ភ្នំពេញ៖ ថ្នាក់​ដឹកនាំ​របស់​មជ្ឈមណ្ឌល​កីឡា​កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ (កីឡា​កងទ័ព) បាន​បង្ហាញ​ពី​មោទនភាព​ទៅ​លើ​កីឡាករ-កីឡាការិនី​របស់​ខ្លួន ដែល​តែងតែ​ដណ្តើម​បាន​មេដាយ​ជូន​ប្រទេសជាតិ ហើយ​សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ ចុង​ឆ្នាំ ២០២១ នេះ និង​ស៊ីហ្គេម ឆ្នាំ ២០២៣ ក្រុម​កីឡា​កងទ័ព​បាន​កើន​ទំនុក​ចិត្ត​ក្នុង​ការ​ប្រជែង​រក​មេដាយ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​ការ​ឧបត្ថម្ភ​ជា​សម្ភារ​កីឡា ដែល​មាន​តម្លៃ​ស្មើ ២៥ ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន ORIENT NOBLE Group នោះ។

លោកនាយ​ឧត្តម​សេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​បាន​ចាត់​ទុក ការ​ឧបត្ថម្ភ​សម្ភារ​កីឡា​ជាច្រើន​ប្រភេទ​របស់​ក្រុមហ៊ុន ORIENT NOBLE Group កាល​ពី​ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២១ ថា ពិត​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​លើក​ស្ទួយ​វិស័យ​កីឡា​ជាតិ ក៏​ដូចជា​វិស័យ​កីឡា​កងទ័ព​ឱ្យ​មាន​សម្ទុះ​រីក​ចម្រើន​ទៅ​មុខ​ជា​លំដាប់ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ថ្នាក់​ជាតិ អន្តរជាតិ ពិសេស​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ ២០២១ នៅ​ប្រទេស​វៀតណាម និង​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក ឃឹម ប៊ុនសុង បាន​ថ្លែង​ថា៖ «សម្រាប់​ការ​ប្រកួត​កីឡា​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ ២០២០ ដែល​ទើប​តែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ ដោយ​មិន​និយាយ​ពី​មេដាយ​ប្រាក់ និង​សំរិទ្ធ​នោះ គឺ​កីឡា​កង​យោពលខេមរភូមិន្ទ ទទួល​បាន​មេ​ដាយមាស​នៅ​លំដាប់​លេខ ១ ក្នុង​ចំណោម ៨ ប្រភេទ​កីឡា។ ចំណែក​ការ​ឈ្នះ​ជយលាភី និង​មេដាយ ពី​ការ​ប្រកួត​ស៊ីហ្គេម កីឡា​ទ្វីប​អាស៊ី និង​ជើង​ឯក​ពិភព​លោក​ក៏​មាន​ការ​ចូលរួម​ពី​កីឡាករ កីឡាការិនី​នៃ​កងយោធពល​ខេមរភូមិន្ទ​របស់​ក្រសួង​ការពារជាតិ​ដែរ»។

ប្រធាន​ក្រុមប្រឹក្សា​កីឡា​កងយោធពល​ខេមរភូមិន្ទ​រូប​នេះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា ស៊ីហ្គេម​លើក​ទី៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ ២០២១ និង​ស៊ីហ្គេម​លើក​ទី៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នោះ ក៏​នឹង​មាន​កីឡាករ កីឡាការិនី នៃ​កងយោធពល​ខេមរ​ភូមិន្ទ ចូលរួម​ប្រកួត​ប្រជែង ហើយ​នឹង​ឈ្នះ​បាន​មេដាយ​ផង​ដែរ»។

ចំណែក​លោក តែម ម៉ឺន ដែល​មាន​តួនាទី​ច្រើន ក្នុង​វិស័យ​កីឡា​បាន​ថ្លែង​ថា៖ «មជ្ឈមណ្ឌល​កីឡាកង​យោធពល​ខេមរភូមិន្ទ ដែល​ជា​ស្ថាប័ន​គ្រប់គ្រង ដឹកនាំ និង​ផលិត​ធនធាន​អត្តពលិក​ឆ្នើមៗ​ចំណុះ​ឱ្យ​ក្រសួង​ការពារជាតិ តែ​ជា​សេនាធិការ ១ យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​ក៏​ជា​ដៃគូ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​ដូចជា គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​អាស៊ីអាគ្នេយ៍ (CAMSOC) ព្រម​ទាំង​ពាក់ព័ន្ធ​ជាមួយ​បណ្តា​សហព័ន្ធ​កីឡា​ជាតិ​ផ្សេងៗ ក្នុង​បុព្វហេតុ​កីឡា​របស់​ជាតិ​តែមួយ»។

លោក​បាន​បន្ថែម​ថា៖ «មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​បាន​បញ្ជូន​មន្ត្រី គ្រូបង្វឹក និង​ក្រុម​អត្តពលិក​ទៅ​ចូលរួម​ប្រកួត​កីឡា​កម្រិត​ជាតិ និង​អន្តរជាតិ ដោយ​ទទួល​បាន​លទ្ធផល​ល្អ គឺ​ទទួល​បាន​មេដាយ​សរុប​ពី​ឆ្នាំ ២០០៦ រហូត​ដល់​ឆ្នាំ ២០២០ ចំនួន ១ ៦៥៤ គ្រឿង ក្នុង​នោះ​មេដាយ​មាស ៥៧៦ ប្រាក់ ៥៩៧ និង​សំរឹទ្ធ ៤៨១ ព្រម​ទាំង​ឈ្នះ​បាន​ខ្សែ​ក្រវាត់ ៣៧ គ្រឿង​ផង​ដែរ ខណៈ​ដែល​អត្តពលិក​របស់​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ​មាន​ក្នុង​រង្វង់​ចំនួន ២០០ នាក់»៕