ភ្នំពេញៈ សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sport) បាន​ចាប់ផ្ដើម​ពង្រីក​ការគ្រប់គ្រង និង​ទទួល​ចុះឈ្មោះ​ក្លិប​ជា​សមាជិក​ផ្លូវការ​ស្រប​តាម​ច្បាប់​កីឡា​សហព័ន្ធ​ជាតិ​ ខណៈ​កន្លងមក​សហព័ន្ធ​កីឡា​ប្រភេទ​នេះ​គឺ​លេង​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​មាន​ការគ្រប់គ្រង​ដោយ​ប្រយោល​។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​ ៤ ខែ​ឧសភា ឆ្នាំ​ ២០១៩ លោក​ លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​បាន​អញ្ជើញ​ទៅ​ប្រារព្ធ​ពិធី​ទទួល​ស្គាល់​ក្លិប MCT E-Sport តាម​លក្ខណៈ​ស្តង់ដារ​ និង​បាន​បំពេញ​តាម​លក្ខខណ្ឌ​ល្អ​ជាងគេ​ដើម្បី​ឲ្យ​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ​ដំបូង​គេ​ក្នុង​សហព័ន្ធ​។

នៅក្នុង​ពិធី​នោះ​លោក លន់ សាមឌី បាន​ថ្លែង​ថា​ក្លិប MCT E-Spor បាន​បំពេញ​តាម​លក្ខខណ្ឌ​គ្រប់គ្រាន់​មាន​សក្តានុពល​ និង​មាន​កីឡាករ​ឆ្នើមៗ​ដែល​គេ​ជឿ​ទុក​ចិត្ត​ថា មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការចេញ​ទៅ​ប្រកួត​ខ្នាត​អន្តរជាតិ​។

លោក​បាន​បន្ត​ថា​នៅ​មាន​ក្លិប​ចំនួន​ ៥​ ទៀត​ដែល​កំពុង​តែ​បំពេញ​លក្ខខណ្ឌ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​ជា​បន្តបន្ទាប់​។

ការពង្រីក​គោលការណ៍​ច្បាប់ ឬ​ការគ្រប់គ្រង​នេះ​គឺ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​វិស័យ​កីឡា​ទំនើប​មួយ​នេះ​ឲ្យ​កាន់តែ​រីកចម្រើន​ និង​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​រួម​ទាំង​ថ្នាល​សម្រាប់​ការចូលរួម​ប្រកួត​ថ្នាក់ជាតិ និង​លើ​ឆាក​អន្ដរជាតិ​ជាពិសេស​គឺ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គែម​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០២៣ ខាង​មុខ​។

លោក​បញ្ជាក់​ថា​៖ «​ថ្ងៃ​នេះ​យើង​បាន​អនុម័ត​ទទួល​ស្គាល់​ក្លិប MCT E-Sport ជា​សមាជិក​របស់​យើង​បន្ទាប់ពី​យើង​មើល​ឃើញ​ការអភិវឌ្ឍ​វិស័យ​កីឡា E-Sport កម្ពុជា​មាន​ការរីកចម្រើន​ខ្លាំង​ក្នុង​កម្រិត​ថ្នាក់​តំបន់​។ ជាមួយ​គ្នា​នេះ​យើង​ត្រូវការ​ការអភិវឌ្ឍ​ធនធាន និង​ថ្នាល​បណ្ដុះបណ្ដាល​ច្រើន​ដើម្បី​ចូលរួម​ការប្រកួត​ផ្សេងៗ​ព្រោះ​បច្ចុប្បន្ន​នេះ​កីឡា E-Sport ត្រូវ​បាន​ដាក់​ទៅ​ជា​កីឡា​កម្រិត​តំបន់​ដូចជា​ស៊ីហ្គេម​មាន​កម្រិត​នាំ​មុខ​គេ ហើយ​យើង​សង្ឃឹម​ថា ក្លិប MCT នឹង​ក្លាយ​ជា​ផ្នែក​មួយ​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​ការហ្វឹកហាត់​តាមរបៀប​វារៈ​ជាមួយ​សហព័ន្ធ​» ។

លោក​អគ្គលេខាធិការ​រូបនេះ​បាន​បន្ដ​ទៀត​ថា​ក្លិប MCT ទើប​ជា​ក្លិប​ដំបូង​ប៉ុណ្ណោះ​ដែល​សហព័ន្ធ​បាន​ទទួល​ស្គាល់​ជា​សមាជិក​សហព័ន្ធ​ជាមួយ​ការចាប់ផ្ដើម​ទទួល​ចុះឈ្មោះ​ក្លិប​ជា​សមាជិក​ជា​បន្ដបន្ទាប់​ទៀត ដោយ​ពិនិត្យ​ទៅលើ​ស្ថានភាព​ជាក់ស្ដែង​របស់​ក្លិប​នីមួយៗ​ពិសេស​ត្រូវ​គោរព​ឲ្យ​បាន​ដាច់ខាត​តាម​លក្ខខណ្ឌ​របស់​សហព័ន្ធ​ឲ្យ​ស្រប​តាម​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ស្របតាម​គោលការណ៍​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ដែល​ក្នុង​នោះ​មាន​បម្រាម​ដូចជា កីឡាករ​មិន​ត្រូវ​ជក់បារី ឬ​ប្រើប្រាស់​គ្រឿងញៀន និង​ការជួញដូរ​ផ្លូវភេទ​ព្រម​ទាំង​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ប៉ះពាល់​សង្គម​ជាដើម​។

ទន្ទឹម​នេះ​ដែរ​លោក​ក៏​បាន​ជំរុញ និង​លើក​ទឹកចិត្ត​ក្លិប​ខាង​លើ​បន្ដ​រៀបចំ​សកម្មភាព និង​ការប្រកួត​ផ្សេងៗ​ដើម្បី​ចម្រាញ់​បាន​នូវ​ធនធាន​កីឡាករ​ឆ្នើមៗ​៕