ភ្នំពេញៈ ស្ថាប័ន​ជំនាញ​ផ្នែក​កីឡា​របស់​កម្ពុជា គឺ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ២៧ ទៀត បាន​គ្រោង​ស្នើសុំ​ភ្លើង​អាទិទេព ពី​ព្រះមហាក្សត្រ ព្រះ​បាទ​នរោត្តម សីហមុនី ដើម្បី​យក​មក​ដុត​បំភ្លឺ ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២៥ ខែ​ឧសភា ដល់​ថ្ងៃ​ទី ៦ ខែ​មិថុនា ខាងមុខ។

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែង​ថា៖ «ចំពោះ​ភ្លើង​គប់​នេះ​គឺ​ឯក​ឧត្តម​បណ្ឌិត ថោង ខុន ក៏​ដូចជា សម្តេច​ឧបនាយក​ផ្សេងៗ​ទៀត លោក​បាន​ពិភាក្សា​គ្នា​ថា យើង ត្រូវសុំ​ភ្លើង​អាទិទេព ពី​ព្រះករុណា គឺ​សុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ភ្លើង ហើយ​យើង​រត់​បណ្តាក់​គ្នា​យក​ភ្លើង​នោះ​មក​ប្រគល់​ជូន​សម្តេច​តេជោ នៅ​ក្នុង​ពិធី​បើក​កីឡា​ជាតិ លើក​ទី ២ នេះ។ បន្ទាប់​មក សម្តេច​នឹង​ដុត​ភ្លើង​នោះ ពី​កន្លែង​អង្គុយ​របស់​លោក តាម​ខ្សែ​កាំជ្រួច​មួយ ហើយ​កាំជ្រួច នឹង​បាញ់​ភ្លើង​នោះ​ឆ្វាច​ទៅ​កាន់​ផើង​ដុត​ភ្លើង​គប់​របស់​យើង រួច​ឆេះ​ក្នុង​ពេល​នោះ​តែម្តង»។

លោក​បាន​បន្ថែម​ថា៖ «អ៊ីចឹង​នៅ​ក្នុង​ពិធី​បើក​កីឡា​ជាតិ លើក​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ចំណុច​ពិសេស​ជាង​គេ​ដែល​ត្រៀម​នឹង​ឆ្លង​ថ្នាក់​ដឹកនាំ គឺ​យើង​នឹង​សុំ ការ​ប្រទាន​នូវ​ភ្លើង​អាទិទេព ពី​ព្រះករុណា តែ​ចំណុច​ទាំងអស់​នេះ​យើង​កំពុង​ធ្វើ​សេចក្តី​ព្រាង​នៅ​ឡើយ ដើម្បី​ស្នើសុំ​សម្តេច​តេជោ ផ្តល់​ជា​អានុសាសន៍​ណែនាំ​បន្ថែម​នៃ​ការ​ធ្វើ​កម្មវិធី រត់​ភ្លើង​គប់ ដែល​មាន​លក្ខណសម្បត្តិ​នេះ»។

លោក ចំរើន បាន​បញ្ជាក់​ថា៖ «ប្រវត្តិ​នៃ​កីឡា​អូឡាំពិក គឺ​គេ​យក​ភ្លើង​មក​ពី​ការ​ដុត​ភ្លើង​គប់ ជា​ភ្លើង​អាទិទេព ដែល​គេ​ធ្វើ​នៅ​ប្រទេស​ក្រិក។ គេ​ធ្វើ​ពិធី​ទេវរាជ យក​ភ្លើង​អាទិទេព តាមរយៈ​ការ​ធ្វើឲ្យ​មាន​ចំណាំង​ប្លាត​ពី​ព្រះអាទិត្យ​មក ហើយ​ភ្លើង​ដែល​ទទួល​បាន​នោះ គេ​ហៅថា ភ្លើង​អាទិទេព សម្រាប់​យក​ទៅ​ដុត​នៅ​ពេល​ប្រកួត​កីឡា​អូឡាំពិក។ ដោយ​ឡែក នៅ​ស្រុក​យើង គឺ​យើង​នឹង​ធ្វើ​ឲ្យ​មាន​លំនាំ​នៅ​ក្នុង​នេះ អ៊ីចឹង​យើង​នឹង​ធ្វើ​ឲ្យ​ពិធី​បើក​របស់​យើង​នេះ មាន​​ការ​ទាក់ទាញ​ខ្លាំង កាន់​តែ​រំភើប កាន់​តែ​មាន​លក្ខណៈ​សប្បាយ​រីករាយ និង​អស្ចារ្យ ជាង​លើក​ទី ១»។

ការគ្រោង​សុំ​ភ្លើង​អាទិទេព​ពី​ព្រះមហាក្សត្រ​នេះ ត្រូវ​បាន​លោក វ៉ាត់ ចំរើន បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង NOCC ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​តំណាង​របស់​សហព័ន្ធ​កីឡា​ជាតិ​ទាំង ២៧ នៅ​ទីស្នាក់ការ​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុន ហើយ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ឯក​ភាព​ទៅ​លើ​គម្រោង​នេះ​ផងដែរ។

លោកស្រី គឹម សេដ្ឋានី បាន​ថ្លែង​ថា៖ «ទាក់ទង​នឹង​ភ្លើង​គប់​នេះ ខ្ញុំ​ឯកភាព ព្រោះ​ខ្ញុំ​ចង់​ឲ្យ​មាន​រូបភាព​ប្លែក ហើយ​យើង​ក៏​ចង់​យក​តួនាទី និង​តម្លៃ​ព្រះមហាក្សត្រ មក​ផ្សារ​ភ្ជាប់​ជាមួយ​វិស័យ​កីឡា​របស់​យើង​ដែរ ប៉ុន្តែ​ខ្ញុំ​ស្នើសុំ​ឲ្យ​ធ្វើ​កម្មវិធី​បើក និង​បិទ​ឲ្យ​បាន​លម្អិត ដើម្បី​សុំ​ឲ្យ​មាន ការ​ឯកភាព​ពី​សម្តេច​ជាមុន​សិន ទើប​យើង​អាច​ធ្វើ​លិខិត​ទៅ​ព្រះបរម​រាជវាំង ដើម្បី​សុំ​កិច្ច​សហការ​លើ​ការងារ​នេះ»។

គួរ​បញ្ជាក់ថា ការ​ប្រកួត​កីឡា​ជាតិ ត្រូវ​បាន​កំណត់​រៀបចំ​ឡើង​ក្នុង​រយៈពេល ២ ឆ្នាំ​ម្តង ហើយ គោល​បំណង​ធំ​នៃ​ការ​ប្រកួត​នេះ គឺ​ដើម្បី​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ទាំង​អត្តពលិក គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស នៅ​តាម​សហព័ន្ធ​នីមួយៗ និង​អ្នក​ពាក់ព័ន្ធ ឲ្យ​មាន​បទពិសោធ ដើម្បី​ត្រៀម​ទៅ​កាន់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ៣២ ឆ្នាំ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ ខណៈ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី ២ នេះ មាន ២៧ ប្រភេទ​កីឡា ត្រូវ​ចូលរួម​ប្រកួត និង​ត្រូវ​ចំណាយ​ថវិកា​ជាតិ​ប្រមាណ ៦០០០ លាន​រៀល (ស្មើ​នឹង ១៥០ ម៉ឺន​ដុល្លារ​អាមេរិក)៕