ទីក្រុងលីយ៉ុង៖ ក្រុមអ្នកគាំទ្រក្លិប Lyon និងកីឡាករបានប៉ះទង្គិចគ្នា ក្រោយពីបញ្ចប់ការប្រកួតបន្ទាប់ពីប្រធានក្រុម Memphis Depay ជួយឲ្យក្លិប បារាំងមួយនេះតាមស្មើ និងឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ពីថ្ងៃអង្គារបន្ទាប់ពីប្រកួតស្មើគ្នានឹងក្រុមអាល្លឺម៉ង់ RB Leipzig ២-២។
កីឡាករ Emil Forsberg និង Timo Werner រកបានម្នាក់ ១ គ្រាប់ ពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រដូចគ្នា សម្រាប់ក្រុម Leipzig មុនពេលកីឡាករ Houssem Aour និង Depay បានស៊ុតបញ្ចូលទីនៅតង់ទី ២ សម្រាប់ក្រុម Lyon ធ្វើឲ្យពួកគេបានឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៅពេលក្រុម Zenit បានចាញ់ក្រុម Benfica ៣-០ នៅក្នុងពូល G។
នៅចុងបញ្ចប់នៃការប្រកួត អ្នកគាំទ្រក្លិប Lyon មួយចំនួនបានប៉ះទង្គិចគ្នាជាមួយកីឡាកររបស់ខ្លួននៅលើទីលានប្រកួតនៅពេលអ្នកគាំទ្រម្នាក់បានកាន់ទង់ជាតិស្រែកប្រាប់ខ្សែការពារ Marcelo ឲ្យចាកចេញពីក្លិបនេះ។
កីឡាករ Depay បានដើរទៅជិតអ្នកកាន់បដានោះ ហើយអ្នកគាំទ្របានក្រោកចេញពីកៅអី ខណៈមិត្តរួមក្រុមរបស់ខ្សែប្រយុទ្ធហូឡង់រូបនេះបានព័ទ្ធជុំវិញរូបគេ។
កីឡាករប្រេស៊ីល Marcelo មានទំនាក់ទំនងមិនសូវល្អជាមួយក្រុមអ្នកគាំទ្រក្លិប Lyon ក្រោយពីមានបញ្ហាកើតឡើងយ៉ាងខ្លាំងនៅព្រលានយន្តហោះ Lisbon បន្ទាប់ពីរងបរាជ័យចំពោះក្រុម Benfica កាលពីខែតុលា។
អ្នកចាំទី Anthony Lopes បានប្រាប់ RMC Sport ថា៖ «ខ្ញុំមិនចាំបាច់និយាយអ្វីច្រើនទេ ចំពោះអ្វីដែលបានកើតឡើងនេះ ព្រោះយើងនឹងដោះស្រាយនៅក្នុងផ្ទៃក្នុងរបស់យើង»។
អ្នកចាំទីរូបនេះបានបន្ថែមថា៖ «បញ្ហានេះស្ថិតក្នុងដៃយើងហើយ យើងនឹងឃើញពីអ្វីដែលនឹងកើតឡើង។ យើងនឹងព្យាយាមរកដំណោះស្រាយឲ្យខាងតែបាន»៕ AFP/SN