ក្រុងប៊ែរឡាំង: គ្រូបង្វឹករបស់ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ លោក Joachim Loew កំពុងប្រឈមជាមួយនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងរយៈពេល ១៤ ឆ្នាំ នៃការកាន់តំណែងរបស់លោក បន្ទាប់ពីក្រុមរងបរាជ័យយ៉ាងធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រដោយសារក្រុមគោជល់អេស្ប៉ាញ ដែលលទ្ធផលនេះ បាននាំឱ្យអតីតកីឡាករ និងបណ្ដាញសារព័ត៌មានកាលពីថ្ងៃពុធ លើកជាសំណួរថា តើគាត់គួរនៅដឹកនាំក្រុមទៅប្រកួតជើងឯកអឺរ៉ុប នាឆ្នាំក្រោយ ឬយ៉ាងណា?
ការចាញ់ក្នុងលទ្ធផល ៦-០ នៅក្រុង Seville កាលពីថ្ងៃអង្គារ មិនត្រឹមតែធ្វើក្រុមអស់សិទ្ធិឆ្លងទៅវគ្គ ៤ ក្រុមចុងក្រោយនោះទេ ថែមទាំងជាបរាជ័យដ៏សែនអាម៉ាស់របស់អាល្លឺម៉ង់ ក្នុងរយៈពេល ៨៩ ឆ្នាំ ខណៈអេស្ប៉ាញ មានប្រៀបទាំងស្រុង សម្រាប់ការប្រកួតនៃកម្មវិធី Nations League របស់អឺរ៉ុបនេះ។
កាសែតប្រចាំថ្ងៃ Bild បាននិយាយចំៗ ដោយដាក់ចំណងជើងទំព័រមុខរបស់ខ្លួនថា៖ «Loew គួរតែលាលែង»។
កាសែតនោះបានផ្សាយថា៖ «សល់ពេល ៧ ខែទៀត មុនព្រឹត្តិការណ៍ Euro 2020 សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (FA) ត្រូវឆ្លើយនឹងសំណួរថា តើលោក Joachim Loew នៅតែជាបុគ្គលដែលស័ក្ដិសម ក្នុងការដឹកនាំក្រុមសម្រាប់ព្រឹត្តិការណ៍ក្រុម ឬយ៉ាងណា»។
កីឡាករ Ferran Torres ស៊ុតបញ្ចូលទី ៣ គ្រាប់យ៉ាងអស្ចារ្យ ខណៈអេស្ប៉ាញ ធ្វើការសង្គ្រុបស្រួលៗ ដោយក្រុមអាល្លឺម៉ង់របស់លោក Loew មានការតបតវិញតិចតួច ខណៈទីបំផុតពួកគេ ក៏បានជួបនូវបរាជ័យយ៉ាងអាម៉ាស់លើកទី១ តាំងពីចាញ់អូទ្រីស ក្នុងលទ្ធផលបែបហ្នឹង ក្នុងឆ្នាំ ១៩៣១។
យ៉ាងណា លោក Loew បានបដិសេធមិនឆ្លើយសំណួរទាក់ទងនឹងអនាគតរបស់គាត់ នៅឯសន្និសីទកាសែត ក្រោយការប្រកួតបញ្ចប់ទៅថា៖ «អ្នកត្រូវទៅសួរអ្នកផ្សេង។ ខ្ញុំមិនអាចឆ្លើយសំណួរនោះ ដោយឯកឯងបានឡើយ»។
បើយោងតាមសេចក្ដីរាយការណ៍ជាច្រើន លោក Loew និងក្រុមគ្រូបង្ហាត់របស់គាត់ បានធ្វើការពិភាក្សាពីវិបត្តិនេះ នៅក្រុងម៉ុយនិច កាលពីថ្ងៃពុធ ជាមួយនឹងប្រធាន FA អាល្លឺម៉ង់ លោក Keller តែអ្នកចាត់ការធំរូបនេះ ទំនងជាមិនអាចរក្សាតំណែងរបស់ខ្លួនបាននោះទេ។
បុរសវ័យ ៦០ ឆ្នាំ បានដឹកនាំក្រុមឥន្រ្ទីដែកឱ្យលើកពាន World Cup 2014 នៅប្រទេសប្រេស៊ីល តែកេរ្តិ៍ឈ្មោះដ៏រុងរឿងរបស់លោក ចាប់ផ្ដើមអន់ថយយ៉ាងខ្លាំង ដោយសារលទ្ធផលដ៏សែនអាក្រក់ ក្នុងព្រឹត្តិការណ៍ដដែលនេះ នៅ ៤ ឆ្នាំបន្ទាប់ នាប្រទេសរុស្ស៊ី ដែលក្រុមអាល្លឺម៉ង់ ឆ្លងមិនផុតសូម្បីពីវគ្គសន្សំពិន្ទុតាមពូល (Group Stage)។
កុងត្រារបស់លោក Loew ជាមួយសហព័ន្ធបាល់ទាត់អាល្លឺម៉ង់រហូតដល់ World Cup 2022 ហើយមើលទៅរូបលោក ហាក់នៅទទួលបានការគាំទ្រពីប្រធានដឹកនាំក្រុមជម្រើសជាតិ លោក Oliver Bierhoff។
«យើងនៅមានទំនុកចិត្តទាំងស្រុង»។ នេះជាការអះអាងរបស់លោក Bierhoff ក្រោយក្រុមរងបរាជ័យយ៉ាងធ្ងន់ធ្ងរនោះ តែបានសន្យាថា នឹងមានការពិនិត្យពិចារណាយ៉ាងហ្មត់ចត់មួយ។
ចំណែកឯលោក Bastian Schweinsteiger ដែលជាអតីតកីឡាកជយលាភី World Cup 2014 ក្រោមការដឹកនាំរបស់លោក Loew បានភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះលទ្ធផល និងទម្រង់លេងរបស់ក្រុមអាល្លឺម៉ង់។
«មានអារម្មណ៍ថា មិនមែនជាក្រុមបាល់ទាត់មួយសោះ ពោលគឺអត់មានសណ្ដាប់ធ្នាប់សោះ»។ នេះជាការលើកឡើងរបស់លោក Schweinsteiger ដែលជាអតីតខ្សែបម្រើរបស់ក្រុមអាជីព Bayern Munich និង Manchester United ហើយបច្ចុប្បន្ន ជាអ្នកវិភាគឱ្យបណ្ដាញសារព័ត៌មាន។
បុរសវ័យ ៣៦ ឆ្នាំ បានបន្ថែមថា៖ «អ្នកត្រឹមតែបានឮនូវការជជែកគ្នាជាភាសាអេស្ប៉ាញ។ អ្នកត្រូវតែផ្លាស់ប្ដូរគ្រប់យ៉ាង។ ក្រុមជម្រើសជាតិអាល្លឺម៉ង់ មិនអាចលេងបាល់របៀបហ្នឹងបានទេ។ ខ្ញុំមើលមិនឃើញទាល់តែសោះនូវស្ដង់ដាមួយចំនួន នៅលើទីលាន»។
ទស្សនាវដ្ដីកីឡា Sport Bild បានធ្វើសេចក្ដីរាយការណ៍ថា FA អាល្លឺម៉ង់ កំពុងពិចារណាពីគំនិត ក្នុងការយកលោក Hansi Flick ដែលជាគ្រូបង្វឹករបស់ក្រុម Bayern មកជំនួសលោក Loew តែរឿងហ្នឹង ប្រហែលមិនអាចកើតឡើង មុនព្រឹត្តិការណ៍ Euro 2020 នោះឡើយ៕ AFP/VN