ក្រុង​សេអ៊ូល​: កីឡាការិនី​ទ្រីយ៉ាថ្លុងកូរ៉េខាង​ត្បូង ១ រូប បាន​សម្រេច​ចិត្ត​ផ្ដាច់​ជីវិត​ខ្លួន​ឯង ក្រោយ​ពី​តស៊ូ​អត់​ទ្រាំ​អស់​ជាច្រើន​ឆ្នាំពីការ​បំពារ​បំពាន​ទាំង​រាង​កាយ និង​ពាក្យ​សម្ដី​ពី​សំណាក់​បុគ្គលិក​បង្ហាត់​ ហើយ​បន្ទាប់​ពី​ពាក្យ​បណ្ដឹង​របស់​ខ្លួន​ទៅ​មន្ត្រី​កីឡា​ ត្រូវ​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការណ៍​របស់​សារព័ត៌មាន​ជាច្រើន​។

កីឡាករិនី Choi Suk-hyeon វ័យ ២២​ ឆ្នាំ ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ព្រឹត្តិការណ៍​ក្មេង​នារី នៅ​ឯ​ការ​ប្រកួត​ប្រជែង​ជើង​ឯក​កីឡា​ទ្រីយ៉ាថ្លុង​អាស៊ី ឆ្នាំ​ ២០១៥ នា​ក្រុង​តៃប៉ិ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់នៅ​ឯ​កន្លែង​ស្នាក់​របស់​ក្រុម ក្នុង​ក្រុង​ប៊ូសាន កាល​ពី​ខែ​មុន​។ បើ​យោង​តាម​ស្គ្រីនសត (screenshot) ដែល​ត្រូវបាន​ស៊ែរ​ចែក​គ្នា​យ៉ាង​ទូលំ​ទូលាយ នៃ​សារ​សា​សង​ចុង​រវាង​នាងនឹង​ម្ដាយ​របស់​នាង​ឃើញ​ថា នាង​បាន​សុំ​ឲ្យ​ម្ដាយ​របស់​នាង​អហោសិកម្ម​ឲ្យ​អ្នក​រំលោភ​បំពាន​នាង​អស់​។​

ប្រទេស​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ​ជា​មហា​អំណាច​កីឡា​ប្រចាំ​តំបន់​មួយ ដែល​​តែង​តែ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ១០ ក្នុងតារាង​មេដាយ សម្រាប់​​ព្រឹត្តិការណ៍​អូឡាំពិកទាំង​​រដូវក្ដៅ និង​រដូវ​រងារ តែ​នៅ​ក្នុង​សង្គម ដែល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​យ់ាង​ខ្លាំង​ក្លា​រួច​ហើយ​នោះ ការ​ឈ្នះ គឺ​ស្ទើរ​តែ​ជា​អ្វី​គ្រប់​យ៉ាង នៅ​ក្នុង​សហ​គមន៍​កីឡា​របស់​ពួក​គេ ហើយ​ការ​រំលោភ​បំពាន​លើ​រាង​កាយ និង​ពាក្យ​សំដី ត្រូវ​បាន​គេ​ដឹង​ថា មាន​ខ្លាំង​ឡើង​ៗ​។

កីឡា​ការិនី Choi បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ​៤ ក្នុង​កម្មវិធី​ប្រជែង​ពាន​រង្វាន់​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៦ ប៉ុន្តែ​បរាជ័យ ក្នុង​ការ​ធ្វើ​តាម​ការ​សន្យា​ពី​មុន​របស់​នាង ដោយ​បាន​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី​ ១៤ ក្នុង​ការ​ប្រកួត​ប្រជែង​ដូច​គ្នា កាល​ពី​ឆ្នាំ​មុន​។ នា​ពេល​មួយ កីឡាការិនី​ Choi បាន​សរសេរ​ក្នុង​សៀវ​ភៅ​កំណត់​ហេតុរបស់​នាង​ថា៖ «ថ្ងៃ​នេះ មេឃ​កំពុង​ភ្លៀង ហើយ​ខ្ញុំ​រង​បរាជ័យ​យ៉ាង​អាម៉ាស់។ ខ្ញុំ​ស្រក់​ទឹក​ភ្នែក​រាល់​ថ្ងៃ​»​។

សេចក្ដី​រាយ​ការ​ជាច្រើន​ពី​បណ្ដាញ​សារ​ព័ត៌មាន​របស់​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា កីឡាការិនី Choi បាន​ធ្វើ​ការ​ថត​សម្លេង​ពី​ការ​រំលោភ​បំពាន​លើ​រាង​កាយ។ ក្នុងឯក​សារ​មួយ ដែល​ផ្សាយ​ដោយ​ស្ថានីយ​ទូរទស្សន៍​​ខ្សែ​កាប​ ​YTN បាន​បង្ហាញ​ពី​ការ​ខឹង​សម្បារបស់​គ្រូបង្វឹក​ចំពោះ​ការ​​ឡើង​ទម្ងន់​របស់​នាង ដោយមាន​ពាក្យ​និយាយ​ថា​៖ «អ្នក​ត្រូវ​តែ​មិន​បរិភោគ​អាហារ​រយៈ​ពេល ៣​ ថ្ងៃ​។ អ្នក​ត្រូវ​តែ​សន្យា​ជាមួយ​ខ្ញុំថា អ្នក​នឹង​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​»​។​ បន្ទាប់​មក គ្រូបង្វឹក​នោះ បា្រប់​នាង​ឲ្យ​ខាំ​ធ្មេញ ក្រោយមក​ក៏មាន​សូរ​សំឡេង​​ទះ​កំផ្លៀង​លាន់​ឮ​យ៉ាង​ខ្លាំង​។

កីឡា​ការិនី Choi បាន​ប្តឹង​ទៅ​គណៈ​កម្មា​ធិការ​កីឡា និង​អូឡាំ​ពិក​កូរ៉េខាងត្បូង (KSOC) កាល​ពី​ខែ​មេសា ដើម្បី​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​មួយ។ ប៉ុន្តែ​មិត្ត​របស់​នាង​​ម្នាក់ បាន​ប្រាប់​ទី​ភ្នាក់ងារ​​សារ​ព័ត៌មាន Yonhap ថា នាង បាន​ស្វែង​រក​ជំនួយ​ពី​ស្ថាប័ន​សាធារណៈ​ជា​ច្រើន តែ​គ្រប់​គ្នា មិន​អើ​ពើ នឹង​ការ​អង្វរ​របស់​នាង​ទេ។

តែ​យ៉ាង​ណា KSOC​ បាន​បដិសេធ​ចំពោះការ​លើក​ឡើង​ដែល​ថា ខ្លួន​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ប្ដឹង​របស់​នាង​នោះ ដោយ​បាន​អះអាង ក្នុង​​សេចក្ដី​​ប្រកាស​ព័ត៌មានមួយ​ថា ខ្លួន​បាន​រៀប​ចំ​បង្កើត​ឲ្យ​មាន​អ្នក​ស៊ើប​អង្កេត​ស្ត្រី ១​ក្រុម ក្រោយ​ពីទទួលបាន​​ពាក្យ​ចោទ​​ប្រកាន់​របស់​កីឡាការិនី Choi នោះ កាល​ពី​ដើម​ខែ​មេសា​ ដោយ​បាន​សន្យា​ថា នឹង​ចាត់​វិធាន​ការ​តឹង​រ៉ឹង​ប្រឆាំង​នឹង​អ្នក​ ដែល​ពាក់​ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ហេតុការណ៍​នេះ​៕