ក្រុងទូរីន: កីឡាករ Cristiano Ronaldo បានរុញឱ្យក្រុមសេះបង្កង់ Juventus ស្ថិតនៅរយៈចម្ងាយ ដែលអាចមើលឃើញពីលទ្ធភាពនៃការបានគ្រងពានក្របខ័ណ្ឌ Serie A កាលពីថ្ងៃចន្ទ ជាមួយនឹងការប្រើក្បាលស៊ុតបញ្ចូលទី ២ គ្រាប់ ដើម្បីរួមចំណែកជួយឱ្យក្រុមជើងឯកចាស់ឈ្នះក្រុមបាតតារាង Crotone ៣-០។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo ទម្លុះសំណាញ់ នៅចុងម៉ោងនៃវគ្គទី១ ដើម្បីបំបាក់ការស៊ូតបរបស់ក្រុមកម្រិតទាប Crotone ហើយដើម្បីធ្វើឱ្យក្រុម Juve តាមពីក្រោយក្រុមកំពូលតារាង Inter Milan តែ ៨ ពិន្ទុ។
ខ្សែបម្រើ Weston McKennie បានចូលរួមជួយធានា ៣ ពិន្ទុឱ្យក្រុម ដោយការស៊ុតបានសម្រេច ១ គ្រាប់ នៅវគ្គទី២ ដើម្បីបន្ថែមពីលើគ្រាប់បាល់របស់ Ronaldo។
ក្រុមរបស់លោក Andear Pirlo បានឡើងទៅដល់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងជ័យជម្នះនេះ និងការរបូតពិន្ទុផងដែររបស់ក្រុម Roma ដែលធ្លាក់ទៅលេខ ៤ ដោយសារលេងស្មើ ០-០ ជាមួយក្រុមម្ចាស់ផ្ទះ Benevento កាលពីយប់ថ្ងៃអាទិត្យ។
ពួកគេកំពុងតាម ៤ ពិន្ទុដែរ ពីក្រោយក្រុមលេខ ២ AC Milan ដែលប្រកួតចាញ់ដល់ទៅ ៣ ដង ពីការលេង ៥ ហ្គេមចុងក្រោយ នៅលីគរបស់ខ្លួន ក្នុងនោះរួមទាំងបរាជ័យយ៉ាងដំណំ ៣-០ ក្រុមថ្វីជើងរបស់ Inter អំឡុងជំនួបរវាងក្រុមក្នុងក្រុងតែ ១ កាលពីថ្ងៃអាទិត្យ។
ជាមួយគ្នានេះ ក្រុម Juve ដែលកំពុងតាមប្រដេញ ដើម្បីក្លាយជាជើងឯកលីគកំពូលជាលើកទី១០ រដូវកាលជាប់ៗគ្នា លេងតិចជាងក្រុមនៅក្រុងមីឡេនទាំង ២ ចំនួន ១ ប្រកួត ហើយត្រូវប៉ះជាមួយក្រុម Inter សម្រាប់ជំនួបចុងក្រោយនៃលីគ នាក្រុងទូរីន។
រីឯក្រុម Crotone នៅតែឡើងមិនរួចពីបាតតារាងដដែល ដោយសារការបរាជ័យនេះ ដែលជាការចាញ់ ៥ ប្រកួតបន្តបន្ទាប់គ្នា៕ AFP/VN