ភ្នំពេញៈ ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ ទម្ងន់ ៦៥ គីឡូក្រាម ដណ្តើម​ខ្សែក្រវាត់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ខារ៉ាបាវ រដូវកាល​ទី ៥ នៅ​លើ​សង្វៀន SEATV នឹង​ចាប់ផ្តើម​ដំណើរការ នា​ល្ងាច​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ ដោយ​កីឡាករ​កម្ពុជា បាន​សម្រិត​សម្រាំង​ជ្រើស​រើស​យក​កីឡាករ ៤ នាក់ ដើម្បី​ផ្គូផ្គង​ឲ្យ​ប្រកួត​សន្សំ​ពិន្ទុ​ជាមួយ​កីឡាករ​ថៃ ដែល​គេ​សង្កេត​ឃើញ​ថា មាន​វិជ្ជា​គុន​ខ្លាំងៗ​គួរ​កត់​សម្គាល់។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​ប្រកាស​ក្នុង​សន្និសីទ​កាសែត ស្តីពី​ការ​ប្រកួត​ខ្សែក្រវាត់​នេះ​ថា កីឡាករ​កម្ពុជា ៤ រូប និង​ថៃ ៤ រូប នឹង​ដាក់​ឲ្យ​ប្រកួត​គ្នា​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី ១០ ខែ​កុម្ភៈ ឆ្នាំ ២០១៨ តទៅ​ដោយ​ប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​សៅរ៍ ទី ២៨ ខែ​មេសា ឆ្នាំ ២០១៨ ក្រោយ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ។

លោក​បាន​បន្តថា៖ «រូបមន្ត​ប្រកួត​នៅ​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ គឺ​ខ្មែរ​ម្នាក់ៗ ប៉ះ​ជាមួយ​កីឡាករ​ថៃ​ទាំង ៤ នាក់ ហើយ​សរុប​ពិន្ទុ​រក​អ្នក​ឈ្នះ មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ក្នុង​ចំណោម​កីឡាករ​ខ្មែរ ៤ នាក់ និង​កីឡាករ​ថៃ ៤ នាក់ យក​តែ​ម្នាក់​ក្នុង​មួយ​ពូល ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​តែម្តង ដោយ អ្នក​ឈ្នះ​ចំណាត់​ថ្នាក់​លេខ ១ បាន​ទឹកប្រាក់ ៥០០០ ដុល្លារ លេខ ២ បាន​ពាន ១ អម​ដោយ​ទឹក​ប្រាក់ ៣០០០ ដុល្លារ»។

សមាសភាព​អ្នក​ប្រដាល់​ពូល​កម្ពុជា​ទាំង ៤ នាក់ ដែល​ត្រៀម​ដាក់​ឲ្យ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ មាន មឿន សុខហ៊ុច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែនជ័យ ផង់ សុភាព របស់​ក្លិប​ប្រដាល់​តាឡី​ដំរី​មានរិទ្ធ គឹម វាសនា ក្លិប​កងទ័ព​ឆត្រ​យោង ៩១១ និង​កីឡាករ ង៉ែត្រ រដ្ឋា របស់​ក្លិប​តាព្រហ្ម​មានជ័យ។

ចំណែក​កីឡាករ​ថៃ​ទាំង ៤ នាក់​វិញ ត្រូវបាន​ជ្រើសរើស​សុទ្ធ​តែ​កីឡាករ​លំដាប់​ល្អ​ដែល​មាន​សមត្ថភាព មាន​ប្រៀប​លើ​កីឡាករ​របស់​កម្ពុជា​ផងដែរ ហើយ​ពួកគេ​ធ្លាប់​មាន​បទពិសោធ​ប្រកួត​នៅ​ស្រុក​ខ្មែរ​ញឹកញាប់ ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ​ភាគ​ច្រើន ក្នុង​នោះ​មាន​កីឡាករ Kongkang Van, Phic Nam Ek, Sen Khun និង​កីឡាករ Kreng Kray។

លោក ញាន សុធី នាយក​គ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​អាស៊ី​អាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ថ្ងៃ ប្រកួត​សប្តាហ៍​ដំបូង​មឿន សុខហ៊ុច ត្រូវ​ប៉ះ​ជាមួយ​ថៃ Kongkang Van ហើយ ផង់ សុភាព ត្រូវ​ជួប Phic Nam Ek ដើម្បី​ស្វែងរក​ការ​ឈ្នះ​បាន ៣ ពិន្ទុ​ដូចគ្នា»។

នៅក្នុង​ពូល​កម្ពុជា កីឡាករ​មាន​សមត្ថភាព​ល្អ​លេច​ធ្លោ​ជាង​គេ មាន មឿ​ន សុខហ៊ុច និង ផង់ សុភាព ឯ​កីឡាករ​ថៃ Sen Khun និង Kreng Kray ជា​អ្នក​មាន​សមត្ថភាព​ខ្ពស់ ខាង​ពូល​ថៃ។

តាម​ការ​វាត​តម្លៃ​ក្រៅ​ផ្លូវការ មុន​ពេល​ប្រកួត ពី​សំណាក់​អ្នក​និយម​ទស្សនា​ប្រដាល់​ជា​ប្រចាំ គេ​ហ៊ាន​ទស្សន៍​ទាយ​ថា សប្តាហ៍​នេះ​កីឡាករ​កម្ពុជា អាច​នឹង​ឈ្នះ​បាន ៣ ពិន្ទុ នៅ​ថ្ងៃ​បើក​ឆាក​ដូចគ្នា ហើយ​តាម​ប្រវត្តិ​ប្រកួត សុខហ៊ុច ធ្លាប់​ប្រកួត​ឈ្នះ ១០៩ ចាញ់ ២៣ និង​ស្មើ ៤ ដង​គឺ​ច្រើន​ជាង Kongkang Van ដែល​ធ្លាប់​ប្រកួត​ឈ្នះ ៦៦ និង​ចាញ់ ១៦ និង​ស្មើ ១ ដង។

ចំណែក ផង់ សុភាព ធ្លាប់​ប្រកួត​ឈ្នះ ៧០ ដង ចាញ់ ១៦ និង​ស្មើ ៣ ដង ខណៈ Phic Nam Ek ធ្លាប់​ប្រកួត​ឈ្នះ ៧២ ដង ចាញ់ ១៥ និង​ស្មើ ២ ដង។

លោក ណន រិទ្ធ គ្រូបង្វឹក មឿ​ន សុខហ៊ុច និយាយថា៖ «ជំនួប​ប្រកួត​លើក​នេះ សុខហ៊ុច មាន​សង្ឃឹម​ឈ្នះ​លើ​ថៃ Kongkang Van ដើម្បី​បាន ៣ ពិន្ទុ ហើយ​តាម​ការ​វាយ​តម្លៃ​របស់​ខ្ញុំ ជា​គ្រូបង្វឹក គឺ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​រហូតដល់​ទៅ ៩៥ ភាគរយ​ឯណោះ ព្រោះ សុខហ៊ុច​មាន​ប្រៀប​ស្នៀត​ទាត់ និង​ក្បាច់​ឡើង​ជង្គង់ បាន​ល្អ​ជាង ហើយ​ក៏​ធ្លាប់ ប្រកួត​ឈ្នះ​ថៃ​រូប​នេះ​ម្តង​ហើយ​ដែរ»។

ចំណែក​កីឡាករ ផង់ សុភាព បាន​និយាយ​ថា៖ «សម្រាប់​ជំនួប​ជាមួយ​កីឡាករ Phic Nam Ek លើក​នេះ ខ្ញុំ​តាំង​ចិត្ត​យក​ឈ្នះ​ឲ្យ​បាន ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ​រហូត​ដល់ ១០០ ភាគរយ ដើម្បី​ទទួល​បាន ៣ ពិន្ទុ នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​បើក​ឆាក»៕