ភ្នំពេញ៖ អ្នក​ប្រ​ដាល់​ឆ្នើមៗ​មួយ​ចំនួន​ ដែល​ទទួល​បាន​មេដាយ ​ឬ​ខ្សែ​ក្រ​វាត់​កំពុង មាន​កម្រិត​វិជ្ជា​គុន​ធ្លាក់​ចុះ ​ក្រោយ​ពី​ល្បី​ល្បាញ​មួយ​រយៈ​ ខណៈ​ដែល​​កីឡាករ​ទម្ងន់​ស្រាល​ជំនាន់​ក្រោយ​មួយ​ចំនួន ​ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ថា​ ការ​ប្រ​កួត​មាន​ភាព​ទាក់​ទាញ ​មាន​ប្រិយ​ភាព​ខ្លាំង​ ធ្វើ​ឲ្យ​​មហា​ជន​គាំ​ទ្រ​ច្រើន​ផង​ដែរ​។​

ក្នុង​ការ​ប្រ​កួត​មិត្ត​ភាព​អន្តរជាតិ​ នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​ កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ​អ្នក​ប្រដាល់​ទម្ងន់​ស្រាល​វ័យ​ក្មេង​ ២​ នាក់​ គឺ​ ហ៊ឹម​ សេរី​ និង ​អេលីត ​ចំរើន ​បាន​ប្រ​កួត​យក​ឈ្នះ​ថៃ ដោយ​មាន​ការ​​គាំ​ទ្រ​ពេញ​ទំហឹង ​ពី​មហា​ជន​ ស្រប​ពេល​​គូ​ល្បី​ល្បាញ​កម្រិត​ខ្ពស់​ដូច​ជា ​ឃីម ​ឌីម៉ា​ ម្ចាស់​មេដាយ​មាស ​ស៊ី​ហ្គេម​ ឆ្នាំ ​២០១៧​ បាន​ប្រ​កួត​ចាញ់​ប្រៀប​កីឡាករ​ថៃ ​Kev ​Kongvan​ ប៉ុន្តែ​ត្រូវ​បាន​គណៈ​កម្មការ​រៀប​ចំ​ប្រ​កួត ​យិត​យោង​ឲ្យ​បាន​លទ្ធផល​ស្មើ​គ្នា​ទៅ​វិញ​។​

ហ៊ឹម​​ សេរី​ មក​ពីក្លិប​​តាព្រហ្ម​មាន​ជ័យ ដែល​​វ៉ៃ​ក្នុង​ទម្ងន់​ ៥១ ​គីឡូក្រាម​ បានប្រកួត​ឈ្នះ​​កីឡាករ​ថៃ​ Ram Bou នៅ​ត្រឹម​ទឹក​ទី៣​។ នៅក្នុង​ការ​​ប្រ​កួត​​២​ទឹក​ដំបូង ​គឺ​មាន​ភាព​​ស្វិត​ស្វាញ​បំផុត ដោយ​​មិន​ទាន់ឃើញ​កីឡាករ​​ណា​ ​មាន​ប្រៀប​ជាង​គ្នា​នោះ​ទេ​ ​ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី៣ ហ៊ឹម ​សេរី ​ឡើង​​ជង្គង់​បាន​ល្អ ​ធ្វើ​ឲ្យ​គូ​ប្រកួត​ខ្លួន​សន្លប់​ធំ​តែ​ម្តង ​បន្ទាប់​ពីលោក​អាជ្ញា​កណ្តាល​ ណន ​រិទ្ធ ​រាប់​ដល់​ ៨​ ចំនួន ​២ ​​លើក​។

មាន​គូ​ជក់​ចិត្ត​មួយ​ទៀតគឺ ​កីឡាករ អេលីត​​ ចំរើន ​មក​ពី​ក្លិប​ឆ្មាស​សែន​សុខគុន​ខ្មែរ​ (ពី​មុន​នៅ​ក្លិប​ផ្សេង​ដាក់​ឈ្មោះ​ ឯម ​ចំរើន​) ​បាន​​យក​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ថៃ​ Yort Vandy ​បន្ទាប់​ពី​ប្រ​កួត​គ្នា​ជក់​ចិត្ត​ ស្វិត​ស្វាញ​ចំនួន ៤​ ទឹក​ ហើយ​ស្នៀត​កែង​ និង​កណ្តាប់​ដៃ​របស់ ​ចំរើន ​វ៉ៃ​ចេញ​មាន​ប្រ​សិទ្ធិភាព​ខ្ពស់ ​បង្ខំ​ឲ្យ ​Yort Vandy ​សន្លប់ នៅទឹក​ទី​៤ ​ដោយ​ស្មាន​មិន​ដល់​។

កីឡាករ អេលីត ចំរើន បាន​ធ្លាក់​ទៅ​លើអ្នក​ប្រដាល់​ថៃ Yort Vandy ក្នុង​ជំនួបកាលពី​ថ្ងៃ​អាទិត្យ។យឺន ពន្លក

​ចំណែក​ការ​​ប្រ​កួត​រវាង​កីឡាករ​ថៃ​ និង​​ម្ចាស់​មេដាយ​មាស​ ​ឃីម ​ឌីម៉ា ​និង ​ឡុង ​សំណាង​ ដែល​​​ជា​​កីឡាករ​ជម្រើស​ជាតិ​គុន​ខ្មែរ​នោះ ​​បាន​​ធ្លាក់​ការ​គាំ​ទ្រ​ពី​មហា​ជន​ ​ខណៈ​ដែល ​ឡុង ​សំណាង បាន​​ប្រឹង​អស់​ពី​សមត្ថភាព​ ស៊ូ​បាន​តែ​ ៤​ ទឹក ចំណែក​ឯ​ ឃីម​ ឌី​ម៉ា​ បាន​ចាញ់​ប្រៀប​កីឡាករ​ថៃ ​ក្នុង​ការ​ប្រ​កួត​ចំនួន​ ៥​ ទឹក​ពេញ​​ ប៉ុន្តែ​ចប់​ការ​ប្រ​កួត ​គណៈ​កម្មការបាន​​យិត​យោង​ឲ្យ​ស្មើ​គ្នា​។​

ចំណាត់​ការ​នេះ​ ជា​មនោ​សញ្ចេតនា​មួយ​ ដែល​លើក​ស្ទួយ​ម្ចាស់​មេដាយ​ខ្លាំង​ពេក ​នាំ​ឲ្យ​តម្លៃ​កិត្តិ​យស​កីឡាករ​ធ្លាក់​ចុះ​ ហើយ​ក៏​​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ ​ការ​លើក​តម្កើង​ពេក​នាំ​ឲ្យ​កីឡាករ​បាន​ចិត្ត ​មិន​សូវ​ហាត់ ​និង​គោរព​វិន័យ​បាន​ល្អ ​ស្រប​ពេល​មហា​ជន​ភាគ​ច្រើន​នាំ​គ្នា​រិះ​គន់​ថា​ កម្រិត​សមត្ថភាព​កីឡាករ​ខ្មែរ​ឈ្នះ​បាន​តែ​កីឡាករ​ថៃ ​កម្រិត​ត្រឹម​ ​B ​ឬ ​C ​ប៉ុណ្ណោះ​ បើ​យក​កម្រិត ​A​របស់​ថៃ​វិញ ​គឺ​ចាញ់​ដេក​ទាំង​អស់​។​

លទ្ធ​ផល​នេះ​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មិន​សូវ​សប្បាយ​ចិត្ត​ ​ព្រោះ​ក្រោយ​ការ​ប្រ​កួត​មានការ​រិះ​គន់​​​តាម​បណ្តាញ​ហ្វេសប៊ុក​ចំពោះ​កីឡាករ ​ឌី​ម៉ា ​យ៉ាង​ ខ្លាំង​​ដូច​ជាថា ​ឌីម៉ា ​វ៉ៃ​មហា​អន់​ និង​ឈ្នះ​បាន​តែ​ថៃ​អន់ៗ​ប៉ុណ្ណោះ​ នៅ​ពេល​គេ​ល្អ​ដែរ ​គឺ​គ្មាន​ក្បាច់​វ៉ៃ​គេ​ទេ​ ហើយ​មិន​តែ​ប៉ុណ្ណោះ​ការ​ចាញ់​ប្រៀប​កីឡាករ​ថៃ​ Kev ​Kongvan ហើយ​គណៈកម្មការ​បាន​ទាញ​យក​មក​ស្មើ ​គឺ​ជា​វប្បធម៌​លម្អៀង​ ដែល​គួរ​តែ​កែ​ប្រែ​ ​ព្រោះ​​ក្រុម​អ្នក​ទស្សនា​មិន​ចូល​ចិត្ត»​។​

លោក ​ហេង ​ប៊ុនឃីម ជា​​ឪពុក​បង្កើត​របស់​កីឡាករ ឃីម ឌីម៉ា ​បាន​​និយាយ​ថា​៖«​បើ​និយាយ​ពី​ពិន្ទុ​តាម​បច្ចេក​ទេស គឺ​ ​ឌីម៉ា​ ចាញ់​គេ​មែន ដោយ​សារ​​ដួល​ច្រើន​ និង​ចាញ់​ក្បាច់​ឱប​ឡើង​ជង្គង់ ​ប៉ុន្តែ​គេ​ឲ្យ​ស្មើ ​វាជា​​រឿង​របស់​គណៈកម្មការ ​កុំ​មក​ខឹង ​និង​ជេរ​កូន​ខ្ញុំ​ថា ​វ៉ៃ​មិន​កើត​ ចុះ​ពេល​គ្នា ​មានសមត្ថ​ភាព ឈ្នះ​បាន​មេដាយ​មាស​ ​ម៉េច​ក៏​មិន​ថា​ផង!​»។

លោក​បញ្ជាក់​បន្ថែម​ថា​៖​«ខ្ញុំ​មិន​ខ្វល់​ពី​អ្នក​ជេរ​ទេ​ ​ព្រោះ​វា​មិន​យល់​ពី​កីឡា​។ ​ឌីម៉ា ​ប្រ​កួត​ជាង​២០​លើក ​បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​ គឺ​ចាញ់​តែ​៣​លើក​ ស្មើ​១​លើក​នេះទេ ​ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​ ឌីម៉ា ​គឺ​ចាញ់​តែ​កីឡាករ​វ៉ៃ​រត់​ប៉ុណ្ណោះ ​តែ​បើ​កីឡាករ​ណា​ចិត្ត​សឿង​ឡើង​មក​វ៉ៃ​កុំរត់​តតាំង​ជា​មួយ​គ្នា​ គឺ​ ៩៩​ ភាគ​រយ​ ឌីម៉ា​ វ៉ៃ​ឲ្យ​សន្លប់​បាន​»។

លោក ​ហេង ​សុខ​ឃីម​ បាន​បន្ត​ថា៖​ «​ខ្ញុំ​ឆ្ងល់​កីឡាករ​មាន​ចាញ់​មាន​ឈ្នះ​ចឹង ​ហើយ​បើចាញ់​ឲ្យ​ចាញ់​ទៅ ​ឈ្នះ​ឲ្យ​ឈ្នះ​មក ​គឺ​អ្នក​ណា​ក៏​ចង់​បានអ៊ីចឹង​ដែរ ​តែ​នេះ​ជា​រឿង​របស់​គេ​កុំ​មក​ខឹង​ ឌីម៉ា​»​៕​​​