្ធ​បាល់​ទាត់​អាស៊ី (AFC) បាន​ឲ្យ​ដឹង ក្នុង​សេចក្តី​ថ្លែង​ការណ៍រួមកាល​ពី​ថ្ងៃ​ពុធ​ថា ការ​​ប្រកួត​​ជម្រុះ ​នៅ​តំបន់​​អាស៊ី​​ សម្រាប់​ព្រឹត្តិ​ការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កាតា និង AFC Asian Cup 2023 នៅ​ចិន ត្រូវ​បាន​ពន្យា​ពេល​រហូត​ដល់​ឆ្នាំ​ក្រោយ ដោយ​សារ​ការរាត​ត្បាតពី​ជំងឺ​កូវីដ ១៩។

ក្រោយ​ពី​មាន​ការ​កំណត់​ត្រឹម​ថ្ងៃ​ទី​ ៣១ ខែ ​កក្កដា ឆ្នាំ​ ២០២០ សម្រាប់​ឲ្យ​សមាគម​សមា​ជិក​ពាក់​ព័ន្ធទាំង​អស់ (PMAs) ធ្វើ​ការ​បញ្ជូន​ឈ្មោះ​ទី​កន្លែង និង​ពេល​វេលា​ចាប់​ផ្ដើម​ប្រកួត សម្រាប់​ការ​ប្រកួត​ជុំទី៧ និង​ទី​៨ ក្នុង​ខែ​តុលា ឆ្នាំ​២០២០ បាន​ធ្វើ​ឲ្យ​យើង​ចាប់​អារម្មណ៍​ថា PMAs កំពុង​ប្រឈម​នឹង​បញ្ហា​ធ្ងន់​ធ្ងរ​ជុំ​វិញ​ការ​រៀប​ចំ​ការ​ប្រកួត​ ដោយសារ​ការ​រឹត​បន្តឹង​ការ​ដំណើរ​នៅ​តែ​បន្ត​ដាក់​ចេញ​ដោយ​រដ្ឋា​ភិបាល​នៃ​ប្រទេស​ជាច្រើន​ រួម​ជាមួយ​នឹង​ការ​លុប​ចោល​ជើង​ហោះ​ហើរ​នា​នា នេះ​មិន​គិត​ដល់​ការ​តម្រូវការ​ខាង​សុខា​ភិបាល​ដ៏​តឹង​រ៉ឹង​ចំពោះ​ការ​ធ្វើ​ដំណើរ​ជា​អន្តរ​ជាតិ​ផង​។

ដោយ​ពិចារណា​ហេតុការណ៍​ខាង​លើ និងយោង​តាម​ស្ថាន​ភាព​បច្ចុប្បន្ន​នៃ​ជំងឺ ១៩ ក្នុង​ប្រទេស​ជា​ច្រើន FIFA និង​ AFC បាន​រួម​គ្នា​សម្រេច​ថា ការ​ប្រកួត​ជម្រុះ នា​ពេល​ខាង​មុខ សម្រាប់​ព្រឹត្តិ​ការណ៍ FIFA World Cup 2022 នៅ​ប្រទេស​កាតា និង AFC Asian Cup 2023 នៅ​ចិន ដែល​ដើម​ឡើយគ្រោង​កំណត់​ធ្វើ​ក្នុង​កំលុង​ការ​ប្រកួត​អន្តរ​ជាតិនៅ​ខែ​តុលា និង​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ នោះ នឹង​ត្រូវ​រៀប​ចំ​កាល​បរិច្ឆេទ​ឡើង​វិញនៅ​ឆ្នាំ ២០២១ ខាង​មុខ​។

ក្នុង​គោល​បំណង​ការពារ​សុខ​ភាព និង​សុវត្ថិ​ភាព​របស់​អ្នក​ចូល​រួម​ទាំង​អស់ FIFA និង AFC នឹង​បន្ត​ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ស្ថាន​ភាពក្នុង​តំបន់ និង​កំណត់​កាល​បរិច្ឆេទ​ថ្មី​សម្រាប់​ការ​ប្រកួត​ជម្រុះ​រៀ​ង​ៗ​ខ្លួន​។ ព័ត៌​មាន​លម្អិត​បន្ថែម​អំពី​កាល​បរិច្ឆេទ​ថ្មី សម្រាប់​ការ​ប្រកួត​ជម្រុះ​ជុំ​បន្ទាប់ សម្រាប់​ព្រឹត្តិ​ការណ៍ FIFA World Cup 2022 និង AFC Asian Cup 2023 នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​ក្នុង​ពេល​វេលា​សម​រម្យ​៕ VN