ភ្នំពេញ៖ ​ខ្សែ​​ប្រយុទ្ធ​ដ៏​មុត​ស្រួច​ Atuheire Kimson និង​ខ្សែ​បម្រើ Amir Gurbani របស់​ក្លិប​ណាហ្គាវើល ដែល​កំពុង​លេង​នៅ​លីក​កំពូល​កម្ពុជា សុទ្ធ​តែ​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​រៀងៗ​ខ្លួន​ ហើយ​រឿង​នេះ​ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​ចាត់​ទុក​ថា ជាមោទនភាព​ចំពោះ​ក្លិប និង​ជា​តម្រុយ​ដ៏​ល្អ​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ទាំង ​២ មាន​កម្រិត​លេង​កាន់​តែ​រីក​ចម្រើន។

លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ពុធ​ថា៖ ​«ខ្ញុំ​មិន​ទាន់​ច្បាស់​ថា Atuheire Kimson និង​ Amir Gurbani បាន​ជាប់​ក្នុង​ជម្រើស​ជាតិ​​របស់​ខ្លួន ឬ​យ៉ាង​ណា​នោះ​ទេ ដោយសារ​ពួក​គាត់​មិន​ទាន់​ឃើញ​បង្ហោះ​​រូបភាព​ឲ្យ​ខ្ញុំ​ឃើញ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ទាំង ​២ ​នេះ បាន​មក​​សុំ​ច្បាប់​ខ្ញុំ​ឈប់​​សម្រាក​ចំនួន ​២ ​សប្តាហ៍ ​​​ដូច​គ្នា ហើយ​ប្រាប់​ខ្ញុំ​ថា ពួក​គេ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​»។

តាម​ព័ត៌មាន​ដែល​ស្វែងរក​ក្នុង Wikipedia បាន​ឲ្យ​ដឹង​ថា ខ្សែ​​ប្រយុទ្ធ​ពាក់​លេខ ​១៤ ​របស់​ណាហ្គាវើល Atuheire Kimson ធ្លាប់​បាន​ជាប់​ជា​ក្រុម​ជម្រើស​ជាតិ​របស់​ប្រទេស​ Rwanda តាំង​ពី​ឆ្នាំ ​២០១០ ​មក ហើយ​ខ្សែ​ប្រយុទ្ធ​វ័យ ​២៦ ​ឆ្នាំ​ កម្ពស់ ​១,៨៣ ម៉ែត្រ​រូប​នេះ ធ្លាប់​មាន​បទ​ពិសោធ​លេង​ច្រើន​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន។

Kimson បាន​ចូល​ប្រឡូក​ក្នុង​លីក​កំពូល​កម្ពុជា កាល​ពី​ឆ្នាំ ​២០១៥ ដោយ​រូប​គេ​បាន​លេង​ឲ្យ​​ក្លិប​ព្រះខ័នរាជ​ស្វាយរៀង ចំនួន​ ​២ រដូវកាល រួច​ទើប​មក​ចូលរួម​នៅ​ក្លិប​ណាហ្គាវើល ក្នុង​​ឆ្នាំ ​២០១៧ មុន​ពេល​ទៅ​លេង​ឲ្យ​ក្លិប UKM របស់​ម៉ាឡេស៊ី ហើយ​នៅ​ឆ្នាំ ​២០១៩ ​នេះ គេ​បាន​វិល​មក​លេង​ឲ្យ​ក្លិប​ណាហ្គាវើល​វិញ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​ជាង​គេ​​ប្រចាំ​ក្លិប​ដដែល។

ចំណែក​ខ្សែ​បម្រើ​ពាក់​លេខ ​៨៧ Amir Gurbani ទើប​តែ​មក​ចូលរួម​លេង​នៅ​លីក​កំពូល​កម្ពុជា​ក្នុង​ឆ្នាំ ​២០១៩ ​នេះ​ទេ ដោយ​លេង​ឲ្យ​ក្លិប​ណាហ្គាវើល។ កីឡាករ​អាយុ ​៣១ ​ឆ្នាំ​រូប​នេះ បាន​ជាប់​ជា​ជម្រើស​ជាតិ​ទួរមីនីស្ថាន ​តាំង​ពី​ឆ្នាំ ​២០១១ រហូត​ដល់​ឆ្នាំ ​២០១៧ មុន​ពេល​ខក​ខាន កាល​ពី​ឆ្នាំ ​២០១៨ ហើយ​ពេល​នេះ Amir Gurbani បាន​ស្ថិត​ក្នុង​ជម្រើស ​២៥ ​នាក់ ​របស់​​ក្រុម​ទួរមីនីស្ថាន។

Amir Gurbani លោតគ្រប់​គ្រងបាល់ ពេលប្រកួតនឹង​ក្រុមទ័ព​។ CNCC

លោក មាស ចាន់ណា បាន​បន្ថែម​ថា៖ ​«​វា​ជា​រឿង​ដ៏​ល្អ ដែល Atuheire Kimson និង​ Amir Gurbani បាន​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ព្រោះ​នេះជា​មោទនភាព​របស់​​ក្រុម​យើង។ ​គ្រប់​កីឡាករ​របស់​យើង​ទាំង​អស់ មិន​ថា​បរទេស ឬ​កីឡាករ​ក្នុង​ស្រុក គឺ​ឲ្យ​តែ​បាន​ជាប់​ជា​ជម្រើស​ជាតិ វា​ជា​មោទនភាព​របស់​ក្លិប​យើង ព្រោះ​កាល​ណា​ពួក​គាត់​ជាប់​ជម្រើសជាតិ នឹង​បាន​ប្រាក់​ខែ​ខ្ពស់ ហើយ​បច្ចេកទេស​លេង​របស់​ពួក​គាត់ ក៏​នឹង​កាន់​តែ​រីក​ចម្រើន​ផង​ដែរ»។

ក្រៅ​ពី​ការ​កោះ​ហៅ​ឲ្យ​ចូល​ក្នុង​ក្រុម​ជម្រើសជាតិ​របស់ Atuheire Kimson និង​ Amir Gurbani ​គឺ​កីឡាករ​ក្នុងស្រុក​ចំនួន ៤ ​នាក់​ទៀត​របស់​ក្រុម​ណាហ្គាវើល មាន គួច សុកុម្ភ, គួច ដានី, សុះ ស៊ូហាណា និង​អ្នក​ចាំទី ស៊ូ យ៉ាទី ក៏​បាន​ជាប់​ក្នុង​​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ ដែល​ពួក​គេ នឹង​ត្រូវ​បង្ហាញ​ខ្លួន ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ហុងកុង​នៅ​ពហុកីឡដ្ឋាន​ជាតិ ​ល្ងាចម៉ោង ៦:៣០ ថ្ងៃ​ព្រហស្បតិ៍​នេះ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​ម្ចាស់​ជើង​ឯក​ឆ្នាំ ​២០១៨ ​ណាហ្គាវើល បាន​ទទួល​ស្គាល់​ពី​ការ​បរាជ័យ​​របស់​ខ្លួន​ក្នុង​ការ​ការពារ​តំណែង​ជើងឯក​ក្នុង​លីក​កំពូល​កម្ពុជា​ប្រចាំ​ឆ្នាំ ​២០១៩ នេះ​ហើយ ព្រោះ​តាម​ការ​ប្រកួត​ ​២១ ​លើក​កន្លង​មក​នេះ ក្រុម​ណាហ្គាវើល​បាន​ធ្លាក់​ចេញ​ពី​លេខ​រៀង​ទី ​១ និង ​២ មក​ឈរ​នៅលេខ ​៣ ដោយ​មាន​ត្រឹម ​៤៤ ​ពិន្ទុ តិច​ជាង​ក្រុមលេខ ​២ វិសាខា មាន ​៤៧ ពិន្ទុ និង​ក្រុមឈរ​នៅ​លេខ ​១ ព្រះខ័នរាជ​ស្វាយរៀង មាន ​៥៥ ពិន្ទុ។

ជុំវិញ​បញ្ហា​នេះ លោក មាស ចាន់ណា បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ ​«យើង​​លែង​មាន​សង្ឃឹម​ក្នុង​ការ​ប្រជែង​យក​លេខ ​១ ទៀត​ហើយ គឺ​យើង​នៅ​សល់​ត្រឹម​ឱកាស​​ប្រជែង​យក​លេខ ​២ ឬ​លេខ ​៣ ប៉ុណ្ណោះ។ យើង​នៅ​សល់​ត្រឹម​គោលដៅ​ប្រជែង​យក​លេខ ​២ ប៉ុន្តែ​វា​ក៏​ស្ថិត​នៅ​ក្នុង​ការ​ពិបាក​ផង​ដែរ ព្រោះ​ពេល​នេះ​កីឡាករ​របស់​យើង​របួស​​ច្រើន ហើយ​កីឡាករ​ចាស់ៗ​មាន​បទពិសោធ ដែល​ជា​អ្នក​នាំ​លេង​នោះ ក៏​នៅ​សល់​មិន​ច្រើន​ដែរ»។

គួរ​បញ្ជាក់​ថា សម្រាប់ ​៥ ​ប្រកួត ចុង​ក្រោយ ណាហ្គាវើល នៅ​ប្រឈម​ការ​ប្រកួត​ដ៏​តានតឹង​​ចំនួន ​៣ ​លើក​ទៀត គឺ​ពេល​ពួក​គេ​ត្រូវ​ជួប​​ក្រុម​កំពុង​ឈរ​នៅ​លេខ ​៥ បឹងកេត ក្រុម​វិសាខា និងក្រុម​ខ្លាំង​ព្រះខ័នរាជ​ស្វាយរៀង ដែល​សុទ្ធ​តែ​​ពិបាក​ក្នុង​ការ​ប្រជែង​រក ​៣ ពិន្ទុ ខណៈ ​២ ​ប្រកួត​ទៀត ពួក​គេ​ត្រូវ​ប៉ះ​ក្រុម​ខេត្ត​កំពង់ចាម និង​សាលា​កីឡា​បាល់ទាត់​ជាតិ​បាទី ដែល​ណាហ្គា​មិន បារម្ភ​ពី​ការ​ចាញ់​នោះ​ទេ៕