ក្រុងប៉ារីសៈ តារាបាល់ទាត់ Kylian Mbappe របស់​ក្លិប Paris Saint-Germain (PSG) បាន​នឹក​គិតពី​អនាគត​របស់​គាត់​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​និយាយ​ថា គាត់​ចង់​ «​បាន​ការទទួល​ខុសត្រូវ​ថែម​ទៀត​ដែល​អាច​នៅ​ក្លិប PSG ឬ​អាច​នៅ​កន្លែង​ផ្សេង​ទៀត​»​។

តារា​បាល់ទាត់​វ័យ​ ២០ ​ឆ្នាំ​រូប​នេះ​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​លើក​ពាន World- Cup ឆ្នាំ​ ២០១៨ ដែល​គាត់​រកបាន​ ៤ ​គ្រាប់​តែ​ម្នាក់ឯង​ស្រប​ពេល​គាត់​រក​បាន​ ៣៨ ​គ្រាប់​ឲ្យ​ក្រុម PGS នៅ​រដូវកាល​នេះ​ផង​ដែរ​។

Mbappe ទទួល​បាន​ពាន​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ​បារាំង Ligue 1 នៅ​រដូវកាល​នេះ​កាលពី​ថ្ងៃ​អាទិត្យ​ ប៉ុន្តែ​គាត់​បាន​សារភាព​ថា​នៅ​ពេល​អនាគត គាត់​អាច​នឹង​ចាកចេញ​ពី​ប្រទេស​បារាំង​។

កីឡាករ​ឆ្នើម​រូប​នេះ​បាន​ប្រាប់​បណ្ដាញ BeIN Sports ថា​៖ «​ពានរង្វាន់​នេះ​គឺជា​ពេលវេលា​ដ៏សំខាន់​មួយ​ និង​អាច​ជា​ចំណុច​របត់​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ ខណៈ​ពេលវេលា​នៃ​ការ​ត្រូវ​ទទួល​ខុសត្រូវ​បន្ថែម​ទៀត​អាច​នៅ​ក្លិប PSG ឬ​អាច​នៅ​កន្លែង​ផ្សេង​ទៀត​»​។

ទោះ​យ៉ាង​ណា​គាត់​មិន​បាន​បញ្ជាក់​ច្បាស់​ពី​អនាគត​អាជីព​របស់គាត់​នៅ​ឡើយ​ទេ​ដោយ​គ្រាន់​តែ​និយាយ​ថា​៖ «​សម្រាប់​ខ្ញុំ​នេះ​គឺជា​ពេល​ដែល​ត្រូវ​និយាយ​បែបនេះ ហើយ​នៅពេល​ខ្ញុំ​និយាយ​អ្វី​មួយ​គឺ​ខ្ញុំ​គិត​ពី​បញ្ហា​នោះ​»​។

កីឡាករ​វ័យក្មេង​រូប​នេះ​បាន​បន្ថែម​ថា​៖ «​វា​ជា​រឿង​ប្រសើរ​រួច​ទៅ​ហើយ ប្រសិន​បើ​ខ្ញុំ​បន្ត​ស្ថិត​នៅ​ជាមួយ​ក្លិប PSG ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​ទៅ​កន្លែង​ផ្សេង វា​ក៏​ជាការ​សិក្សា​ពី​អ្វី​ថ្មី​មួយ​ទៀត​សម្រាប់​ខ្ញុំ​»​។

កីឡាករ Mbappe ត្រូវ​បាន​គេ​គិត​ថា អាច​នឹង​ទៅ​លេង​ឲ្យ​ក្រុម Real Madrid តាំងពី​បាន​ឈ្នះ​ក្លិប Monaco ដែល​បាន​លើក​ពាន Ligue 1 ឆ្នាំ​ ២០១៧ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គាត់​បាន​បន្ត​ស្ថិត​នៅ​ក្នុង​ក្រុម PSG ជាមួយ​ប្រាក់​ ១៨០ ​លាន​អឺរ៉ូ​។

ប៉ុន្តែ​តាំងពី​លោក Zinedine Zidane វិល​ទៅ​ដឹកនាំ​ក្រុម Real Madrid នៅ​ដើម​ឆ្នាំនេះ​មក​ក៏​មាន​ពាក្យ​ចចាមអារ៉ាម​កាន់តែ​ខ្លាំង​ឡើង​ថា កីឡាករ Mbappe នឹង​ចូលរួម​ជាមួយ​ក្រុម Real Madrid របស់​ប្រទេស​ អេស្ប៉ាញ។

ក្នុង​អំឡុង​ពេល​នេះ​កីឡាករ Mbappe បាន​បង្កើន​ល្បឿន​មួយ​ទៀត​ជាមួយ​មិត្ត​រួម​ក្រុម​គឺ​ខ្សែប្រយុទ្ធ Neymar ជា​កីឡាករ​តែ​មួយ​គត់​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាង​គាត់​នៅក្នុង​ប្រវត្តិសាស្ត្រ​ និង​ដែល​បាន​រងរបួស​ច្រើន​នៅក្នុង​រដូវកាល​នេះ​។

កីឡាករ Mbappe បាន​ដើរ​តាម​គន្លង​ខ្សែប្រយុទ្ធ Nymar ដោយ​ជាប់​ឈ្មោះ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​រដូវកាល​នៅ​ប្រទេស​បារាំង បើ​ទោះ​ជា​គាត់​ត្រូវការ​ ៥ ​គ្រាប់​ទៀត​ក្នុង​ការប្រកួត​លីក​ចុងក្រោយ​នៃ​រដូវកាល​នេះ​ដែល​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Reims នៅ​ចុង​សប្ដាហ៍​ក្រោយ​នេះ​ដើម្បី​ដណ្ដើម​ស្បែកជើង​មាស​អឺរ៉ុប​ពី​ខ្សែប្រយុទ្ធ Lionel Messi ក៏ដោយ​។

គាត់​បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​ប្រាប់​ខ្លួនឯង​ថា ទោះ​ជា​ខ្ញុំ​ចាញ់ ក៏​ចាញ់ Messi ដែល​ជា​កីឡាករ​ឆ្នើម​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ប្រសិន​បើ​ខ្ញុំ​តាម​ទាន់​គាត់​នៅ​ការប្រកួត​ចុងក្រោយ​នេះ​នោះ​ជា​ប្រភព​មោទនភាព​ផង​ដែរ ប៉ុន្តែ​វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​»​។

Mbappe បាន​ក្លាយ​ជា​កីឡាករ​វ័យក្មេង​ទី​ ២ ​ក្នុង​ប្រវត្តិសាស្ត្រ​កាលពី​ឆ្នាំ​មុន​បន្ទាប់ពី​វីរបុរស​បាល់ទាត់​សញ្ជាតិ​ប្រេស៊ីល Pele ក្រោយពី​បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​ក្រុម​ជម្រើសជាតិ​ក្រូអាត​ ៤-២ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ World- Cup 2018៕ SN