ភ្នំពេញ: កែវ រំចង់ នឹងវិលទៅកាន់ការប្រកួតវិញនៅសង្វៀនប្រដាល់ប៉ុស្តិ៍បាយ័ន នៅថ្ងៃសៅរ៍ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៨ សប្តាហ៍នេះ ក្រោយពីឃ្លាតពីសង្វៀនប្រដាល់ជាងមួយឆ្នាំ។
ការបង្ហាញខ្លួន និងវត្តមានលើសង្វៀនរបស់កែវ រំចង់ ពេលនេះគឺប្រកួតក្នុងទម្ងន់ ៧៥ គីឡូក្រាម ជាមួយនឹងកីឡាករថៃ Takun Singha ខណៈតម្លៃខ្លួនប្រកួតមួយលើកៗច្រើនជាងមុនផងដែរ។
លោកកែវ សំអាង គ្រូបង្វឹក និងជាឪពុកបង្កើត បាននិយាយថា៖ «ការបាត់មុខមួយរយៈជាងមួយឆ្នាំនេះ ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យសុខភាពកែវ រំចង់ មានបញ្ហាមិនអាចឡើងប្រកួតបាន»។
លោកកែវ សំអាង បានបន្តថា៖ «ការវិលទៅកាន់សង្វៀនប្រកួតជាថ្មីនេះគឺក្នុងទម្ងន់ ៧៥ គីឡូក្រាម ដោយសង្ឃឹមថា ប្រិយមិត្ត នឹងគាំទ្រនៅតែច្រើនដូចមុន។ ខ្ញុំសូមប្រកាសថា កែវ រំចង់ មិនដែលរើសអើង ឬឆ្មើងឆ្មៃវាយ ឬប្រកាន់សង្វៀននេះសង្វៀននោះទេ ប៉ុន្តែអ្វីៗគឺអាស្រ័យទៅលើអ្នកគ្រប់គ្រងរបស់គេជាអ្នករៀបចំឲ្យតែប៉ុណ្ណោះ»។
លោកបានបញ្ជាក់ថា៖ «ទោះជាកែវ រំចង់ អវត្តមានមិនបានប្រកួតជាងមួយឆ្នាំក៏ដោយ ប៉ុន្តែលោកនាង ស៊ីវុត្ថា នាយកគ្រប់គ្រងកម្មវិធីប្រកួតប្រចាំសង្វៀនប្រដាល់បាយ័ននៅតែផ្តល់ថវិកាជួយកែវ រំចង់ ជាប្រចាំ ហេតុនេះសម្រាប់ការចេញទៅប្រកួតនៅសង្វៀនដទៃត្រូវតែសុំការអនុញ្ញាតពីគាត់ជាមុនសិន ពីព្រោះយើងមានអ្នកគ្រប់គ្រង»។
រយៈពេលច្រើនឆ្នាំចុងក្រោយកន្លងមកនេះ កែវ រំចង់ មានវត្តមានប្រកួតផ្តាច់មុខតែនៅក្នុងសង្វៀនបាយ័នមួយគត់ ខណៈដែលសង្វៀនដទៃដែលចង់បានកែវ រំចង់ ទៅប្រកួតនោះមិនត្រូវបានអនុញ្ញាតទេ ដោយភាគច្រើនគេប្រើឈ្មោះលោកនាង ស៊ីវុត្ថា ជាអ្នកគ្រប់គ្រងពីលើ តាមរយៈការប្រើប្រាស់មធ្យោបាយផ្តល់ប្រាក់ខែជាប្រចាំឲ្យកែវ រំចង់ កុំឲ្យទៅប្រកួតសង្វៀនដទៃ។ កែវ រំចង់ មានប្រវត្តិប្រកួតទាក់ទាញ និងមានប្រជាប្រិយបំផុត ក្នុងកំណត់ត្រាប្រកួតបានចំនួន ១៣២ លើក ឈ្នះ ១២០ លើក ចាញ់តែ ១២ លើក ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់រាប់ភ្លេច។
កែវ រំចង់ បាននិយាយថា៖ «តម្លៃប្រកួតរបស់ខ្ញុំពីមុនមួយលើកបាន ៥០០ ដុល្លារ ហើយការវិលមកកាន់សង្វៀនជាថ្មីនេះ ខ្ញុំទទួលបាន ៨០០ ដុល្លារហើយក្នុងមួយប្រកួត»។ ចំពោះការវិលមកកាន់សង្វៀនជាថ្មីក្នុងទម្ងន់ធ្ងន់នេះ កែវ រំចង់ បានប្រាប់ថា៖ «ខ្ញុំលំបាករកដៃគូប្រកួតណាស់ ហេតុនេះនៅថ្ងៃខាងមុខ ខ្ញុំនឹងហ្វឹកហាត់ឲ្យខ្លាំងបញ្ចុះទម្ងន់មកត្រឹមចន្លោះពី ៦៩ ទៅ ៧២ គីឡូក្រាម ទើបសម្បូរដៃគូប្រកួត»។
កែវ រំចង់ បាននិយាយថា៖ «នៅសប្តាហ៍នេះ ខ្ញុំត្រូវប៉ះជាមួយកីឡាករថៃ Takun Singha ដែលជាគូសងសឹក ខណៈដែលលើកមុន (ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៦) ខ្ញុំធ្លាប់ផ្តួលគេឲ្យចុះចាញ់ត្រឹមទឹកទី ២ ប៉ុន្តែប្រកួតលើកនេះមិនទាន់ហ៊ានអះអាងទេ តែធានាវាយអស់ពីសមត្ថភាព។ កែវ រំចង់ បានបន្ថែមថា៖« កីឡាករថៃ Takun Singha នេះមិនស្រួលយកឈ្នះទេ ប៉ុន្តែយ៉ាងណានៅលើសង្វៀន ខ្ញុំប្តេជ្ញាថា មិនចង់ឮពាក្យចាញ់នោះឡើយ»។
កីឡាករល្បីៗនៅព្រះរាជាណាចក្រកម្ពុជាដែលខ្លាំង និងល្បីៗជាច្រើនដូចជា ឃីម ឌីម៉ា, រឿង សោភ័ណ្ឌ, ម៉ឺន សុភា និងឡុង សុភី ជាដើមមានតម្លៃខ្លួនប្រកួតមួយលើកចាប់ពី ៤៥០ ទៅ ៥០០ ដុល្លារប៉ុណ្ណោះ៕