ក្រុង​ឡុងដ៍​: ក្រុម​កីឡាករ​ឆ្នើម​ៗ​​របស់​ក្រុម​ហង្សក្រហម Liverpool រួម​ខ្សែ​ការ​ពារ Virgil Van Dijk ផងដែរ បាន​នាំ​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​ដល់​កីឡាករ Neco Williams ក្រោយ​ខ្សែ​ការ​ពារ​វ័យ​ក្មេង​រូប​នេះ ទទួល​បាន​ការ​រិះ​គន់​​​ធ្ងន់​ៗ​​តាម​បណ្ដាញ​សង្គម​ពី​សំណាក់អ្នក​គាំ​ទ្រ​មួយ​ចំនួន​។​

កីឡាករ​ Williams ត្រូវ​បាន​គេ​ប្រើ​ពាក្យ​តិះ​ដៀល​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោយ​ពីរូប​គេ​ភ្លាត់​របូត​បាល់ ធ្វើ​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Lincoln City មាន​ឱកាស​ស៊ុត​គ្រាប់​ទី១ អំឡុង​ការ​ប្រកួត​ជុំ​ទី៣ ពាន League Cup ដែល​ពេល​នោះ Liverpool ឈ្នះ​ដល់​ទៅ​ ៧-២ កាល​ពី​សប្ដាហ៍​មុន​។

អត្ត​ពលិក​បាល់​ទាត់​អន្តរជាតិ​វេលល៍​វ័យ ១៩​ ឆ្នាំ ក្រោយ​មិន​អាច​ទ្រាំ​ទ្រ​នឹង​ពាក្យ​សំដី​អសុរោះ​ហ្នឹង​បាន ក៏​បញ្ឈប់​ការ​លេង​គណនី Twitter ផ្លូវ​ការ​របស់​ខ្លួន តែ​ជំនួយ​ការ​របស់​ក្រុម Liverpool លោក​​ Pep Lijnders កាល​ពី​ថ្ងៃ​ពុធ បាន​និយាយ​ថា Williams ដឹង​ពី​ការ​ផ្ដល់​កម្លាំង​ចិត្ត​ពី​មិត្ត​រួម​ក្រុម រួម​មាន Van Dijk និង Trent Alexander-Arnold​។

និយាយ​នៅ​មុន ការ​ប្រកួត​ពាន​ League Cup ជុំ​ទី​៤ ទល់​នឹង​ក្រុម Arsenal នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Lijnders បាន​ប្រាប់​ថា​៖ «​វា​មិន​មែន​ជា​កិច្ច​ការ​របស់​ខ្ញុំ ដែល​ត្រូវ​មក​ធ្វើ​ការ​បញ្ចេញ​ការ​យល់​ឃើញ​លើ​បណ្ដាញ​សង្គម​នោះ​ទេ​។ រឿង​តែ​ ១ ដែល​ខ្ញុំ​អាច​និយាយ​បាន គឺ​ការ​ប្រើ​ពាក្យ​សំដី​មិន​សម​រម្យ​ហ្នឹង គឺ​ខុស​ មិន​ថា​តាម​រយៈ​បណ្ដាញ​សង្គម ឬ​នៅ​តាម​ដង​ផ្លូវឡើយ។ មួយ​វិញ​ទៀត​ អ្នក​មិន​មែន​ជា​អ្នក​គាំទ្រ​ក្រុម Liverpool ទេ ប្រសិនបើ​អ្នក​មិន​បាន​ធ្វើ​ការ​លើក​ទឹក​ចិត្ត​»​។

លោក Lijnders បាន​បន្ត​ថា​៖ «Trent (Alexander-Arnold) បាន​និយាយ​ជាមួយ​គេ (Williams)​។ Van Dijk បាន​និយាយ​ជាមួយ​គេ។ Robbo (Andrew Robertson) បាន​និយាយ​ជាមួយ​គេ ដូច្នេះ មិន​មែន​មាន​តែ​លោក Jurgen Klopp ឬ​ខ្ញុំ​ប៉ុណ្ណោះ​ទេ។ នេះ​បាន​បង្ហាញ​ថា ពួក​យើង​បារម្ភ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះគ្នា​កម្រិត​ណា ហើយ​នោះ​ជា​អ្វី ដែល​ធ្វើ​ឱ្យ​ពួក​យើង​មាន​ភាព​ខុស​ប្លែក»​។​​​

លោក​ជំនួយ​ការ​រូប​នេះ បន្ថែម​ទៀត​ថា​៖ «​Williams គឺ​ជា​អ្នក​ធ្វើ ហើយ​អ្នក​ធ្វើ​ តែង​មាន​កំហុស។ ការ​ប្រកួត​របស់​យើង ត្រូវ​ពឹង​លើ​គ្រប់​គ្នា ប្រចាំ​តំណែងនីមួយ​ៗ។ មេរៀន​សំខាន់​បំផុត​​មួយ សម្រាប់​កីឡាករ​ក្មេង​ៗ ដែល​ត្រូវ​ជួប​ប្រទះ គឺ​ថា​ ត្រូវ​ទប់​ទល់​យ៉ាង​ម៉េច​នឹង​ពាក្យ​សំដី​របស់​អ្នក​ដទៃ មិន​ថា​ ជា​ពាក្យសរសើរ ឬ​គាំទ្រ​ឡើយ​។ និយាយ​ដោយ​ស្មោះ​ ខ្ញុំ​គិត​ថា គេ​ពិត​ជា​ដោះ​ស្រាយ​ជាមួយ​នឹង​ស្ថាន​ភាព​នេះបាន​ល្អ​»​៕ AFP/VN