ភ្នំពេញៈ ព្រឹត្តិការណ៍​ប្រកួត​កង់​ភ្នំ Cambodia MTB Series 2018 ជុំ​ទី ៤ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប្រកួត​កាន់​តែ​ស្វិត​ស្វាញ ហើយ​ភាព​អំណោយ​ផល​នៃ​អាកាស​ធាតុ រួម​ទាំង​ផ្លូវ​បត់បែន អម​ដោយ​ធម្មជាតិ​យ៉ាង​ស្រស់​ត្រកាល នៅ​ជុំវិញ​ភ្នំ​ប្រសិទិ៍្ធ បាន​ញ៉ាំង​ឲ្យ​ការ​ប្រកួត​កាន់​តែ​មាន​ន័យ និង​បាន​បញ្ចប់​ដោយ​រីករាយ។

តាមរយៈ​ការប្រកួត​ពេញ​មួយ​ព្រឹក កាលពី​ថ្ងៃអាទិត្យ អត្តពលិក​គ្រប់​វ័យ​ចំនួន ១៥០ នាក់ ក្នុង​នោះ​ក៏មាន​បរទេស​ជាង ៤០ នាក់​ដែរ បាន​ប្រឹង​ប្រែង​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​បំផុត ដើម្បី​ជិះ​កង់​ឆ្លង​កាត់​ឧបសគ្គ​នីមួយៗ នៅ​ជុំវិញ​ភ្នំ​ប្រសិទិ៍្ធ ដើម្បី​មក​កាន់​ទី​ផ្តាច់​ព្រ័ត្រ ហើយ​លទ្ធផល​ទទួល​បាន ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោច​ក្រយាន វាយ​តម្លៃ​ថា មាន​ភាព​ជោគ​ជ័យ​កាន់​តែ​ធំ។

លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ថ្លែង​ក្រោយ​ការ​ប្រកួត​ថា៖ «ក្មេងៗ​ជា​អត្តពលិក​បាន​ខិតខំ​ហ្វឹក​ហាត់​ច្រើន ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ប្លែក និង​ល្អ ហើយ​រឿង​ដ៏​គួរ​ឲ្យ ចាប់​អារម្មណ៍​នោះ គឺ​ការ​ប្រកួត​ជុំ​ទី ៤ នេះ មាន​កីឡាករ កីឡាការិនី​បរទេស​ជាង ៤០ នាក់ មាន​មក​ពី​ថៃ ហ្វីលីពីន បារាំង និង​អង់គ្លេស ជាដើម បាន​ចូលរួម​ប្រកួត​ដែរ អ៊ីចឹង​យើង​បាន​មើល​ឃើញ​ថា ការ​ប្រកួត​លើក​នេះ យើង​ទទួល​បាន​ជោគជ័យ​កាន់​តែ​ធំ»។

លោក​ឧកញ៉ា បាន​បន្ថែមថា៖ «បើ​យើង​ធ្វើការ​ប្រៀបធៀប​ទៅនឹង​ការប្រកួត​ជុំ​ទី ១ ទី ២ និង​ទី ៣ កន្លង​មក យើង​ឃើញ​ថា ការ​ប្រកួត​ជុំ​ទី ៤ នេះ បច្ចេកទេស​មាន​ការ​កើន​ឡើង​ខ្លាំង ពិសេស​ការ​ប្រកួត​រវាង​ក្រុម​ជំនាញ Class A ដោយ​សារ​ផ្លូវ​ប្រកួត​លំបាក​ខ្លាំង​មែន​ទែន គឺ​ត្រូវ​ជិះ​កង់​ឡើង​ភ្នំ ចុះ​កាត់​ភ្នំ និង​កាត់​ព្រៃ ដែល​មាន​ថ្ម អ៊ីចឹង​បើ​អ្នក​អត់​មាន​បច្ចេកទេស​ខ្ពស់ មិន​អាច​ជិះ​បាន​ទេ»។

ជា​លទ្ធផល​នៃ​ការប្រកួត​ក្នុង​ជុំ​ទី ៤ នេះ កីឡាករ​ជម្រើសជាតិ គីម ចាន់ធូ នៅតែ​ធ្វើ​បានល្អ ដើម្បី​បន្ត​បាន​លេខ ១ លើ​ការ​ប្រកួត​ក្រុម​ជំនាញ​ខ្លាំង​បំផុត (A1) ឯ​លេខ ២ បាន​ទៅ​ថៃ Pholachat Nakthongkam តែ យឿន ភីយុទ្ធ ដែល​បាន​លេខ ២ កាល​ជុំ​ទី ៣ ធ្លាក់​មក​ឈរ​នៅ​លេខ ៣ វិញ។ រីឯ​ការ​ប្រកួត​ក្រុម​ជំនាញ​ខ្លាំង មាន​ពី​អាយុ ៣០ ឡើង (A2) កីឡាករ​ថៃ Supachai បាន​ប្រជែង​យក​លេខ ១ ពី ប៊ុត ជឿន ហើយ Pierre Yves Catry ក៏បាន​ធ្លាក់​ពី​លេខ ២ មក​ឈរ​នៅ​លេខ ៣ ដែរ។

ផ្ទុយ​ពីនេះ​កីឡាករ រិ​ន សុគន្ធ នៅតែ​បន្តបាន​លេខ ១ ក្នុងការ​ប្រកួត​ក្រុម​ជំនាញ​មធ្យម​មាន​អាយុ ៣០ ឆ្នាំ​ឡើង (B2) ហើយ​លេខ ២ បាន​ទៅ Hectro Rubala និង​លេខ ៣ បាន​ទៅ​ថៃ Surat Nanthapangporn។ រីឯ​ក្រុម​ជំនាញ​មធ្យម​ពី​អាយុ ១៥ ដល់ ២៩ ឆ្នាំ (B1) រិន បូរិទ្ធ បាន​ដណ្តើម​យក​លេខ ១ ពី សាន ណាម៉ាវ ក្នុង​ជុំ​ទី ៤ នេះ ខណៈ​កីឡាករ វន សាវីន បាន​លេខ ៣ ដដែល។

គួរ​បញ្ជាក់ថា ការប្រកួត​ចំនួន ៤ វិញ្ញាសា​ខាងលើនេះ គឺមាន​ការ​បូក​ពិន្ទុ រហូតដល់​ជុំ​ទី ៥ ដើម្បី​ស្វែងរក​ម្ចាស់​ជើង​ឯក នៅ​លើ​វិញ្ញាសា​នីមួយៗ ហើយ​តាមរយៈ​ការ​ប្រកួត ៤ ជុំ​នេះ ធ្វើ​ឲ្យ​តំណាង​ម្ចាស់​ឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ខ្មែរ​ប៊ែវើ​រីជីស គឺ​លោក Michael Sovann មាន​ការ​ពេញ​ចិត្ត​ខ្លាំង និង​ចង់​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ កាន់​តែ​ធំ។

លោក Michael Sovann បាន​ថ្លែងថា៖ «ខាង​ស្រា​បៀរ​កម្ពុជា​របស់​យើង ចង់​ធ្វើ​ឲ្យ​ការ​ប្រណាំង​កង់​ភ្នំ​នេះ ពី ១ ឆ្នាំ​ទៅ ១ ឆ្នាំ កាន់​តែ​ធំ​ទៅៗ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដែល​មាន​ការ​ពេញ​និយម​ពី​សំណាក់​ក្រុម​គ្រួសារ​អ្នក​ជិះ​កង់ ឲ្យ​ដូច​ទៅ​នឹង​ការ​រត់​ប្រណាំង​អន្តរជាតិ​ម៉ារ៉ាតុង នៅ​អង្គរ អ៊ីចឹង​ដែរ ដែល​មាន​ការ​ពេញ​និយម​ខ្លាំង»៕