ភ្នំពេញ៖ កីឡាករ​ជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា វី​ សុភ័ស មាន​​ប្រភព​មក​ពី​ក្លិប​នាគ​រាជមាន​ជ័យ​ ​ដែល​មាន​លោក​ ​ជ័យ ​តារា ​ជា​គ្រូ​បង្វឹក នោះ គឺ​​ត្រូវ​បាន​ផ្ទេរ ​ទៅ​ក្លិប​នាយក​ដ្ឋាន​អង្គរក្ស​ ក្រោម​ការ​គ្រប់​គ្រង​របស់​លោក ​ស៊ន ​អេលីត ​វិញ​ ដើម្បី​ទទួល​បាន​ការ​ថែទាំ​ ទំនុក​បម្រុង​​ជីវ​ភាព ក៏​ដូចជា​ការ​ហ្វឹក​ហាត់​បំប៉ន​កម្លាំងបាន​​ល្អ​។​

បន្ថែម​ពី​លើ​នេះ​ សហព័ន្ធ​ប្រ​ដាល់​ទាំង​​ ២ បាន​​ព្រម​ព្រៀង​​អនុញ្ញាត​ឱ្យ​​ ​វី​ សុភ័ស បាន​ឡើង​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ ​ផង​ដែរ ​ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​ប្រកួត​​ញឹក​ញាប់​ទេ​ ព្រោះ​លោក​អគ្គ​លេខាធិការ​ សហព័ន្ធកីឡា​​ប្រដាល់​សកល​កម្ពុជា បាន​អះអាង​ថា វី សុភ័ស ជា​បេក្ខជន​ប្រដាល់​សកល​ ទម្ងន់ ​៦៩ ​គីឡូក្រាម​ ដែល​ត្រូវ​ត្រៀម សម្រាប់​ចេញទៅ​​ប្រ​កួត ​ស៊ី​ហ្គេម​ លើក​ទី​៣១ ​ឆ្នាំ​ ២០២១​ នៅ​ប្រ​ទេស​វៀត​ណាម​ ហើយ​រូបគេ កំពុង​តែ​ស្ថិត​​នៅ​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់ ​ក្នុង​ការ​ថែ​ទាំ ​និង​បង្វឹក​​ត្រៀម​ជានិច្ច​​។

អ្នក​ប្រដាល់​វ័យ​ក្មេង​ កម្ពស់ ១,៧៣ ម៉ែត្រ វី ​សុភ័ស ជា​កូន​ទី​៤ ​ក្នុង​ចំ​ណោម​អតី​តអ្នក​ប្រដាល់​សកល​ជម្រើស​ជាតិ​ទាំង​មួយ​គ្រួសារ​ ​ដោយ​មាន​កីឡាករ​ ​វី ​សាវុធ ​កីឡាការិនី​ វី​ ស្រី​ខួច​, វី​ ស្រីឆាយ​ និងប្អូនពៅ​របស់​គេ កីឡាការិនី ​វី ​ស្រីស្រស់​ ដែលបច្ចុប្បន្ន ក៏ជា​កីឡាការិនី​ជម្រើសជាតិ​ប្រដាល់សកល ក្នុងប្រភេទ​ទម្ងន់​​ ៥៤​ គីឡូក្រាម ផងដែរ។

នៅ​ក្នុង​រយៈ​ ៣​ ឆ្នាំ​ចុង​ក្រោយ​នេះ ​វី ​សុភ័ស បាន​ជាប់​ជម្រើស​ជាតិ ​ក្នុង​លទ្ធផល​ល្អ​ ហើយ​តាម​​ទិន្ន​ន័យ ​ដែល​ទទួល​បាន​ជា​ផ្លូវ​ការ ​ពី​សហព័ន្ធ ​គឺ ​វី​ សុភ័ស បាន​​ជាប់​ចំណាត់​មេដាយ​មាស​ពីការ​ប្រកួត​ថ្នាក់​ជាតិ​ ​កាល​ឆ្នាំ ​២០១៧​ ​ក្នុង​ប្រ​ភេទ​ទម្ងន់​ ៦៤ ​គីឡូក្រាម​ ហើយ​ជា​បន្ត​បន្ទាប់​ គឺ​នៅ​ឆ្នាំ​ ២០១៩​ និង​ឆ្នាំ ​២០២០​ សុភ័ស ដណ្តើម​បាន​មេដាយ​ប្រាក់ ក្នុង​​ទម្ងន់ ​៦៩​ គីឡូក្រាម​។​

លោក​ ប៊ុយ​ សុភ័ណ្ឌ​ អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​ប្រ​ដាល់​សកលកម្ពុជា បាន​​​ប្រាប់​​ថា​ វី ​សុភ័ស ត្រូវ​បាន​សហព័ន្ធ ​អនុញ្ញាត​​ឱ្យ​​ប្តូរ​ក្លិប ​ពីក្លិប​​នាគ​រាជ​មាន​ជ័យ​ របស់​លោក​គ្រូ​ ជ័យ តារា​ ទៅ​នៅ​ក្លិប​នាយក​​ដ្ឋាន​អង្គរក្ស ​ក្រោម​ការ​គ្រប់​គ្រង​របស់​ លោក​ ស៊ន​ អេលីត​ ដែល​មាន​លទ្ធភាព​ល្អ​ ក្នុង​ការ​ផ្គត់​ផ្គង់​ជី​វភាព​បាន​ល្អ ​ព្រម​ទាំង​ហ្វឹក​ហាត់​។

លោក សុភ័ណ្ឌ បាន​បន្ថែម​ថា៖​ «​ជាមួយ​គ្នា​នេះ យើង​​អនុញ្ញា​ត​ឱ្យ វី សុភ័ស ​ប្រ​កួត​ប្រដាល់​គុន​ខ្មែរ​មួយ​ខែ​ម្តង ​ដើម្បី​ពង្រឹង​កម្លាំង​ផង ​និង​ទទួល​បាន​តម្លៃ​ខ្លួន​ប្រ​កួត​ផង​ដែរ​ ដោយ​​យើង​នៅ​តែ​តាម​ដាន​ការ​ប្រ​កួត ​មិន​ឱ្យ​​ញឹក​ញាប់​ទេ​ គឺ​ក្នុង​ចន្លោះ​ពេល​សមរម្យ​ ប៉ុន្តែ​ការ​ហ្វឹក​ជម្រើស​ជាតិ​ប្រ​ដាល់​សកល ​វី ​សុភ័ស ជា​បេក្ខភាព​ប្រ​កួត​ស៊ី​ហ្គេម ​ឆ្នាំ​ ២០២១ ​នេះ​ ក្នុង​ប្រ​ភេទ​ទម្ងន់ ​៦៩​ គីឡូក្រាម»​។​

ចំណែក​លោក​ ស៊ន ​អេលីត ​គ្រូ​បង្វឹកនៅ​ក្លិប​​នាយក​ដ្ឋាន​អង្គរក្ស បាន​​និយាយ​ថា​៖ «​ខ្ញុំ​បាន​សុំ​ផ្ទេរ​កីឡាករ ​វី ​សុភ័ស ​ដោយ​មើល​ឃើញ​ថា ​សមត្ថភាព​ល្អ​ស្រាប់​ នៅ​​ក្មេង​ ហើយ​ខាង​ក្លិប​មាន​ធន​ធាន​សម្រាប់​ជួយ​បណ្តុះ​បណ្តាល​បាន​ល្អ ​ប៉ុន្តែ​យើង​ទទួល​ និង​គោរព​គោល​ការ​ណ៍​របស់​សហព័ន្ធ​កីឡាប្រ​ដាល់​សកល ​និង​ប្រដាល់​គុន​ខ្មែរ ​ដែល​អនុញ្ញាត​​ឱ្យគាត់​​ឡើង​ប្រ​កួតជា​លក្ខណៈ​គុន​ខ្មែរ ​ក្នុង​ចន្លោះ​ពេល​ដែល​ទំនេរ ​ឬ​អាច​និយាយ​ថា​ ​ក្នុង​ ១ ​ខែ ប្រកួត​បាន​​ម្តង​​ប៉ុណ្ណោះ​»។

​លោក​ អេលីត បាន​​បន្ថែម​ថា​៖ «​ទាំង​ប្រដាល់​សកល​ និង​គុន​ខ្មែរ គឺ​​ក្លិប​របស់​យើង​ខ្ញុំ ​នឹង​លើក​ស្ទួយ​កីឡាករ​ ដែល​មាន​សមត្ថភាព​ល្អ ​ជីវភាព​ខ្វះ​ខាត​ ​គឺ​ឱ្យ​តែ​​គោរព​វិន័យ​ល្អ​ ​យើង​​ជួយ​ជា​និច្ច​ ចំណែក ​​វី ​សុភ័ស ​នេះ ​ល្អ​ទាំង​ប្រ​ដាល់​សកល​ និង​ប្រ​ដាល់​គុន​ខ្មែរ ​ប៉ុន្តែ​មក​នៅ​ក្លិប​ថ្មី ​ខ្ញុំ​សុំ​ប្តូរ​ឈ្មោះ​ថា​ ​អេលីត ​សុភ័ស»​។

​បង​ប្រុស​របស់វីរនារី​កីឡា​តេក្វាន់ដូ ស៊ន សៀវម៉ី រូបនេះ បាន​បញ្ជាក់​ថា៖​ «​អេលីត សុភ័ស​មក​ហ្វឹក​ហាត់​ត្រៀម​បាន​ល្អ ហើយ​​ឥឡូវ​ខាង​សង្វៀន​ថោន​ បាន​កក់​ហើយ ​ដើម្បី​ជា​បេក្ខជន​​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ ប្រ​ចាំ​សប្តាហ៍​ ជា​មួយ​បេក្ខជន​ ៣​ នាក់​ទៀត​ មាន​ដូចជា​កីឡាករ​ លន​ បញ្ញា​ កីឡាករ​ ថៃ​ រ៉េត ​និង ​ឡុង ​បេន​លឿន​ ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ»​៕