ភ្នំពេញ៖ ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ចិត្ត​ធំ​តម្លៃ​ខ្លួន​​ខ្ពស់​ជាង​គេ ​នៅ​កម្ពុជា​នៃ​ក្លិប​ប្រដាល់​ខេត្ត​បាត់ដំបង​ កែវ​ រំចង់​ ​នឹង​ចាក​ចេញ​ពី​មាតុ​ភូមិ​ ​ទៅ​ប្រទេស ​ថៃ​ នៅ​ថ្ងៃទី ២០​ ខែ​វិច្ឆិកា​ រួច​ទើប​បន្ត​ហោះ​បោះ​ពួយ​ទៅ​​ប្រទេស បារាំង​ ដើម្បី​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Muay Thai Grand Prix ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​​ជិត​ទីក្រុង​ប៉ារីស​នា​ថ្ងៃទី ​២៤ ខែវិច្ឆិកា​។​

កីឡាករ ​កែវ ​រំចង់ ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​​ថា​៖ «​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​នឹង​ជិះ​យន្តហោះ​នៅ​​ប្រទេស ​ថៃ ​រួច​បន្ត​​ចេញ​ទៅ​បារាំង​តែ​ម្ដង​ ដើម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ​ថ្ងៃទី ​២៤​ ខែ ​វិច្ឆិកា​ ២០១៩​ នៅ​ឯ​ទីក្រុង​ប៉ារីស​ ក្នុង​កម្មវិធី​ Muay Thai Grand Prix ​ជាមួយ​កីឡាករ​បារាំង​ Omar Shamb»​។

កែវ ​រំចង់​ បាន​បន្ថែម​ថា​៖ «​ការ​ចេញ​ទៅ​ប្រកួត​លើក​នេះ ​មិន​ទាន់​អាច​ស្ទង់​ស្ទាប​ពី​លទ្ធផល​បែប​ណា​នោះ​ទេ​ ​ព្រោះ​ប្រវត្តិ​ប្រកួត​ក៏​ដូច​សមត្ថភាព​ក្បាច់​គុន​របស់​ Omar Shamb ​គឺ​ខ្ញុំ​មិន​ដែល​ស្គាល់ ​ហើយ​ក៏​គ្មាន​ប្រភព​ណា​ប្រាប់​នៅ​ឡើយ​ថា ​សមត្ថភាព​ជំនាញ​ផ្នែក​កណ្តាប់​ដៃ ​ឬ​ទាត់​នោះ​ឡើយ​»។

កីឡាករ ​កែវ ​រំចង់ ​​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​តែ​ម្នាក់​ឯង​ជាមួយ​លោក​ Matias Andres​ ដែល​ជា​ក្រុម​ការងារ​របស់​ The Riel Team Promotions​ ដោយ​​ទទួល​បាន​​តម្លៃ​ខ្លួន​ប្រកួត​ចំនួន ​២ ​០០០ ​អឺរ៉ូ​ ព្រម​ទាំង​​​មាន​ការ​រ៉ាប់​រង​ទាំង​ស្រុង​លើ​ការ​ហូប​ចុក​ស្នាក់​នៅ​ និង​​សំបុត្រ​យន្តហោះ​ផង​ដែរ​។​

តាមរយៈ​ប្រវត្តិ​ប្រកួត ​កែវ​ រំចង់​ ធ្លាប់​ប្រកួត​ចុះ​ក្នុង​បញ្ជី​បាន ​១៦៥​ ឈ្នះ ​១៤៩​ ​ចាញ់ ​១២ ​​ស្មើ ​៤​ ​ហើយ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​៤ ​ស្ថាប័ន​។​ កែវ ​រំចង់ ​មាន​លក្ខណ​ពិសេស​ជាង​កីឡាករ​កម្ពុជា​ផ្សេង​ទៀត ​ដោយ​ប្រកួត​មិន​ចេះ​បន្ធូរ​ដៃ​ឲ្យ​ដៃ​គូ​ម្តង​ណា​ទេ​ មិន​តែ​ប៉ុណ្ណោះ​មាន​គោល​ការណ៍​ប្រកួត​ច្បាស់​លាស់​ ក្នុង​ការ​ថែ​ទាំ​សុខភាព ​១ ​ខែ ​ប្រកួត​តែ ​១ លើក​ ​និង​ទាមទារ​តម្លៃ​ប្រកួត​ចាប់​ពី ​១ ​០០០ ​ដុល្លារ​ឡើង​ទៅ​។ ​បន្ថែម​ពី​លើ​នេះ​ ​រំចង់​ បាន​ប្រកាស​ជា​រឿយ​ថា​ សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​វិញ ​តម្លៃ​ខ្លួន​ចាប់​ពី ​២ ​០០០ ​ដុល្លារ​ឡើង​ទៅ​ ទើប​ទទួល​ការ​ប្រកួត​នោះ​។​

លោក ​ជួន ​សំណាង​ គ្រូ​បង្វឹក​គ្រប់គ្រង​កីឡាករ​ក្នុង​សមាគម​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា​៖ «​កែវ ​រំចង់ ​ទទួល​បាន​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​រួច​ហើយ​ ប៉ុន្តែ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​កម្មវិធី​ Muay Thai Grand Prix ​នេះ​ ជា​លក្ខណៈ​ឯកជន ​និង​មាន​លិខិត​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​តាឯក​ អធិការ​ក្រុង​បាត់ដំបង ​និង​លិខិត​បញ្ជាក់​ប្រវត្តិរូប​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផង​ដែរ​។​

ទោះ​ជា​យ៉ាង​ណា ​កែវ ​រំចង់​ បាន​អះអាង​ថា​ ការ​ចាក​ចេញ​ទៅ​ប្រកួត​នេះ​ បាន​សុំ​គោលការណ៍​ពី​ស្ថាប័ន​គ្រប់គ្រង​កីឡា​រួច​ហើយ​ តែ​មិន​អាច​បង្ហាញ​ឯកសារ​បាន​ទេ ​ខណៈ​ដែល​ឯកសារ​ទិដ្ឋាការ​ត្រូវ​បាន រំចង់ ប្រាប់​ថា ​ទទួល​បាន​រួច​ហើយ​ដែរ​។​

លោក ​តែម ​ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​​បាន​ប្រាប់​ថា​៖ «​សហព័ន្ធ​គាំទ្រ​ និង​លើក​ទឹក​ចិត្ត ​ព្រម​ទាំង​ជួយ​ខិតខំ​បំពេញ​ឯកសារ​ផ្លូវ​ការ ​និង​ផ្តល់​នូវ​ការ​អប់រំ​អំពី​ច្បាប់​លក្ខខណ្ឌ​ដោយ​មិន​គិត​កម្រៃ ​ដើម្បី​ឲ្យ​ការ​ចេញ​ទៅ​ប្រកួត​ទទួល​បាន​លទ្ធផល​ល្អ​។ ​មិន​តែ​ប៉ុណ្ណោះ​បាន​​ក្រើន​​រំឭក​ដល់​កីឡាករ ​ដែល​ចាកចេញ​ទៅ​ប្រកួត ​មិន​ត្រូវ​ចេញ​ទៅ​ជា​លក្ខណៈ​ឯកជន ​ដោយ​គ្មាន​ច្បាប់ ​ឬ​ឯកសារ​ទទួល​ស្គាល់​ពី​ស្ថាប័ន​គ្រប់គ្រង​នោះ​ឡើយ​»។​

នៅ​ក្នុង​អំឡុង​ឆ្នាំ ​២០១៩ ​នេះ កីឡាករ​កម្ពុជា​​​ល្បីៗ​មួយ​ចំនួន​បាន​​ស្វែងរក​ទីផ្សារ​ប្រកួត​ក្រៅ​ប្រទេស ​ទៅ​តាម​ក្រុមហ៊ុន​ឯកជន ​ឬ​អ្នក​រៀបចំ​ដឹកនាំ​ផ្សេងៗ​ពី​គ្នា​ ​ដើម្បី​រក​ប្រាក់​ចំណូល​ពី​តម្លៃ​ខ្លួន​​។ ​ជាមួយ​គ្នា​នេះ​ទីផ្សារ​ប្រកួត​ច្រើន ​គឺ​នៅ​​ថៃ​ ដែល​គេ​សង្កេត​ឃើញ​វត្តមាន​កីឡាករ​ខ្មែរ​ប្រកួត​នៅ​រាល់​ចុង​សប្តាហ៍ ក្នុង​កម្មវិធី Supper Cham ​ដោយ​មាន​ការ​​ផ្សាយ​ផ្ទាល់​ពី​ប៉ុស្តិ៍​លេខ​ ៨ ​ថៃ​ នៅ​ក្រុង​បាងកក​ និង​​ប៉ុស្តិ៍​លេខ ​៣១​ នៅ​ក្រុង​ផាតាយ៉ា ​ខណៈ​ដែល​ក្នុង ​១ សប្តាហ៍ ​កីឡាករ​កម្ពុជា​ចាកចេញ​ពី ​៤ ​ទៅ ​១០ ​នាក់៕