ភ្នំពេញៈ ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើក​ទី​ ៣ ប្រចាំ​ឆ្នាំ​ ២០១៩ ដែល​បាន​ធ្វើ​ឡើង​ចំនួន​ ៣ ​ថ្ងៃ​នៅ​ក្លិប​កីឡា​អលស្តារ សង្កាត់​បឹងត្របែក រាជធានី​ភ្នំពេញ​នោះ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ម្សិលមិញ ខណៈ​ក្រុម​អត្តពលិក​របស់​សមាគម​ក្រសួង​មហាផ្ទៃ​ដណ្តើម​បាន​មេដាយ​ច្រើន​ជាង​គេ​។

តាម​របាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​អង្គភាព​កីឡា​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​កីឡាករ កីឡាការិនី​ចូលរួម​ចំនួន​ ១០៩ ​នាក់ (​ស្រី​ ៩ ​នាក់​) គឺ​មាន​ចំនួន​ច្រើន​ជាង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​កន្លង​មក​។

ទាក់ទង​ទៅ​នឹង​ការប្រកួត​នេះ​លោក ជា ប៊ុនហេង បាន​បញ្ជាក់​ថា​៖ «​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ពានរង្វាន់​សម្ដេច​ក្រឡាហោម ស ខេង លើ​ទី​ ៣ ប្រចាំ​ឆ្នាំ​ ២០១៩ ​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​អបអរសាទរ​ខួប​ជ័យជម្នះ​លើក​ទី​ ៤០ នៃ​ថ្ងៃ​រំដោះ ៧ ​មករា ឆ្នាំ​ ១៩៧៩-២០១៩ ហើយ​ព្រឹត្តិការណ៍​នេះ​មាន​អត្តពលិក​ ១០៩ ​នាក់​ចូលរួម​ដោយ​ពួកគេ​លេង​តំណាង​ឲ្យ​ក្លិប​ចំនួន​ ១១ ​មកពី​ទូទាំង​ប្រទេស​កម្ពុជា​»​។

អត្តពលិក​តំណាង​ក្លិប​ទាំង​ ១១ ដែល​បាន​ចូលរួម​នៅ​ក្នុង​ការប្រកួត​កីឡា​វាយ​កូនឃ្លី​លើ​តុ​ពានរង្វាន់ ស ខេង លើក​ទី​ ៣ ឆ្នាំ​ ២០១៩ ​នេះ​គឺ​ពួកគេ​ត្រូវ​ប្រកួត​ប្រជែង​នៅ​លើ​វិញ្ញាសា​ប្រកួត​ចំនួន​ ៦ រួមមាន​ប្រកួត​វាយ ឯកត្តជន​អាយុ​ ៥០ ​ឆ្នាំ​ឡើង​អាយុ​ក្រោម​ ៥០ ​ឆ្នាំ​អាយុ​ក្រោម​ ៣០ ​ឆ្នាំ និង​វាយ​ឯកត្តជន​នារី ព្រម​ទាំង​ការប្រកួត​វាយ​គូ និង​ប្រកួត​វាយ​គូ​ចម្រុះ​។

តាមរយៈ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ចំនួន​ ៣ ​ថ្ងៃ​នោះ​គឺ​ក្រុម​ក្រសួង​មហាផ្ទៃ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ១ ក្នុង​នាម​ជា​ក្លិប​ដែល​ប្រជែង​បាន​មេដាយ​ច្រើន​ជាង​គេ គឺ​មេដាយ​មាស​ ២ ប្រាក់​ ៣ និង​សំរឹទ្ធ​ ៣ ហើយ​តាម​ពីក្រោយ​ដោយ​ក្លិប​អលស្តារ​ដោយ​ឈ្នះ​មេដាយ​មាស​ ២ ប្រាក់​ ១ ​សំរឹទ្ធ​ ២ ក្លិប​កីឡា​មានជ័យ​ឈ្នះ​បាន​មេដាយមាស​ ២ និង​ប្រាក់​ ១ ​។

ចំណែក​ក្លិប​កីឡា​ស៊ីធីស្ពត​ឈ្នះ​មេដាយមាស​ ១ សំរឹទ្ធ​ ១ ក្លិប​អគ្គស្នងការ​នគរបាល​ជាតិ​ឈ្នះ​បាន​មេដាយមាស​ ១ និង​ក្លិប​មកពី​អង្គភាព​អគ្គភ័ស្តុភារ​ហិរញ្ញវត្ថុ​ឈ្នះ​បាន​មេដាយប្រាក់​ ១ ​។ ចំពោះ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​ពី​ការប្រកួត​នេះ​គឺ​អ្នក​ឈ្នះ​មេដាយមាស​បាន​ចំនួន​ ១ ​លាន​រៀល​មេដាយប្រាក់​បាន​ ៦០ ​ម៉ឺន​រៀល និង​អ្នក​ឈ្នះ​មេដាយ​សំរឹទ្ធ​បាន​ប្រាក់​រង្វាន់​ ១០ ​ម៉ឺន​រៀល​។

តាម​ផែនការ​សកម្មភាព និង​ចក្ខុវិស័យ​របស់​សហព័ន្ធ​កីឡា​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​ក៏​ដូចជា​អង្គភាព​កីឡា ក្រសួងមហាផ្ទៃ​ទាំងមូល​គឺ​នៅ​មុន​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំ​ ២០១៩ ​នេះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​យុវជន​អាយុ​ ១៥ ​ឆ្នាំ​ និង​ ១៨ ​ឆ្នាំ​ដើម្បី​ពង្រឹង​សមត្ថភាព​ថ្នាក់​ថ្នាល​សម្រួច​ទៅ​ប្រកួត​កីឡា​ជាតិ និង​ស៊ីហ្គេម​លើក​ទី ​៣២ ឆ្នាំ ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​៕